30 C
Phnom Penh

ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​នឹង​ប្រកាស​សាលដីកា​តំណាង​សហគមន៍​ដីធ្លី​ក្នុង​វិវាទ​ជាមួយ​ឧត្ដមសេនីយ៍​ផ្កាយ​ពីរ​នៅ​ចុង​ខែ​តុលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ នឹង​ប្រកាស​សាលដីកា​សំណុំរឿង​លោកស្រី ដេត ហួរ ដែល​ជា​តំណាង​សហគមន៍​ដីធ្លី​មកពី​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ ខាងមុខ​នេះ ក្រោម​បទ​ចោទប្រកាន់ «បរិហារ​បង្កាច់​កេរ្តិ៍ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ» លើ​ឧកញ៉ា ហេង ហ៊ុយ។

ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ លោក ខៀវ ផល្លា កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ចេញ​ដីកា​កោះហៅ​លោកស្រី ដេត ហួរ តំណាង​សហគមន៍​១៩៧ ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ឲ្យ​ចូល​សវនាការ​នៅ​ថ្ងៃទី​៤ ខែ​តុលា នេះ។

ការ​ហៅ​តាម​បណ្ដឹង​លោកស្រី ដេត ហួរ ដែល​បាន​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​កោះកុង ដែល​បាន​ផ្ដន្ទាទោស​លោកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រៀល កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ប៉ុន្តែ​ទោស ១​ឆ្នាំ​នេះ តុលាការ​មិន​បាន​ឃុំ​ខ្លួន​ទេ។

ក្រោយពី​បើក​សវនាការ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ គ្រោង​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​តំណាង​សហគមន៍​ដីធ្លី លោកស្រី ដេត ហួរ នៅ​ថ្ងៃទី​២៥ ខែ​តុលា ខាងមុខ​នេះ។

ខណៈ​ដែល​តំណាង​សហគមន៍​ចូល​សវនាការ​នោះ ពលរដ្ឋ​ជាង ៣០០​នាក់​បាន​នាំគ្នា​ប្រមូលផ្ដុំ​នៅ​ខាង​មុខ​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ដោយ​ភ្ជាប់​ជាមួយ​បដា ស្នើសុំ​ឲ្យ​តុលាការ​ជាន់ខ្ពស់​នេះ​ផ្ដល់​យុត្តិធម៌ និង​ទម្លាក់​បទ​ចោទប្រកាន់​ពី​លោកស្រី ដេត ហួរ វិញ។

ក្រៅពី​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទប្រកាន់​ហើយ ពួកគេ​ស្នើ​ទៅ​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ជួយ​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​ពី​ឧកញ៉ា ហេង ហ៊ុយ និង​អ្នក​មាន​អំណាច​ផ្សេង​ទៀត​ផង​ដែរ។

ប្រាប់​សមាជិក​របស់​ខ្លួន​បន្ទាប់ពី​ចេញពី​សវនាការ លោកស្រី ដេត ហួរ លើកឡើង​ថា ចៅក្រម​បាន​សួរ​ដេញដោល​រឿង​ដែល​គាត់​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចោទប្រកាន់​លើ​ឧកញ៉ា ហេង ហ៊ុយ ដោយ​តុលាការ​ថា​ការ​បង្ហោះ​ចោទប្រកាន់​នោះ​ជា​រឿង​ខុស​ច្បាប់។

អំឡុង​ពេល​សវនាការ​នេះ​ដែរ លោកស្រី​ថា​ចៅក្រម​បាន​ឲ្យ​គាត់​ប្រាប់​ទៅ​ពលរដ្ឋ​ដែល​ទៅ​គាំទ្រ​នៅ​មុខ​សាលាឧទ្ធរណ៍​នោះ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោម​ហេតុផល​ថា ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ ចៅក្រម​បាន​ប្រាប់​គាត់​ថា សវនាការ​នា​ថ្ងៃ​នេះ​មិនមែន​ជា​រឿង​ដីធ្លី​ទេ ប៉ុន្តែ​វា​ជា​រឿង​ដែល​លោកស្រី​បង្ហោះ​សារ​ចោទប្រកាន់​ទៅ​ឧកញ៉ា ហេង ហ៊ុយ ថា​បាន​រំលោភ​ដីធ្លី​ពួកគាត់​វិញ។

លោកស្រី​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​នេះ​ថា​ជា​រឿង​អយុត្តិធម៌ ដោយ​ថា​លោកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​ឡើយ។

លោកស្រី ដេត ហួរ បន្ត​ថា ឧកញ៉ា ហេង ហ៊ុយ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន «ហេង ហ៊ុយ អាគ្រីខាល់ឈ័រ គ្រុប» បាន​គប់គិត​គ្នា​ជាមួយ​អាជ្ញាធរ​ក្លែង​ឯកសារ​រំលោភ​យក​ដីធ្លី​របស់​ពលរដ្ឋ​ចំនួន ១៩៧​គ្រួសារ នៅ​ភូមិ​តានី ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង តាំងពី​ឆ្នាំ​២០០៧ និង​បាន​ប្តឹង​តំណាង​ពលរដ្ឋ​ទៅ​តុលាការ​យ៉ាង​អយុត្តិធម៌​ថែម​ទៀត ក្រោយពី​ពួកគាត់​នាំគ្នា​តវ៉ា និង​ប្តឹង​ករណី​នេះ​ទៅ​ក្រសួង​មហាផ្ទៃ​ឱ្យ​ជួយ​ដោះស្រាយ។

កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ សាលាដំបូង​ខេត្ត​កោះកុង បាន​សម្រេច​ឲ្យ​អ្នកស្រី ដេត ហួរ តំណាង​ពលរដ្ឋ​សហគមន៍​១៩៧ នៅ​ភូមិ​តានី ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ចាញ់​ក្តី​លោក​ឧកញ៉ា ហេង ហ៊ុយ ដោយ​ផ្ដន្ទាទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រៀល ក្រោម​បទ​ចោទប្រកាន់ «បរិហារ​បង្កាច់​កេរ្តិ៍ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ»

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស