31 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា​ទម្លាក់​ការ​ចោទប្រកាន់​ពី​លោក គឹម សុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក ទាមទារ​ឱ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់​លើ​អ្នកវិភាគ​ឯករាជ្យ លោក គឹម សុខ ដោយ​យក​គំរូ​តាម​តុលាការ​ប្រទេស​បារាំង។

អគ្គលេខាធិការ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ផ្អែក​តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា នៅ​តុលាការ​បារាំង ដែល​បាន​ប្ដឹង​លោក សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍ មាន​ចរិត​ដូច​គ្នា​សុទ្ធសាធ​នឹង​បណ្ដឹង​ចំនួន​ពីរ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្តឹង​ទៅ​កាន់​តុលាការ​កម្ពុជា​ចំពោះ​លោក គឹម សុខ នា​ពេល​កន្លងមក។

លោក អ៊ាប គឹមសេង លើកឡើង​ថា ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី ដែល​ថា​លោក ហ៊ុន សែន នៅ​ពីក្រោយ​នៃ​ការ​ស្លាប់​អតីត​មេ​នគរបាល​ជាតិ លោក ហុក ឡង់ឌី គឺជា​ការ​ចង្អុល​ចំ​មុខ​លោក ហ៊ុន សែន ថា​ជា​ឃាតករ​តែម្តង ប៉ុន្តែ​តុលាការ​បារាំង​នៅតែ​អាច​វិនិច្ឆ័យ​ថា​ជា​សិទ្ធិ​បញ្ចេញមតិ​របស់​លោក សម រង្ស៊ី ប៉ុណ្ណោះ។

លោក​អះអាង​ថា ដោយឡែក​ករណី​លោក គឹម សុខ គ្រាន់តែ​សម្ដែង​មតិ​ឆ្លុះបញ្ចាំង​ព្រឹត្តិការណ៍​ពិត​ថា នៅ​កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា តែង​មាន​ការ​សម្លាប់​បុគ្គល​ល្បីៗ ហើយ​រក​ឃាតករ​មិន​ឃើញ ហើយ​ដែល​ការ​លើកឡើង​នេះ លោក គឹម សុខ មិន​បាន​ចោទ​ថា​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​សម្លាប់​នោះ​ទេ ប៉ុន្តែ​តុលាការ​បែរ​ជា​ចោទប្រកាន់ និង​កាត់ទោស​ឲ្យ​លោក គឹម សុខ ជាប់​ពន្ធនាគារ ១៨​ខែ និង​ពិន័យ​ប្រាក់ ២០​ម៉ឺន​ដុល្លារ​អាមេរិក​យ៉ាង​អយុត្តិធម៌​ទៅវិញ។

អគ្គលេខាធិការ​វេទិកា​ពលរដ្ឋ​រូប​នេះ​អំពាវនាវ​ឲ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​តុលាការ​កម្ពុជា យក​គំរូ​តាម​តុលាការ​បារាំង ដោយ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​លោក គឹម សុខ បន្ត​ទៀត ព្រោះ​ថា​អ្នកវិភាគ​រូប​នេះ​មិនទាន់​បាន​ចោទ​អ្នក​ណា ឬ​ក្រុម​ណា​មួយ​ថា​ជា​ឃាតករ​សម្លាប់​បណ្ឌិត កែម ឡី និង​ជន​ល្បីៗ​ផ្សេង​ទៀត​នៅឡើយ​ទេ។

លោក អ៊ាប គឹមសេង បញ្ជាក់​ថា សម្រាប់​ភាព​ជា​គំរូ​របស់​តុលាការ​បារាំង​ដែល​បាន​ប្រកាស​សាលក្រម​នៅ​ពេលនេះ រដ្ឋាភិបាល​លោក ហ៊ុន សែន និង​តុលាការ​កម្ពុជា​អាច​ទទួល​បាន​នូវ​មេរៀន​យុត្តិធម៌​ប្រជាធិបតេយ្យ​សកល​មួយ​យ៉ាង​ច្បាស់​ថា សេរីភាព​សម្ដែង​មតិ​ត្រូវតែ​គោរព ហើយ​គេ​ត្រូវ​ប្រកួត​គ្នា​ដោយ​ការ​ជជែក​ពិភាក្សា​តទល់​ដោយ​ស្មើ​ភាព មិនមែន​ប្រើ​អំណាច​តុលាការ​បំផ្លាញ​អ្នក​សម្ដែង​មតិ​នោះ​ឡើយ។

កាលពី​ខែ​សីហា ឆ្នាំ​២០១៧ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ប្តឹង​លោក គឹម សុខ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ព្រមទាំង​បណ្តឹង​មួយ​ផ្សេង​ទៀត គឺ​ការ​អត្ថាធិប្បាយ​របស់​លោក​ដែល​ថា ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អាច​រក​មុខ​ឃាតករ​ពិត​ដែល​បាន​សម្លាប់​លោក កែម ឡី លោក ជា វិជ្ជា ព្រះ​ភិក្ខុ សំ ប៊ុនធឿន និង​លោក ឈុត វុទ្ធី ជាដើម។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​លោក គឹម សុខ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨​ខែ និង​បង្គាប់​ឲ្យ​លោក​បង់​ប្រាក់​ពិន័យ​ចំនួន ៨​លាន​រៀល​ចូល​ថវិកា​ជាតិ រួម​ទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​លោក ហ៊ុន សែន ដែល​ជា​ដើមបណ្ដឹង​ចំនួន ៨០០​លាន​រៀល ឬ​ស្មើ​នឹង​ជាង ២០​ម៉ឺន​ដុល្លារ​អាមេរិក។

ដោយ​មាន​ការ​គំរាមកំហែង​សុវត្ថិភាព​ពី​រដ្ឋាភិបាល​កម្ពុជា​ឥត​ស្រាកស្រាន្ត លោក គឹម សុខ បាន​ទទួល​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នៅ​ប្រទេស​ហ្វាំងឡង់ ជាមួយ​កូនស្រី​ម្នាក់​អាយុ ៦​ឆ្នាំ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស