34 C
Phnom Penh

កូនប្រុស​ប្រធាន​តុលាការ​កំពូល​ត្រូវ​បាន​ស្នើ​ឱ្យ​រដ្ឋសភា​បោះឆ្នោត​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឱ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជំនួស​លោក វេង សាខុន ដែល​ត្រូវ​បាន​បុរស​ខ្លាំង​លោក ហ៊ុន សែន ដក​ចេញពី​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ។

នៅ​ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០២២ បាន​ស្នើ​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ឲ្យ​រៀបចំ​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​ការ​បំពេញ​បន្ថែម​នៃ​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល​ដល់​លោក ឌិត ទីណា ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ក្រោយពី​មាន​សំណើ​នេះ ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ប្រកាស និង​ដាក់​ចេញ​របៀបវារៈ​ដោយ​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​តុលា ឆ្នាំ​២០២២ ខាងមុខ​នេះ។

រដ្ឋសភា​បញ្ជាក់​ថា ការ​បើក​កិច្ចប្រជុំ​នេះ ដើម្បី​ពិនិត្យ​លើ​សំណើ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ស្នើ​ឲ្យ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​របស់​រដ្ឋសភា​លើ​ការ​បំពេញ​បន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់​លោក ឌិត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

កាលពី​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២២ លោក ហ៊ុន សែន ស្នើ​ឲ្យ​ព្រះមហាក្សត្រ​បញ្ចប់​មុខតំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ឡើយ។

តែ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក វេង សាខុន ក៏​ធ្លាប់​ត្រូវ​បាន​លោក ហ៊ុន សែន ស្ដីបន្ទោស​ខ្លាំងៗ​ថា​ជា​រដ្ឋមន្ត្រី​ដែល​មិន​ចេះ​ធ្វើ​ការងារ​សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ផ្សេងៗ ព្រមទាំង​ព្រមាន​ថា​បើ​លោក​ដក​រដ្ឋមន្ត្រី​ណា​មួយ​ចេញពី​តំណែង គឺ​ប្រើ​ពេល​ត្រឹម ២៤​ម៉ោង​ប៉ុណ្ណោះ។

ក្រោយ​បញ្ចប់​តំណែង​លោក វេង សាខុន បាន​ពីរ​ថ្ងៃ លោក​ក៏​បាន​ស្នើ​ឲ្យ​សភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លោក ឌិត ទីណា ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ជំនួស​លោក វេង សាខុន។

លោក ឌិត ទីណា ជា​កូនប្រុស​របស់​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល​កម្ពុជា និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន​នេះ។ លោក ឌិត មុន្ទី ក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​មួយ​រូប​ក្នុង​ចំណោម​ចៅក្រម ៩​រូប ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស