មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ឬហៅកាត់ថា USARPAC ឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald Clark) មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសស្ដារទំនាក់ទំនង និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីមានព័ត៌មានថា ចិនបានបញ្ជូននាវា ២គ្រឿងបន្ថែមទៀតចូលចតនៅមូលដ្ឋានទ័ពជើងទឹករាម។
នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P. Clark) មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
លោក រ៉ូណាល់ ខ្លាក ក៏នឹងជួបសម្ដែងការគួរសមជាមួយលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទផងដែរ។
ឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយលោក ម៉ៅ សុផាន់ នៅទីបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមេបញ្ជាការទាំងពីរនឹងពិភាក្សាស៊ីជម្រៅក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាសំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
ឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក ទទួលបន្ទុកបញ្ជាការកងទ័ពជើងគោកអាមេរិកាំងនៅរដ្ឋហាវ៉ៃ អាឡាស់ស្កា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
អ្នកឃ្លាំមើលបញ្ហាកម្ពុជា វាយតម្លៃថា ដំណើរទស្សនកិច្ចរបស់មន្ត្រីយោធាជាន់ខ្ពស់ជើងគោកអាមេរិកនៅកម្ពុជា ទំនងជាអាមេរិកព្រួយបារម្ភខ្លាំងចំពោះស្ថានការណ៍កាន់តែតានតឹង និងការពង្រីកឥទ្ធិពលយោធាចិននៅកម្ពុជា និងក្នុងតំបន់។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ លើកឡើងថា កិច្ចចរចាក្នុងការស្វែងរកឱកាសស្ដារទំនាក់ទំនងយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក គឺស្ថិតក្នុងកិច្ចចរចាការទូតតូចចង្អៀត ដោយសារតែរដ្ឋាភិបាលកម្ពុជារងសម្ពាធជាបន្តបន្ទាប់ពីរដ្ឋាភិបាលប្រទេសចិន ដែលជាខ្នងបង្អែករបស់ខ្លួន។
លោក គឹម សុខ បានអះអាងថា នៅពេលមានការជជែកផ្ទាល់មាត់ជាមួយអាមេរិក ក្នុងលក្ខខណ្ឌណាមួយហើយ ពេលនោះសហរដ្ឋអាមេរិកអាចបញ្ជូនមន្ត្រីជំនាញយោធារបស់ពួកគេមករម្លឹករដ្ឋាភិបាលត្រកូលហ៊ុនជាថ្មី ថាតើបើហួសពីការព្រមព្រៀងគ្នាក្នុងក្របខ័ណ្ឌការទូតយោធាសម្ងាត់នោះ សហរដ្ឋអាមេរិកអាចនឹងមានវិធានការផ្សេងៗ អាចចាប់ផ្ដើមពីការសង្កត់ការទូត សេដ្ឋកិច្ចពាណិជ្ជកម្មបន្ថែមទៀតលើរដ្ឋាភិបាលត្រកូលហ៊ុន។
យោងតាមរូបភាពផ្កាយរណបដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទទួលបានបង្ហាញថានាវាចម្បាំងទាំងពីរគ្រឿងបន្ថែមទៀតត្រូវបានគេមើលឃើញកាលពីថ្ងៃទី១៧ ខែកុម្ភៈ បានចូលចតនៅកំពង់ផែថ្មីដែលចិន បានស្ថាបនាក្នុងមូលដ្ឋានជើងទឹករាម នៅទល់មុខគ្នានឹងនាវាចម្បាំងចិនពីរគ្រឿងទៀតដែលបានចតនៅទីនោះតាំងពីចុងឆ្នាំ២០២៣។
កាលពីចុងឆ្នាំ២០២៤ អាមេរិកបានបញ្ជូននាវាចម្បាំងកងទ័ពជើងទឹកអាមេរិក យូអេសអេស សាវាណាហ៍ (USS Savannah) ឬ LCS-28 ដែលមានកងនាវិកចំនួន ១០៣នាក់មកបំពេញទស្សនកិច្ចនៅកម្ពុជា ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែមូលដ្ឋានកងទ័ពជើងទឹករាមឡើយ។ សហរដ្ឋអាមេរិកនៅតែចាត់ទុកថាកំពង់ផែកងនាវាចរណ៍ខេមរភូមិន្ទនៅរាម អាចអនុញ្ញាតឲ្យកងទ័ពចិន មានឥទ្ធិពលក្នុងឈូងសមុទ្រសៀម និងចូលទៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនចង់ច្បាមយកទាំងអស់ជាកម្មសិទ្ធិរបស់ខ្លួន។
តាមសារព័ត៌មាន Barron’s ផ្សាយនៅថ្ងៃទី២៤ កុម្ភៈ នេះ ថា ដំណាលពេលជួបឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក លោក ហ៊ុន ម៉ាណែត ក៏ជួបជាមួយសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Yin Li ដែលថ្លែងកោតសរសើរដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសចិន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

