ក្រុមអ្នកឃ្លាំមើលសង្គមជំរុញឲ្យពលរដ្ឋដែលស្រឡាញ់សង្គមជាតិពិតប្រាកដ ត្រូវចេញមុខជួយគ្នាតតាំងជាមួយក្រុមជនទុច្ចរិតដែលកេងប្រវ័ញ្ចញើសឈាមរបស់ពលរដ្ឋ ដើម្បីជួយលុបបំបាត់បញ្ហាសង្គម បើមិនដូច្នេះទេ ជនទុច្ចរិតនឹងមានឱកាសបំផ្លាញសង្គមជាតិទាំងមូលទៅថ្ងៃមុខកាន់តែខ្លាំង។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៩ តុលា នេះថា អ្នកមានគំនិតទុច្ចរិតបំផ្លាញផលប្រយោជន៍របស់សង្គម ច្រើនតែចូលចិត្តប្រើវិធីសាស្ត្រហិង្សាជាមធ្យោបាយ ដើម្បីសម្រេចគោលដៅទុច្ចរិតរបស់ខ្លួន និងក្រុមខ្លួនជាទីបំផុត ដើម្បីបង្ខំឱ្យអ្នកដទៃអនុវត្តតាមចេតនាអាក្រក់របស់ពួកគេ។ លើសពីនេះ ពួកគេនឹងប្រើទណ្ឌកម្ម ឬវិធីសាស្ត្រឃោរឃៅផ្សេងៗ ប្រសិនបើអ្នកទាំងឡាយណាអនុវត្តផ្ទុយពីការចង់បានរបស់ខ្លួនថែមទៀត។
លោក សេក សុជាតិ លើកឡើងថា ដើម្បីលុបបំបាត់នូវទង្វើរបស់ជនអគតិទាំងនោះ កិច្ចការជួយសង្គមលុបបំបាត់អំពើទុច្ចរិតទាំងនោះ គឺមានតែអ្នកដែលស្រឡាញ់សង្គមជាតិពិតប្រាកដ ត្រូវចេញមុខជួយគ្នាប៉ុណ្ណោះ ទើបជនដែលមានបំណងអាក្រក់កេងប្រវ័ញ្ចញើសឈាមរបស់ពលរដ្ឋស្លូតត្រង់ មិនហ៊ានប្រើអំណាចលើសដែនកំណត់ដែលមានចែងក្នុងច្បាប់។
លោកបន្តថា ការងារបែបនេះនឹងត្រូវប្រឈមមុខជាមួយជនអគតិទាំងនោះយ៉ាងខ្លាំង ដែលអាចនឹងរងនូវការគំរាមកំហែងផងដែរ ប៉ុន្តែប្រសិនបើពលរដ្ឋម្នាក់ៗមិនជួយលុបបំបាត់បញ្ហាសង្គមទាំងអស់នេះទេ ជនទុច្ចរិតទាំងនោះនឹងមានឱកាសបំផ្លាញសង្គមជាតិទាំងមូលទៅថ្ងៃមុខកាន់តែខ្លាំងឡើងៗជាមិនខាន។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា កិច្ចការជួយការពារសង្គម គឺជាការងារមួយដែលពលរដ្ឋគ្រប់គ្នាត្រូវតែចូលរួមទាំងអស់គ្នា ព្រោះថាពួកគេមិនមែនជាមនុស្សដែលរស់នៅក្រៅសង្គមនោះឡើយ ហើយបញ្ហាដែលកើតមានក្នុងសង្គម គឺជាបញ្ហារបស់ពលរដ្ឋគ្រប់ៗគ្នាទាំងអស់ ប៉ុន្តែបើពួកគេបណ្ដោយឲ្យសង្គមជាតិកាន់តែទទួលនូវភាពអយុត្តិធម៌កាន់តែខ្លាំងឡើងៗ ទីបំផុតពួកគេក៏នឹងក្លាយជាអ្នកទោសចូលរួមបំផ្លាញសង្គមដូចជនទុច្ចរិតទាំងនោះដែរ។
លោក សេក សុជាតិ បន្តថា ការចូលរួមជួយសង្គម អាចធ្វើឡើងតាមគ្រប់រូបភាព ប៉ុន្តែពលរដ្ឋគ្រប់រូបមិនត្រូវជ្រើសរើសយកការជួយសង្គមតាមអំពើហិង្សាណាមួយនោះទេ គឺត្រូវធ្វើសកម្មភាពស្របទៅតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលមានចែង មកធ្វើជាមូលដ្ឋានគ្រឹះក្នុងកិច្ចការរបស់ខ្លួន នោះទើបសង្គមជាតិទាំងមូលរបស់ពួកគេទទួលបានការការពារដោយពេញលេញពិតប្រាកដពីពលរដ្ឋនៃសង្គមនោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលច្បាប់កំពូលរបស់កម្ពុជា គឺរដ្ឋធម្មនុញ្ញ និងកិច្ចសន្យាអន្តរជាតិ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សព្វថ្ងៃនេះត្រូវគេមើលឃើញថាបានរងនូវការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកមានអំណាចក្នុងជួររដ្ឋាភិបាលឯកបក្ស ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅពេលនេះ។
កម្ពុជាដែលក្រោមការដឹកនាំរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីឆ្នាំ១៩៨៥ មក ត្រូវគេមើលឃើញថា បុរសខ្លាំងដែលត្រូវកងទ័ពវៀតណាមលើកបន្តុបក្រាញអំណាចតត្រកូលរូបនេះ បានប្រើអំណាចហួសដែនកំណត់ រំលោភលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ បំពានរដ្ឋធម្មនុញ្ញ រំលោភព្រះរាជតួនាទីព្រះមហាក្សត្រ និងរំលោភលើច្បាប់អន្តរជាតិនានា ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ជាដើម។
ជាក់ស្តែង រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានបក្សកាន់អំណាចរបស់លោក ហ៊ុន សែន រំលោភបំពានជាញឹកញាប់តាំងពីឆ្នាំ១៩៩៤ មក ក្នុងនោះ ឆ្នាំ២០០៥ លោក ហ៊ុន សែន បានរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ដោយការកែប្រែមាត្រា២ ដែលបានចែងពីការប្រើប្រាស់ផែនទីបោនខ្នាត ១/១០០០០០ ទៅជាផែនទីខុសច្បាប់ថ្មីខ្នាត ១/២៥០០០ តាមការចង់បានរបស់វៀតណាម។
បន្ថែមពីនេះ មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញដែលបានចែងពីការលុបកិច្ចព្រមព្រៀងខុសច្បាប់នានាជាមួយបរទេសជិតខាង ក៏ត្រូវលោក ហ៊ុន សែន រំលោភបំពានថែមទៀត ដោយការបង្កើតសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដើម្បីធានាសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់នានាដែលបានចុះហត្ថលេខាកាត់ទឹកដីឱ្យប្រទេសវៀតណាមតាំងពីអំឡុងទសវត្សរ៍ឆ្នាំ៨០ មក។
ដោយឡែកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ក៏ត្រូវលោក ហ៊ុន សែន បដិសេធចោលទាំងស្រុង ក្រោមហេតុផលថា កិច្ចព្រមព្រៀងនេះអស់សុពលភាពក្រោយអ៊ុនតាក់ដកចេញពីកម្ពុជាកាលពី ៣០ឆ្នាំមុនមកម្ល៉េះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន គំរាមថា ក្រុមណាក៏ដោយដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ កងកម្លាំងប្រដាប់អាវុធមានតួនាទីជាចាំបាច់ត្រូវតែកម្ទេចក្រុមនោះចោលជាបន្ទាន់ ដោយគ្មានករណីលើកលែងដាច់ខាត៕