27 C
Phnom Penh

ព្រះមហាក្សត្រ​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​លិច​ទូកដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ហ៊ុន សែន បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​នៅ​ភូមិ​កោះចំរើន ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ក្រោយ​ពេល​សមត្ថកិច្ច​រក​ឃើញ​កុមារ​ចំនួន ១០​នាក់​បាន​ស្លាប់​ក្នុង​ចំណោម​ជនរងគ្រោះ​ចំនួន ១៤​នាក់ ខណៈ​ម្នាក់​ទៀត​បាន​បាត់​ខ្លួន ហើយ​កម្លាំង​ចម្រុះ​កំពុង​បន្ត​រុករក។

ឧបទ្ទវហេតុ​លិច​ទូកដ​ចម្លង​នេះ បាន​កើតឡើង​នៅ​ម៉ោង​ជិត ៧​យប់ ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២២ បណ្តាល​ឲ្យ​សិស្ស​សាលា​ចំនួន ១៥​នាក់ ដោយ​មាន​អាយុ​ចន្លោះ​ពី ១២ ទៅ ១៤​ឆ្នាំ​បាត់​ខ្លួន។

យោង​តាម​ហ្វេសប៊ុក Royal du Cambodge បាន​សរសេរ​បង្ហោះ​នា​ថ្ងៃ​សុក្រ ទី​១៤ តុលា នេះ​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ចំពោះ​ឧបទ្ទវហេតុ​ដ៏​សោកសង្រេង​នេះ។

ចំណែក​លោក ហ៊ុន សែន បាន​ចេញ​សារ​រំលែក​ទុក្ខ និង​បញ្ជា​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ស្វែងរក និង​ជួយ​ដល់​ជនរងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវហេតុ​លិច​ទូកដ​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែ​តុលា នេះ។ លោក ហ៊ុន សែន បាន​សរសេរ​សារ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​១៤ ខែ​តុលា នេះ ដោយ​បញ្ជា​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ស្វែងរក​អ្នក​រងគ្រោះ និង​ចូលរួម​ដោះស្រាយ​ជួយ​ដល់​ក្រុម​គ្រួសារ​នៃ​សព និង​ជនរងគ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ។

លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ជាពិសេស​អ្នក​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​បច្ចុប្បន្ន​ស្ថានភាព​ទឹកជំនន់​កំពុង​ឡើង​ខ្លាំង។

ជាមួយ​គ្នា​នេះ អង្គការ​យូនីសេហ្វ (UNICEF) នៅ​ថ្ងៃ​សុក្រ​នេះ ក៏​បាន​ចេញ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ដែល​បាន​បាត់បង់​កូនៗ​ជា​ទី​ស្រឡាញ់ និង​គ្រួសារ​ដែល​មាន​កូនៗ​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ឧបទ្ទវហេតុ​នេះ។

អង្គការ​យូនីសេហ្វ ក៏​បាន​អំពាវនាវ​ដល់​សាធារណជន​មេត្តា​កុំ​បន្ត​ចែករំលែក ឬ​ផ្ញើ​រូបភាព ឬ​វីដេអូ​ដែល​បង្ហាញ​ហេតុការណ៍​ដ៏​អកុសល​នេះ​លើ​បណ្ដាញ​សង្គម ពីព្រោះ​ទង្វើ​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​កុមារ គ្រួសារ​ជនរងគ្រោះ និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា គិត​ត្រឹម​ម៉ោង ១៣:៤៥​នាទី នា​ថ្ងៃទី​១៤ ខែ​តុលា នេះ សមត្ថកិច្ច​បាន​រក​ឃើញ​កុមារ​ចំនួន ១៤​នាក់ ក្នុង​នោះ​ស្លាប់ ១០​នាក់ ដោយ​ស្រី​ចំនួន ៣​នាក់ ខណៈ​សិស្ស​ម្នាក់​ទៀត​ឈ្មោះ មាស សុវណ្ណរាជ ភេទ​ប្រុស កម្លាំង​ចម្រុះ និង​ក្រុម​ការងារ​រុករក​កំពុង​បន្ត​ស្រាវជ្រាវ​រក​បន្ថែម។

បើ​តាម​ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ហេតុការណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៣ ខែ​តុលា បណ្ដាល​មកពី​ម្ចាស់​ទូក​ដាក់​លើស​ចំណុះ ហើយ​មិន​មាន​ការ​ប្រុងប្រយ័ត្ន​ដោយ​គ្មាន​អាវ​ពោង​សម្រាប់​ការពារ​ផង​ដែរ។

សមត្ថកិច្ច​ខេត្ត​កណ្ដាល បញ្ជាក់​ថា បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​តែ​បន្ត​ស្វែងរក​ជនរងគ្រោះ​ដោយ​ប្រើប្រាស់​មធ្យោបាយ​ទូក​ជាច្រើន​គ្រឿង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស