អ្នកឃ្លាំមើលនិយាយថា ការដកអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន អាចជាវិធីកម្ចាត់បន្លាចេញពីកែវភ្នែករបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ តុលា នេះថា ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ធ្លាប់ធ្វើសកម្មភាពក្នុងការទប់ស្កាត់ទំនិញ និងផលិតផលគ្មានគុណភាពពីប្រទេសវៀតណាម ចូលមកកម្ពុជាជាច្រើន ដូចជា ជ្រូក ត្រី និងទំនិញផ្សេងៗទៀតដែលធ្វើឲ្យកម្ពុជាប្រឈមនឹងទំនិញឡើងថ្លៃ ដូចជាតម្លៃសាច់ជ្រូក និងតម្លៃត្រី ជាដើម។
លោក សេក សុជាតិ លើកឡើងថា បញ្ហានេះទំនងជាបក្សកាន់អំណាចដឹងច្បាស់ណាស់ថា បើមិនដកលោក វេង សាខុន មុនពេលបោះឆ្នោតទេ វានឹងក្លាយជាប្រធានបទក្ដៅមួយនៅមុនពេលបោះឆ្នោត ចំពោះបញ្ហាទំនិញឡើងថ្លៃផង និងការបង្ហាញឲ្យឃើញពីការនាំទំនិញពីប្រទេសវៀតណាមចូលមកកម្ពុជាដែលមានទំហំធំផង។ លោកបន្តថា ការនាំទំនិញពីប្រទេសវៀតណាម ចូលមកកម្ពុជា គឺជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាលដែលអសមត្ថភាពក្នុងការជំរុញឲ្យមានការផលិតទំនិញនៅក្នុងស្រុក។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ការដកលោក វេង សាខុន ក៏អាចជាសារព្រមានដល់រដ្ឋមន្ត្រីផ្សេងៗទៀតផងដែរ ក្នុងការរៀបយុទ្ធសាស្ត្រពង្រឹងគណបក្សកាន់អំណាចតាមរយៈរូបភាពសម្លាប់មាន់មួយក្បាល បន្លាចស្វាពេញមួយព្រៃ ក្នុងស្ថានការណ៍ដែលលោក ហ៊ុន សែន កំពុងរៀបផែនការផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត នាពេលខាងមុខនេះ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី បានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពីលោក ហ៊ុន សែន បានដាក់លិខិតថ្វាយព្រះមហាក្សត្រកាលពីពេលកន្លងទៅ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ លោក ហ៊ុន សែន បានស្ដីបន្ទោសខ្លាំងៗទៅកាន់លោក វេង សាខុន ថាការប្រឹងផ្គាប់ចិត្តកសិករ ៤ ទៅ ៥ពាន់គ្រួសារនៅក្នុងស្រុក ដោយផ្អាកការនាំចូលសាច់ជ្រូកពីវៀតណាម មិនមែនជាដំណោះស្រាយនោះទេសម្រាប់ទីផ្សារកម្ពុជា ហើយការធ្វើបែបនេះបានធ្វើឱ្យទំនិញនានា ដូចជា សាច់ជ្រូក ជាដើម នៅលើទីផ្សារឡើងថ្លៃខ្ពស់កប់ពពកដោយសារតែការផ្គត់ផ្គង់មិនឆ្លើយតបនឹងតម្រូវការ។
លោក ហ៊ុន សែន ស្ដីបន្ទោសលោក វេង សាខុន ធ្ងន់ៗថា លោក វេង សាខុន គឺជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ និងជារដ្ឋមន្ត្រីដែលជិះសេះមើលផ្កាយ ក្នុងនោះ លោក ហ៊ុន សែន ក៏ព្រមានដករដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះចេញពីតំណែងផងដែរ ដោយលោកអះអាងថា លោកនឹងប្រើពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះក្នុងការដករដ្ឋមន្ត្រីដែលធ្វើការមិនកើត។
ទោះជាបែបនេះក្តី អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់ The Cambodia Daily នៅថ្ងៃទី១០ តុលា នេះដែរថា លោក វេង សាខុន ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសកម្មគួរសមដែរក្នុងការទប់ស្កាត់ទំនិញខូចគុណភាពដែលហូរចេញពីប្រទេសវៀតណាម និងប្រទេសថៃ ហើយបញ្ហានេះបានធ្វើឲ្យលោក ហ៊ុន សែន ទាស់ចិត្តជាខ្លាំង។
លោក គឹម សុខ លើកឡើងថា ក្រុមហ៊ុនដែលនាំចូលទំនិញទាំងនោះសុទ្ធសឹងតែជាក្រុមហ៊ុនរបស់គ្រួសារ និងខ្សែបណ្ដាញបក្ខពួករបស់ត្រកូល «ហ៊ុន» ទាំងអស់ ដូច្នេះសកម្មភាពរបស់លោក វេង សាខុន ដែលទប់ស្កាត់ការនាំចូលទំនិញខូចគុណភាពពីប្រទេសវៀតណាមទាំងនោះ បានធ្វើឱ្យខាតទាំងប្រយោជន៍បណ្ដាញក្រុមគ្រួសារត្រកូល «ហ៊ុន» ធ្ងន់ធ្ងរផង និងធ្វើឱ្យខាតសេដ្ឋកិច្ចជាតិរបស់វៀតណាមកាន់តែខ្លាំងផងដែរ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ការដកលោក វេង សាខុន នេះគឺមានផលប្រយោជន៍ពីរសម្រាប់លោក ហ៊ុន សែន គឺទី១ បញ្ឈប់ការរាំងស្ទះផែនការប្រមូលលុយបក្ខពួករបស់គាត់ដោយប្រើទីផ្សារកម្ពុជាជាខ្នងបង្អែក ហើយទី២ ជម្រះចោលនូវមន្ត្រីដែលអាចជាឆ្អឹងទទឹងកសម្រាប់លោក ហ៊ុន ម៉ាណែត ដែលនឹងឡើងធ្វើជានាយករដ្ឋមន្ត្រីដោយការលើកបន្តុបពីឪពុកទៅថ្ងៃមុខផងដែរ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ដើម្បីបំភ្លឺជុំវិញការដកតំណែងនេះបាននៅឡើយទេរហូតមកទល់នឹងម៉ោងផ្សាយនេះ៕