មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ដែលបានបិទបញ្ចប់កាលពីថ្ងៃទី២៧ កញ្ញា បានបន្សល់ទុកនូវរឿងរ៉ាវជាច្រើនដែលមិនអាចដោះស្រាយបាន។
សំណុំរឿងមហាអំណាចរុស្ស៊ី លើកទ័ពឈ្លានពានអ៊ុយក្រែន បានក្លាយជាផ្ទាំងស៊ីបរបស់មេដឹកនាំបស្ចិមប្រទេស និងមេដឹកនាំនៃប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ មេដឹកនាំប្រទេសទាំងនោះបានឡើងវាយប្រហារប្រទេសមហាអំណាចរុស្ស៊ី និងចិន ជាពិសេសប្រទេសរុស្ស៊ី ដែលបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរទៅលើពលរដ្ឋអ៊ុយក្រែន។
គេនៅចាំបានថា នៅពេលមេដឹកនាំចិន និងរុស្ស៊ីជួបគ្នានៅក្នុងប្រទេសអ៊ូបេគីស្ថាន នៅក្រៅវេទិកានៃកិច្ចសហប្រតិបត្តិការសៀងហៃ ពេលនោះ លោក វ៉្លាឌីមៀរ ពូទីន និងលោក ស៊ី ជីនពីង បានវាយប្រហារសហរដ្ឋអាមេរិក និងពួកបស្ចិមប្រទេស ដោយចោទថាជាប្រទេសដែលបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោក ហើយជាប្រទេសរុញឲ្យមានអសន្តិសុខជាច្រើននៅលើពិភពលោក។
ដើមឡើយ លោក ស៊ី ជីនពីង បានហៅសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ថាបណ្តាលមកពីសហរដ្ឋអាមេរិក និងអង្គការណាតូ គំរាមអធិបតេយ្យភាពរុស្ស៊ី ហើយចិនបានទាមទារឲ្យណាតូ និងអាមេរិកបន្ថយការគំរាមកំហែងទៅលើរុស្ស៊ី។
តែទីបំផុត រុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែនមកដល់សព្វថ្ងៃនេះ គឺក្រោមលេសថា ពួកណាតូគំរាមសន្តិសុខរបស់រុស្ស៊ីដល់មាត់ផ្ទះរបស់រុស្ស៊ី ដោយសារតែចង់ស្ទូចយកអ៊ុយក្រែនជាសមាជិកណាតូ។ បន្ថែមលើនេះ លោក ពូទីន បើកប្រតិបត្តិការសឹកលុកលុយអ៊ុយក្រែនក្រោមហេតុផលមួយដែលទីក្រុងមូស្គូ ចោទកងទ័ពអ៊ុយក្រែន ថាកងទ័ពរបស់ប្រទេសនេះប្រកាន់របបណាហ្ស៊ីនិយម គឺសម្លាប់ជាតិសាសន៍រុស្ស៊ី។
នៅពេលដែលសង្គ្រាមអូសបន្លាយមកដល់ពេលនេះមានរយៈពេលជាង ២៣០ថ្ងៃ ពិភពលោកកាន់តែមើលឃើញអំពីក្រុងមូស្គូ បំផ្លាញសណ្ដាប់ធ្នាប់ពិភពលោក ដែលមានទីក្រុងប៉េកាំងនៅពីក្រោយ។
នៅឯកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិទើបតែបិទបញ្ចប់កាលពីថ្ងៃ២៧ កញ្ញា គេសង្កេតឃើញប្រទេសមហាអំណាចពីរនេះត្រូវបានប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកថាជាប្រទេសបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោកករណីសំណុំរឿងសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។
ទាំងលោក ស៊ី ជីនពីង និងលោក ពូទីន ពុំបានទៅចូលរួមកិច្ចប្រជុំនេះទេ។ មេដឹកនាំទាំងពីរនេះបានចាត់តាំងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនឱ្យទៅប្រជុំជំនួស ដែលនាំឲ្យអ្នកសង្កេតការណ៍យល់ថា បើមេដឹកនាំពីររូបនេះដែលអះអាងថាជាប្រទេសកសាងសណ្ដាប់ធ្នាប់ពិភពលោក ចុះហេតុអ្វីបានជាមិនចូលរួមប្រជុំរបស់ស្ថាប័នពិភពលោកនេះ ហើយឡើងថ្លែងបង្ហាញឆន្ទៈរបស់ខ្លួនដែលអះអាងថា គឺជាអ្នកកសាងសណ្ដាប់ធ្នាប់ពិភពលោក បែរជាអវត្តមានទៅវិញ។
នៅពេលដែលមេដឹកនាំជាច្រើនព្រួតគ្នាវាយប្រហាររបបលោក ពូទីន នៅឯមហាសន្និបាត គេសង្កេតឃើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសចិន ស្ថិតក្នុងភាពអៀនខ្មាសយ៉ាងខ្លាំង ជាពិសេសគឺរដ្ឋមន្ត្រីការបរទេសរុស្ស៊ី។
អ្នកសង្កេតការណ៍មើលឃើញថា ដោយសារតែរបបទីក្រុងមូស្គូ បំផ្លាញសណ្ដាប់ធ្នាប់ពិភពលោកដែលទីក្រុងប៉េកាំង នៅពីក្រោយនេះ បានរុញឱ្យមេដឹកនាំយ៉ាងតិច ៣២ប្រទេសបានធ្វើញត្តិរួមគ្នាទាមទារឲ្យមានការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសគឺកាត់បន្ថយសិទ្ធិវេតូរបស់មហាអំណាច ៥ប្រទេស ដែលប្រើសិទ្ធិវេតូធ្វើឲ្យរាំងខ្ទប់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។
ប្រទេសដែលប្រើសិទ្ធិវេតូច្រើនជាងគេក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺរុស្ស៊ី និងប្រទេសចិន។ បន្ថែមលើនេះ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលតំណាងឲ្យ ២៧ប្រទេស បានទាមទារឲ្យដកបុព្វសិទ្ធិមហាអំណាចរុស្ស៊ី ចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រធានសហភាពអឺរ៉ុបរូបនោះបានថ្លែងទៀតថា មហាអំណាចមួយនេះមិនស័ក្តិសមជាប្រទេសកសាងសណ្ដាប់ធ្នាប់ពិភពលោកទៀតនោះទេ។ ចំណែកនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ហ្សេហ្គេឡារ៉ូវ មិនបានអង្គុយប្រជុំពេញម៉ោងនោះទេ គឺលោកបានដើរចេញពីកិច្ចប្រជុំជាបន្ទាន់ នៅពេលដែលដឹងថា លោកទ្រាំស្ដាប់លែងបានចំពោះការវាយប្រហារធ្ងន់ៗពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស។
លោក ឡារ៉ូវ បានស្ទុះចេញជាបន្ទាន់ពីកិច្ចប្រជុំ នៅខណៈដែលរដ្ឋមន្ត្រីចិន លោក Wang Yi ឱនមុខចុះ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបាក់មុខយ៉ាងខ្លាំង ខណៈដែលប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខព្រួតគ្នាវាយទៅលើប្រទេសរុស្ស៊ី ករណីឈ្លានពានអ៊ុយក្រែន និងបានវាយប្រហារចិន ករណីបង្កភាពតានតឹងជាច្រើននៅច្រកសមុទ្រតៃវ៉ាន់។
លោក ឡារ៉ូវ នៅពេលត្រឡប់មកដល់ទីក្រុងមូស្គូ វិញ លោកព្រមានយ៉ាងខ្លាំងទៅលើពួកបស្ចិមប្រទេស។ លោកគំរាមថា បើរុស្ស៊ីដើរដល់ចំណុចទាល់ច្រកនៃសង្គ្រាមលើទឹកដីអ៊ុយក្រែន ហើយការលូកដៃចូលពាក់ព័ន្ធរបស់ពួកបស្ចិមប្រទេសកាន់តែស៊ីជម្រៅក្នុងសង្គ្រាមលើទឹកដីអ៊ុយក្រែន ដែលរុស្ស៊ីនឹងអស់ភាពអត់ធ្មត់ ហើយនឹងធ្វើការវាយប្រហារទៅលើគោលដៅទាំងឡាយណាដោយអាវុធនុយក្លេអ៊ែរ៕