32.5 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​កម្ចាត់​លោក សម រង្ស៊ី ចេញពី​ឆាក​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ព្រមាន​កម្ចាត់​លោក សម រង្ស៊ី ចេញពី​ឆាក​នយោបាយ​ដោយ​ការ​មិន​ចុះហត្ថលេខា​ស្នើ​លើកលែង​ទោស ដើម្បី​ធានា​សន្តិភាព និង​ស្ថិរភាព​យូរ​អង្វែង​របស់​កម្ពុជា។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើឡើង​អំឡុង​ពេល​លោក​ទៅ​ប្តូរ​ព័ត៌មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ នេះ។

លោក ហ៊ុន សែន បាន​ព្រមាន​កម្ចាត់​លោក សម រង្ស៊ី ចេញពី​ឆាក​នយោបាយ​ដោយ​ការ​មិន​ចុះហត្ថលេខា​ស្នើ​លើកលែង​ទោស ក្រោម​ហេតុផល​ថា ដើម្បី​ធានា​សន្តិភាព និង​ស្ថិរភាព​យូរ​អង្វែង​របស់​កម្ពុជា។ លោក​ចាត់ទុក​សាលក្រម​តុលាការ​ដែល​បាន​កាត់ទោស​ឲ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ​មួយ​ជីវិត ថា​ជា​រឿង​ត្រឹមត្រូវ ដោយ​ការ​កាត់ទោស​នេះ លោក​ថា​តុលាការ​ផ្អែក​ទៅ​លើ​ភស្តុតាង។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ បាន​ផ្ដន្ទាទោស​លោក សម រង្ស៊ី ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ដក​សិទ្ធិ​នយោបាយ ក្រោម​បទ​ចោទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស» ពាក់ព័ន្ធ​នឹង​លោក​ចុះ​កិច្ចព្រមព្រៀង​កាត់​ទឹកដី​កម្ពុជា ៤​ខេត្ត​ជាមួយ​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា លោក កុក ស កាលពី​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​រស់នៅ។

លោក ហ៊ុន សែន ថ្លែង​ថា ការ​ចុះ​កិច្ចព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​លោក កុក ស ថា​ជា​ជន «ក្បត់​ជាតិ ៣​ជំនាន់» ដោយ​ថា​បច្ចុប្បន្ន រូបលោក​បាន​ខិតខំ​ចរចា​ជាមួយ​រដ្ឋាភិបាល​វៀតណាម ទោះបី​មួយ​តឹក​ក្ដី មួយ​ផឹង​ក្ដី ក៏​មិន​ឲ្យ​បាត់​ដែរ។

តែ​យ៉ាងណា លោក សម រង្ស៊ី បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​១៩ តុលា ដោយ​ចាត់ទុក​សាលក្រម​ផ្ដន្ទាទោស​លើ​រូបលោក​អស់​មួយ​ជីវិត និង​ដក​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ ថា​ជា​រឿង​សងសឹក។

ក្រៅពី​សំណុំរឿង​ខាងលើ​នេះ លោក សម រង្ស៊ី កំពុង​ជាប់ចោទ​សំណុំរឿង «រួម​គំនិត​ក្បត់» មួយ​ទៀត​ពាក់ព័ន្ធ​នឹង​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា​លើក​ទី​២ របស់​អ្នកស្រី មូរ សុខហួរ កាលពី​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២១។ សំណុំរឿង «រួម​គំនិត​ក្បត់» នេះ បច្ចុប្បន្ន​តុលាការ​កំពុង​ដំណើរការ​សវនាការ​ដោយ​មាន​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ៣៩​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស