30 C
Phnom Penh

ពលរដ្ឋ​ប្រមាណ​៥​ពាន់​នាក់​នៅ​ឃុំ​ព្រះដាក់​ស្នើ​លោក ហ៊ុន សែន អន្តរាគមន៍​កុំ​ឲ្យ​រុះរើ​ផ្ទះ​របស់​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ប្រមាណ ៥​ពាន់​នាក់ បាន​នាំគ្នា​ទៅ​តវ៉ា​នៅ​ខាងមុខ​សាលា​ឃុំ​ព្រះដាក់ ខេត្ត​សៀមរាប និង​បាន​ស្នើ​ទៅ​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​កុំ​ឱ្យ​មាន​ការ​រុះរើ​ផ្ទះសម្បែង​ដែល​ពួកគេ​កំពុង​រស់នៅ។

បើ​តាម​វីដេអូ​ឃ្លីប​ជិត ១​នាទី ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ឱ្យ​ដឹង​ថា ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​ពលរដ្ឋ​ប្រមាណ ៥​ពាន់​នាក់​នៅ​មុខ​សាលាឃុំ​ព្រះដាក់ នៅ​ថ្ងៃ​ពុធ ទី​៥ តុលា នេះ ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​ជាតិ​អប្សរា​តម្រូវ​ឲ្យ​ពលរដ្ឋ​ឃុំ​ព្រះដាក់ ទាំងអស់​ទៅ​រស់នៅ​ក្នុង​តំបន់​ថ្មី​ដែល​ខ្លួន​បាន​រៀបចំ​ឲ្យ។

ក្រុម​ប្រជាពលរដ្ឋ​បាន​នាំគ្នា​លើក​បដា​ដោយ​ភ្ជាប់​ពាក្យ​ស្នើសុំ​ទៅ​លោក ហ៊ុន សែន និង​ភរិយា ជួយ​អន្តរាគមន៍​កុំ​ឲ្យ​រុះរើ​ផ្ទះសម្បែង និង​បាន​រស់នៅ​ក្នុង​ឃុំ​ព្រះដាក់ បន្ត​ទៀត។ ក្រៅពី​តវ៉ា​ហើយ ក៏​មាន​អ្នក​ខ្លះ​ទៀត​បាន​ក្រាប​សំពះ និង​ឱប​ជើង​អាជ្ញាធរ ខណៈ​អ្នក​ខ្លះ​ទៀត​បាន​ស្រែកយំ​ដោយ​ប្ដេជ្ញា​មិន​ចាកចេញ​ពី​ទីតាំង​ដែល​ពួកគេ​កំពុង​រស់នៅ​បច្ចុប្បន្ន និង​បាន​អាស្រ័យ​ផល​យូរ​ណាស់​ហើយ​នោះ។

យ៉ាងណា កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ លោក ហ៊ុន សែន ព្រមាន​ឈប់​ផ្តល់​សំណង​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ប្រសិនបើ​ពួកគេ​មិន​ចាកចេញ ហើយ​នៅ​ចង់​តថ្លៃ​រឿង​សំណង​តាម​ការ​ញុះញង់​របស់​អ្នក​នយោបាយ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍ​ដី​ឡូត៍​នៅ​តំបន់​រុនតាឯក ស្ថិត​នៅ​ភូមិ​តានី ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រុះរើ​ចេញពី​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យ​ទៅ​រស់នៅ​ទីនោះ ដែល​គិត​មក​ដល់​ដើម​ខែ​តុលា នេះ​មាន​ប្រមាណ​ជិត ៣​ពាន់​គ្រួសារ។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី ឱ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រុះរើ​ផ្ទះ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​កាន់​តំបន់​រុនតាឯក​នោះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ទំហំ ២០​ម៉ែត្រ​គុណ ៣០​ម៉ែត្រ។ ក្រៅពី​នោះ ក្រុម​ការងារ​ក៏​កំពុង​សិក្សា​គម្រោង​ប្លង់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុនតាឯក ដោយ​បន្ថែម​នូវ​ផ្សារ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ទឹក អគ្គិសនី សេវា​ទូរស័ព្ទ និង​សេវា​អ៊ីនធឺណិត ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស