33 C
Phnom Penh

ព្រះមហាក្សត្រ​តែងតាំង​លោក វេង សាខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​លោក វេង សាខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ក្រោយ​ពេល​លោក ហ៊ុន សែន ស្នើ​ឲ្យ​ព្រះមហាក្សត្រ​បញ្ចប់​មុខតំណែង​លោក​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម កាលពី​ថ្ងៃទី​៨ ខែ​តុលា កន្លងទៅ។

ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២២ បាន​ត្រាស់​បង្គាប់​តែងតាំង​លោក វេង សាខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ហើយ​លោក ហ៊ុន សែន ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​ចាប់​ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​នេះ​តទៅ។

ការ​តែងតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ដាក់​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) កាលពី​ថ្ងៃទី​១១ តុលា លោក ហ៊ុន សែន ថ្លែង​ថា​ការ​ស្នើ​នេះ​ដោយសារ​លោក វេង សាខុន ក៏​ជា​មន្ត្រី​របស់​រដ្ឋាភិបាល និង​មិន​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ហួសហេតុ​នោះ​ដែរ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​បញ្ចប់​មុខតំណែង ដោយសារ​លោក វេង សាខុន មិន​អាច​ធ្វើ​អ្វី​ទៅ​តាម​ការ​ចង់​បាន​របស់​លោក ជាពិសេស​ការ​ជំរុញ​វិស័យ​កសិកម្ម។

លោក វេង សាខុន ត្រូវ​បាន​ព្រះមហាក្សត្រ​បញ្ចប់​តំណែង​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២២ ក្រោយពី​មាន​ការ​ស្នើ​ពី​លោក ហ៊ុន សែន។

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ដក​លោក វេង សាខុន ចេញពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អាច​ជា​វិធី​កម្ចាត់​បន្លា​ចេញពី​កែវភ្នែក​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​លោក វេង សាខុន សកម្ម​ក្នុង​ការ​ទប់ស្កាត់​ទំនិញ និង​ផលិតផល​គ្មាន​គុណភាព​ពី​ប្រទេស​វៀតណាម ចូល​កម្ពុជា ក្នុង​នោះ​មាន​ដូចជា ជ្រូក ត្រី និង​ទំនិញ​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ទំនិញ​ឡើង​ថ្លៃ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ អះអាង​ថា ក្រុមហ៊ុន​ដែល​នាំ​ចូល​ទំនិញ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​របស់​គ្រួសារ និង​ខ្សែបណ្ដាញ​បក្ខពួក​របស់​ត្រកូល «ហ៊ុន» ទាំងអស់ ដូច្នេះ​សកម្មភាព​របស់​លោក វេង សាខុន ដែល​ទប់ស្កាត់​ការ​នាំចូល​ទំនិញ​ខូច​គុណភាព​ពី​ប្រទេស​វៀតណាម​ទាំងនោះ បាន​ធ្វើ​ឲ្យ​ខាត​ទាំង​ប្រយោជន៍​បណ្ដាញ​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ខាត​សេដ្ឋកិច្ច​ជាតិ​របស់​វៀតណាម​កាន់តែ​ខ្លាំង​ផង​ដែរ។

កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ លោក ហ៊ុន សែន បាន​ស្ដីបន្ទោស​ខ្លាំងៗ​ទៅ​កាន់​លោក វេង សាខុន ថា​ការ​ប្រឹង​ផ្គាប់ចិត្ត​កសិករ ៤-៥​ពាន់​គ្រួសារ​នៅ​ក្នុង​ស្រុក ដោយ​ផ្អាក​ការ​នាំចូល​សាច់​ជ្រូក​ពី​វៀតណាម មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ​សម្រាប់​ទីផ្សារ​កម្ពុជា ហើយ​ការ​ធ្វើ​បែប​នេះ បាន​ធ្វើ​ឱ្យ​ទំនិញ​នានា ដូចជា​សាច់​ជ្រូក ជាដើម នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ខ្ពស់​កប់​ពពក​ដោយសារ​តែ​ការ​ផ្គត់ផ្គង់​មិន​ឆ្លើយតប​នឹង​តម្រូវការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស