38 C
Phnom Penh

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ឈ្នះ​ក្តី​រៀងៗ​ខ្លួន​ពី​តុលាការ​ប្រទេស​បារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ឈ្នះ​ក្តី​រៀងៗ​ខ្លួន​លើ​បណ្តឹង «បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល» ពី​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ជុំវិញ​មរណភាព​របស់​លោក ហុក ឡង់ឌី។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នៅ​ថ្ងៃទី​១១ តុលា លោក ហ៊ុន សែន បាន​ប្រកាស​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​លើ​បណ្ដឹង​ទៅ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ជុំវិញ​មរណភាព​លោក ហុក ឡង់ឌី នៅ​តុលាការ​ប្រទេស​បារាំង។

លោក ហ៊ុន សែន អះអាង​ថា តុលាការ​បារាំង​បាន​រក​ភាព​ស្អាតស្អំ​ឱ្យ​ខ្លួន ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​របស់​លោក ហុក ឡង់ឌី ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ឆ្នាំ​២០០៨ នោះ​ទេ។ លោក​ថា នៅ​ក្នុង​សវនាការ​បារាំង លោក សម រង្ស៊ី គ្មាន​ភស្តុតាង​អ្វី​ចោទ​មក​លោក​នោះ​ទេ​ជុំវិញ​នៃ​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី។ លោក​បន្ត​ថា ការ​ចោទប្រកាន់​នេះ​ជា​ការ​បរិហារ​កេរ្តិ៍​ហើយ​ដែល​ភាគី​ចុងចោទ (លោក សម រង្ស៊ី) មិន​បាន​បដិសេធ​នោះ​ទេ។

បើ​ទោះបីជា​លោក ហ៊ុន សែន ជោគជ័យ​លើ​រឿង​ក្តី​នេះ តែ​មិន​ទទួល​បាន​សំណង​ទាមទារ ១​អឺរ៉ូ​ពី​លោក សម រង្ស៊ី នោះ​ទេ ប៉ុន្តែ​លោក​ពេញចិត្ត​នឹង​ការ​សម្រេច​របស់​សាលក្រម​តុលាការ​បារាំង​នេះ ព្រោះ​លោក​បាន​សម្អាត​ខ្លួន​ដោយ​តុលាការ​បារាំង (រក​ភាព​ត្រឹមត្រូវ)។

ដោយឡែក​លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ប្រកាស​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​លើ​រឿងក្ដី​នេះ​ដែរ ដោយ​អះអាង​ថា​លោក​គ្មាន​ទោស​កំហុស​អ្វី​ទេ។ តុលាការ​ប្រទេស​បារាំង​ទទួលស្គាល់​ជា​ឱឡារិក​ថា ការ​តស៊ូ​របស់​លោក​ជា​ការ​តស៊ូ​ត្រឹមត្រូវ។

លោក សម រង្ស៊ី អះអាង​ថា សេចក្តី​សម្រេច​របស់​តុលាការ​បារាំង​មិនមែន​គ្រាន់តែ​ជា​ជ័យជម្នះ​ផ្ទាល់ខ្លួន​របស់​លោក​នោះ​ទេ ប៉ុន្តែ​ជា​ការ​នាំ​មក​ផង​ដែរ​នូវ​សេចក្តី​សង្ឃឹម​ដល់​អ្នក​ការពារ​សេរីភាព និង​យុត្តិធម៌​នៅ​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក ហ៊ុន សែន គឺ​លោក គី តិច បាន​អះអាង​ក្នុង​ខ្សែអាត់​សំឡេង​ជិត ៨​នាទី​កាលពី​ថ្ងៃទី​១០ តុលា ថា តុលាការ​បារាំង​បាន​សម្រេច​ថា លោក ហ៊ុន សែន មិន​ស្ថិត​នៅ​ពីក្រោយ​នៃ​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី នោះ​ឡើយ ហើយ​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី ដែល​ថា​លោក ហ៊ុន សែន នៅ​ពីក្រោយ​នៃ​ការ​ស្លាប់​នោះ គឺជា​ការ​លើកឡើង​ដោយ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់។

លោក គី តិច និយាយ​ថា តុលាការ​យល់​ឃើញ​ថា ដើមបណ្ដឹង​ជា​បុគ្គល​ដែល​មាន​អំណាច​ក្នុង​ប្រទេស ចំណែក​ជនជាប់ចោទ​គឺជា​គូបដិបក្ខ​ដែល​មាន​ភាព​ទន់ខ្សោយ​ជាង ហើយ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ដែល​ថា​លោក ហ៊ុន សែន នៅ​ពីក្រោយ​នៃ​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី នោះ ដូច្នេះ​តុលាការ​បារាំង​បាន​សម្រេច​ឱ្យ​លោក សម រង្ស៊ី រួច​ទោស​ពី​បទ​ចោទ​នេះ និង​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់ ១​អឺរ៉ូ​ទៅ​ឱ្យ​លោក ហ៊ុន សែន ដែល​បាន​ទាមទារ​សំណង​ក្នុង​ពាក្យ​បណ្តឹង​នោះ​ឡើយ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា អ្នក​ដែល​ឈ្នះ​ក្នុង​រឿងក្ដី​នេះ គឺ «ការពិត» ទៅវិញ​ទេ​ដែល​ឈ្នះ។

លោក​អះអាង​ថា តុលាការ​ឯករាជ្យ និង​ឥត​លម្អៀង​នៃ​ប្រទេស​បារាំង បាន​ឃើញ​ការពិត​សព្វគ្រប់ ហើយ​សម្រេច​លើកលែង​ការ​ចោទប្រកាន់​ទៅ​លើ​លោក សម រង្ស៊ី ឈរ​លើ​មូលដ្ឋាន​នៃ​ការពិត​នោះ។ លោក​បន្ត​ទៀត​ថា តុលាការ​ខ្មែរ​ចាំបាច់​ត្រូវ​រៀនសូត្រ​ពី​តុលាការ​បារាំង ហើយ​បង្ហាញ​ឲ្យ​គេ​ឃើញ និង​ផ្តល់​ការ​ទុកចិត្ត​ដល់​មហាជន​ថា​ជា​តុលាការ​ឯករាជ្យ ឥត​លម្អៀង រក​ការពិត ទទួលយក​ការពិត និង​ធ្វើការ​សម្រេច​ឈរ​លើ​មូលដ្ឋាន​នៃ​ការពិត​សព្វគ្រប់។

ចំណែក​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ តុលា នេះ​ថា រឿង​ក្តី​ក្តាំ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​តុលាការ​បារាំង​នេះ ភាគី​ទាំង​សងខាង​សុទ្ធតែ​បាន​អ្វី​ដែល​ពួកគេ​ចង់​បាន ក្នុង​នោះ តុលាការ​បញ្ជាក់​ថា លោក សម រង្ស៊ី មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ។ នេះ​គឺជា​ចំណុច​មួយ​ដែល​លោក សម រង្ស៊ី ចង់​បាន ប៉ុន្តែ​តុលាការ​ក៏​បាន​បង្ហាញ​ដែរ​ថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី ដែល​ចោទ​ថា​លោក ហ៊ុន សែន នៅ​ពីក្រោយ​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី នោះ គឺ​គ្មាន​ភស្តុតាង​បញ្ជាក់​នោះ​ទេ ដូច្នេះ​នេះ​ក៏​ជា​ចំណុច​ដែល​លោក ហ៊ុន សែន ចង់​បាន​ដែរ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ពុំ​មាន​ភាគី​ណា​មួយ​អាម៉ាស់​បាក់មុខ​ពេក​នោះ​ទេ​ចំពោះ​រឿង​ក្តី​ក្ដាំ​នេះ ហើយ​ភាគី​ទាំង​សងខាង​ក៏​គ្មាន​បាន​កិត្តិយស​អ្វី​ដែរ ប៉ុន្តែ​អ្នក​ដែល​អាម៉ាស់​បំផុត គឺ​ប្រជាជាតិ​ខ្មែរ​ទាំងមូល ព្រោះ​ថា​មេដឹកនាំ​របស់​ខ្លួន​គឺ​លោក ហ៊ុន សែន បាន​យក​រឿង​តូចតាច​ទៅ​ឈ្លោះ​គ្នា​នៅ​តុលាការ​បរទេស ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា របប​នយោបាយ​គ្រប់គ្រង​នៅ​កម្ពុជា​នៅតែ​មាន​ភាព​ទន់ខ្សោយ​ខាង​ប្រព័ន្ធ​ច្បាប់​នៅឡើយ។

កាលពី​ខែ​សីហា ឆ្នាំ​២០១៩ លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា ដែល​ជា​កូនប្រុស​បង្កើត​របស់​លោក ហុក ឡង់ឌី និង​ត្រូវ​ជា​កូនប្រសា​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​បារាំង​ប្តឹង​លោក សម រង្ស៉ី ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល ដែល​បាន​ចោទ​ថា លោក ហ៊ុន សែន នៅ​ពីក្រោយ​នៃ​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្នុង​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ កន្លងទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស