28 C
Phnom Penh

លោក ហ៊ុន សែន កាត់​ដី​បឹង​តាមោក​៦៧​ហិកតារ​ទៀត​ឱ្យ​ក្រុមហ៊ុន​អ័រគីដេ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កូនស្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន កាត់​ផ្ទៃដី​បឹង​តាមោក​ទំហំ ៦៧​ហិកតារ​បន្ថែម​ទៀត​ប្រគល់​ទៅ​ឱ្យ​នាយក​ក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa) ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកស្រី ហ៊ុន ម៉ាណា។

យោង​តាម​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ នេះ បាន​សម្រេច​កាត់​ផ្ទៃ​ដី​បឹង​តាមោក​ទំហំ ៦៧​ហិកតារ នៅ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ ក្នុង​រាជធានី​ភ្នំពេញ ប្រគល់​ទៅ​ឲ្យ​លោក នុត តុន ដែល​ជា​នាយក​ក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa)។

លោក នុត តុន កាលពី​ពេល​កន្លងទៅ ក៏​ធ្លាប់​ទទួល​បាន​ដី​ទំហំ ៩៣​ហិកតារ​នៅ​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ខណៈ​អាពាហ៍ពិពាហ៍​របស់​លោក​កាលពី​ខែ​កុម្ភៈ ក៏​មាន​ការ​ចូលរួម​ដោយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​អ្នក​មាន​អំណាច​ជាច្រើន​នៅ​ក្នុង​ប្រទេស​ផង​ដែរ។

ក្រុមហ៊ុន អ័រគីដេ វីឡា ដែល​ដឹកនាំ​ដោយ​កូនស្រី​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា នោះ ក៏​មាន​នាយក​ក្រុមហ៊ុន​ផ្សេង គឺ​អ្នកស្រី ខៀវ សស៊ីលៀប ដែល​ជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​កាប់​ឈើ​ដ៏​ល្បី​ឈ្មោះ Timbergreen ផង​ដែរ។

បឹង​តាមោក ឬ​បឹង​កប់ស្រូវ មាន​ផ្ទៃដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​យក​បឹង​ធម្មជាតិ​មួយ​នេះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២ នេះ ផ្ទៃដី​បឹង​តាមោក​ជាង ២​ពាន់​ហិកតារ​ហើយ​ត្រូវ​បាន​លោក ហ៊ុន សែន កាត់ និង​ដោះដូរ​ទៅ​ឲ្យ​សែស្រឡាយ​មន្ត្រី​ជាន់ខ្ពស់​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​សមាជិក​ព្រឹទ្ធសភា លោក កុក អាន លោកស្រី ជា សុផាម៉ាដែន កូនស្រី​បង្កើត​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន និង​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លោក សៅ សុខា។

ក្រៅពី​កាត់​ឲ្យ​សាច់ញាតិ និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​ហើយ ផ្ទៃដី​បឹង​តាមោក​ជាង ២​ពាន់​ហិកតារ ត្រូវ​បាន​លោក ហ៊ុន សែន កាត់ និង​ដោះដូរ​ប្រគល់​ឲ្យ​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ផង​ដែរ។

បច្ចុប្បន្ន​នេះ សកម្មភាព​នៃ​ការ​ចាក់​ដី​លុប​គគ្រឹកគគ្រេង​នៅ​លើ​ផ្ទៃដី​បឹង​តាមោក កំពុង​កើតឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​កាត់ និង​ដោះដូរ​ទៅ​ឲ្យ​អ្នកជំនួញ សាច់ញាតិ​របស់​លោក ព្រមទាំង​ថ្នាក់​ដឹកនាំ​ធំៗ និង​ស្ថាប័ន​រដ្ឋ​ទាំងនោះ ខណៈ​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​អាស្រ័យ​ផ្ទៃ​បឹង​តាមោក​ជាង ២០០​គ្រួសារ កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ពី​លំនៅឋាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស