ក្រុមហ៊ុនចិន ប្ដេជ្ញាផលិតមាសឲ្យបានចំនួន ៦០គីឡូក្រាមត្រឹមដំណាច់ឆ្នាំ២០២២ នេះ ក្រោយពីទទួលបានអាជ្ញាប័ណ្ណអាជីវកម្មរ៉ែមាសពីរដ្ឋាភិបាលកម្ពុជា។
ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានសរសេរលើហ្វេសប៊ុកនៅថ្ងៃព្រហស្បតិ៍ ទី១៣ តុលា នេះថា ក្រុមហ៊ុនរុករករ៉ែមាសថ្មីមួយទៀតនៅស្រុកសំបូរ ខេត្តក្រចេះ ប្ដេជ្ញាផលិតមាសឲ្យបាន ៦០គីឡូក្រាមត្រឹមដំណាច់ឆ្នាំ២០២២ ក្រោយទទួលបានអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាសពីក្រសួងរ៉ែ និងថាមពល។
ប្រភពដដែលឲ្យដឹងថា ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ទទួលបានអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាសកាលពីខែសីហា ឆ្នាំ២០១៨ លើទំហំដីចំនួន ២៨គីឡូម៉ែត្រក្រឡា ដើម្បីប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួននៅស្រុកសំបូរ ខេត្តក្រចេះ។ ក្រោយពីទទួលបានអាជ្ញាប័ណ្ណ ក្រុមហ៊ុនចិននេះក៏បានដំឡើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែដោយសារតែបញ្ហាកូវីដ-១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០២២។
តាមគម្រោងសាកល្បងរយៈពេល ៣ខែដំបូង ក្រុមហ៊ុនគ្រោងផលិតឱ្យបាន ២០គីឡូក្រាមក្នុងមួយខែ ហើយបើគិតដល់ត្រឹមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងផលិតឱ្យបានចំនួន ៦០គីឡូក្រាម។
ការលើកឡើងរបស់តំណាងក្រុមហ៊ុននេះ ធ្វើឡើងនៅពេលរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ចុះមើលដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd (ហ្ស៊ីង យ៉ាំន កាំង់ យ៉ាក) ទទួលបានអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាសពីក្រសួងរ៉ែ និងថាមពល កាលពីខែសីហា ឆ្នាំ២០១៨ លើដីទំហំ ២៨គីឡូម៉ែត្រក្រឡា ដើម្បីប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួននៅស្រុកសំបូរ ខេត្តក្រចេះ។
ក្រុមហ៊ុន XING YUAN KANNG YEAK CO.,LTD បានបរិច្ចាគថវិកាចំនួន ៣០០០ដុល្លារអាមេរិកចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។
នាពេលកន្លងមក ក្រុមហ៊ុន XING YUAN KANNG YEAK CO.,LTD តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់លោក ហ៊ុន សែន ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។
កន្លងមក លោក ហ៊ុន សែន ធ្លាប់លើកឡើងថា ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស នឹងផ្តល់ផលប្រយោជន៍ជាចំណូលមធ្យមប្រមាណ ១៨៥លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំ៕