27.5 C
Phnom Penh

ពលរដ្ឋ​រិះគន់​ក្រសួង​អប់រំ​ចេញ​ញត្តិ​ថ្កោល​រឿង​លោក សម រង្ស៊ី តាម​សម្ដី​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណជន​រិះគន់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចេញ​ញត្តិ​ប្រឆាំង និង​ថ្កោលទោស​រឿង​លោក សម រង្ស៊ី ក្រោយពី​មាន​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ខណៈ​កន្លងមក ក្រសួង​មួយ​នេះ​បាន​ហាមឃាត់​មិន​ឲ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​និយាយ​រឿង​នយោបាយ។

កាលពី​ថ្ងៃទី​១៧ ខែ​តុលា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​ញត្តិ​ថ្កោលទោស​លោក សម រង្ស៊ី ភ្លាមៗ​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​បង្ក្រាប​រាល់​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល និង​គ្រួសារ​របស់​លោក​នៅ​ឆ្នាំ​២០២៣។

សកម្មជន​បរិស្ថាន លោក លី ចាន់ដារ៉ាវុធ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ក្រសួង​អប់រំ​បាន​ហាម​មិន​ឲ្យ​និយាយ​រឿង​នយោបាយ​ក្នុង​សាលា ប៉ុន្តែ​ស្ថាប័ន​អប់រំ​ខ្លួនឯង​ដែល​ជា​អ្នក​អប់រំ​គេ បែរ​ជា​ប្រើប្រាស់​ពាក្យ «ពូជ​ក្បត់ ៣​ជំនាន់» ទៅវិញ។

ចំណែក​គណនី​ហ្វេសប៊ុក​ឈ្មោះ Seng Lonh បាន​សរសេរ​ថា «ធ្វើ​ដល់​ក្រសួង​អប់រំ​ទៅ​ហើយ នៅ​ខ្វះ​គំនិត​ក្នុង​ការ​វិភាគ ហើយ​ថា​រដ្ឋាភិបាល​ហេតុ​អី​បាន​ជា​ពុក​ផុយ​ដួល​រលំ​ងាយៗ ដោយ​គ្រាន់តែ​មនុស្ស​ម្នាក់​រៀប​គម្រោង​ផ្ដួល​រំលំ​សោះ ក៏​ខ្វល់ខ្វាយ​ខ្លាំង​បែប​នេះ

គណនី​ហ្វេសប៊ុក​ដដែល​នេះ​សរសេរ​ថា លោក ហ៊ុន សែន ជា​អ្នក​និយាយ​តែ​ម្នាក់ឯង បែរ​ជា​ក្រសួង​អប់រំ​នាំ​កិត្តិយស​លោកគ្រូ​អ្នកគ្រូ​ល្អៗ​ដែល​មាន​មនសិការ​ជាតិ ទៅ​អាប់ឱន​កិត្តិយស​តាម​រដ្ឋាភិបាល​ដែល​ដឹកនាំ​សង្គម​ពោរពេញ​ដោយ​អំពើពុករលួយ​ទៅវិញ។

ប្រភព​ដដែល​អះអាង​ថា ប្រសិន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចេញ​ញត្តិ​ថ្កោលទោស គួរ​ដាក់​ឈ្មោះ​តែ​ខ្លួនឯង​ម្នាក់​ទៅ ហើយ​មិន​ចាំបាច់​នាំ​គ្រូ​ល្អៗ​ទៅ​ឲ្យ​គេ​ជេរ និង​នាំ​គេ​អាប់​កិត្តិយស​តាម​ជាមួយ​នោះ​ទេ។

ក្រៅពី​ហ្វេសប៊ុក​ខាងលើ​នេះ ក៏​មាន​សាធារណជន​ផ្សេងៗ​បាន​ចូល​ទៅ​បញ្ចេញមតិ ដោយ​លើកឡើង​ប្រហាក់ប្រហែល​គ្នា​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ហាម​សិស្ស​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដូចនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ដែរ។

មិនមែន​តែ​ក្រសួង​អប់រំ​ទេ​ដែល​ចេញ​ញត្តិ​ប្រឆាំង និង​ថ្កោលទោស​លោក សម រង្ស៊ី នោះ សូម្បី​ក្រសួង​យុត្តិធម៌ ក្រសួង​ការងារ ក្រសួង​ការពារ​ជាតិ ព្រមទាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ទាំងអស់ ក៏​ចេញ​ញត្តិ​ថ្កោលទោស​នេះ​ដែរ។

ការ​ចេញ​ញត្តិ​ប្រឆាំង និង​ថ្កោលទោស ដោយ​ប្រើ​ពាក្យ​ធ្ងន់ធ្ងរ​ថា «សម្ដី​ទណ្ឌិត​ក្បត់​ជាតិ ៣​ជំនាន់ សម រង្ស៉ី» ធ្វើឡើង​ទៅ​តាម​ការ​គំរាម​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​កាលពី​ថ្ងៃទី​១៧ តុលា លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល​គាំទ្រ​លោក សម រង្ស៊ី ដោយ​ថា​វិធានការ​នេះ​ដើម្បី​កម្ចាត់​ចោល​នូវ​អ្វី​ដែល​ជា​មនោគមវិជ្ជា​ជ្រុល​និយម។

បុរស​ខ្លាំង​រូប​នេះ​បាន​ហៅ​លោក សម រង្ស៉ី ដោយ​ប្រើ​ពាក្យ​ថា «ពូជ​ក្បត់​ជាតិ ៣​ជំនាន់» និង​ថា​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ប្រមាណ​ជាង ៥០០​ឆ្នាំ មិន​មាន​នរណា​ខូច​ជាង «ជន​ពូជ​ក្បត់​ជាតិ ៣​ជំនាន់» នេះ​ទេ។

លោក ហ៊ុន សែន អះអាង​ថា មូលហេតុ​ដែល​លោក​ថ្លែង​ដោយ​ប្រើ​ពាក្យ​បែប​នេះ ដោយសារ​ការ​ប្រកាស​វិល​ចូល​កម្ពុជា​ជា​ថ្មី​របស់​លោក សម រង្ស៊ី ក្នុង​គោលបំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​តាមរយៈ​ការ​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​បង្វែរ​កាណុង​កាំភ្លើង តម្រង់​ទៅ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​រូបលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ចំណែក​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក សុខ ឥសាន បាន​ថ្លែង​ថា បើ​មាន​មុខ​នៅ​កម្ពុជា ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅ​ច្បាប់​នឹង​ត្រូវ​ចាប់​បញ្ចូល​គុក ព្រោះ​មាន​សាលក្រម​តុលាការ​រួច​ហើយ។ លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​ផ្លូវ​អស់​ហើយ​ឲ្យ​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅ​ច្បាប់​ចូល​ស្រុក ចូល​បាន ឬ​មិន​បាន អាស្រ័យ​លើ​ទណ្ឌិត​ក្លាហាន ឬ​កំសាក​តែប៉ុណ្ណោះ។

ទោះជា​យ៉ាងណាក៏ដោយ លោក ម៉ែន ណាត អនុប្រធាន​វេទិកា​ពលរដ្ឋ (PFOR) យល់​ថា ការ​ចេញ​ញត្តិ​របស់​ក្រសួង​អប់រំ ក៏ដូចជា​ស្ថាប័ន​ដទៃ​ទៀត​បាន​ក្លាយ​ទៅ​ជា​ក្រសួង​ស្ថាប័ន​ដែល​ចាំ​តែ​បន្ទរ រណប និង​លើក​ដៃ​លើក​ជើង​គ្រួសារ​លោក ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច ខណៈ​ក្រសួង​ស្ថាប័ន​ទាំងនោះ រួម​ទាំង​ក្រសួង​អប់រំ​ផង វា​លែង​ជា​ស្ថាប័ន​តំណាង​ឲ្យ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ពិតប្រាកដ​តទៅទៀត​ហើយ។

លោក ម៉ែន ណាត បន្ត​ថា ស្ថាប័ន​ដទៃ​ទៀត​ក៏​មិន​ខុស​ពី​ក្រសួង​អប់រំ​ដែរ ដោយ​ខំ​យកចិត្ត​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ទាំង​ដឹង​ថា​នៅ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​បែប​ផ្ដាច់ការ​នៅ​កម្ពុជា​សព្វថ្ងៃ ស្រដៀង​គ្នា​ទៅ​នឹង​ប្រព័ន្ធ​ដឹកនាំ​នៅ​កូរ៉េ​ខាងជើង ដោយ​តម្រូវ​ឲ្យ​ស្ថាប័ន​ក្រោម​ឱវាទ​ត្រូវ​ធ្វើ​ញត្តិ​គាំទ្រ​លោក ហ៊ុន សែន យ៉ាង​ខ្ទរខ្ទារ​តាម​របៀប​គំរាម​មន្ត្រី​រាជការ និង​ពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​នយោបាយ​ប្រជាភិថុតិ​របស់​ខ្លួន។

លោក​ចាត់ទុក​ការ​ចេញ​ញត្តិ​នេះ ថា​បាន​វា​ជះឥទ្ធិពល​អាក្រក់​ដល់​សិស្សានុសិស្ស ដល់​កូន​ខ្មែរ និង​ស្រទាប់​ពលរដ្ឋ។

មាត្រា ៣៧ នៃ​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ចែង​ថា មន្ត្រី​រាជការ​ត្រូវ​មាន​ភាព​អព្យាក្រឹត​ក្នុង​សកម្មភាព​ការងារ និង​ហាមឃាត់​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​មុខងារ​របស់​ខ្លួន និង​សម្ភារៈ​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ។

លោក ម៉ែន ណាត អះអាង​ថា ជម្លោះ​ពាក្យ​សម្ដី​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជា​រឿង​បុគ្គល​សុទ្ធសាធ ដែល​ជេរប្រមាថ​គ្នា​ទៅវិញ​ទៅមក​ដូច​កូនក្មេង ជា​ហេតុ​នាំ​ឲ្យ​ស្មារតី​ជាតិ​បែកបាក់​បង្ក​ការ​លំបាក​ដល់​ការ​ផ្សះផ្សា​ផ្លូវចិត្ត​គ្នា រាលដាល​ដល់​អ្នកគាំទ្រ​នៃ​ភាគី​រៀងៗ​ខ្លួន។

លោក​បន្ត​ថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី ថា​វិល​ត្រឡប់​មក​កម្ពុជា​នៅ​ឆ្នាំ​២០២៣ គ្រាន់តែ​ជា​ការ​និយាយ​ចោល​ដូច​ពេល​កន្លងមក «ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ផ្លុំ​ផ្សែង​ដាក់​ខ្លួនឯង» មួយ​ដង្ហើម​ចង្រិត​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស