សង្គមស៊ីវិល និងសាធារណជននាំគ្នារិះគន់មន្ត្រីសង្ឃជាន់ខ្ពស់ដែលបានចេញញត្តិថ្កោលទោសលោក សម រង្ស៊ី តាមបញ្ជារបស់លោក ហ៊ុន សែន ដែលហៅលោក សម រង្ស៊ី ថាជា «ពូជក្បត់ជាតិ ៣ជំនាន់»។
សម្តេចព្រះមហាសង្ឃរាជ សម្តេចសង្ឃនាយក និងជាមន្ត្រីសង្ឃជាន់ខ្ពស់នៃប្រទេសកម្ពុជាគណៈមហានិកាយ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានចេញញត្តិគាំទ្រការថ្លែងរបស់លោក ហ៊ុន សែន ដោយបានប្រកាសប្រឆាំង និងបានព្រមានកម្ទេចលោក សម រង្ស៊ី និងសកម្មជនបក្សប្រឆាំងដែលមានពាក់ព័ន្ធជាមួយលោក សម រង្ស៊ី។
ញត្តិថ្កោលទោសដែលមានហត្ថលេខាដោយសម្តេចសង្ឃមហានិកាយ ទេព វង្ស និងមន្ត្រីសង្ឃនាយកចំនួន ១១អង្គ ព្រមានថា សម្តេចសង្ឃ និងថ្នាក់ដឹកនាំសង្ឃប្រឆាំងដាច់អហង្ការចំពោះទង្វើអសីលធម៌របស់លោក សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ ដែលញុះញង់ អំពាវនាវឲ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធចូលរួមធ្វើការបះបោរប្រឆាំង និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
នាយកមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកដោយភ្ជាប់នឹងញត្តិថ្កោលទោសរបស់សម្ដេចសង្ឃកម្ពុជាថា «សាសនា គួរដើរតួនាទីសម្របសម្រួល និងបង្រួបបង្រួមឲ្យមានឯកភាពជាតិ នៅក្នុងបរិបទដែលស្រុកទេសមានការបែកបាក់»។
ក្រៅពីលោក មឿន តុលា សាធារណជនផ្សេងទៀត ក្នុងនោះក៏មានសកម្មជនគណបក្សក្រៅរដ្ឋាភិបាលផងដែរ បាននាំគ្នាបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយញត្តិនោះថា ស្ថាប័នសង្ឃគួរតែប្រកាន់ខ្ជាប់គោលការណ៍កណ្តាលតាមរយៈការទេសនាអប់រំភាគីទាំងពីរទៅតាមមាគ៌ានៃព្រះពុទ្ធសាសនា ក្នុងនាមជាអ្នកបួសដើម្បីផ្សះផ្សា រម្ងាប់នូវចិត្តទោសៈ ចិត្តមោហៈ និងចិត្តលោភៈ នេះទើបបានគេហៅថាជាស្ថាប័នដ៏ប្រសើរ។
ចំណែកហ្វេសប៊ុកឈ្មោះ Sareth Seng ចាត់ទុកការចេញញត្តិថ្កោលទោសលោក សម រង្ស៊ី ដែលចេញដោយសម្តេចសង្ឃមហានិកាយ ទេព វង្ស និងមន្ត្រីសង្ឃនាយកចំនួន ១១អង្គផ្សេងទៀតនោះ ថាជាការជាន់ពន្លិចវិស័យពុទ្ធសាសនានៅកម្ពុជា។
ប៉ុន្តែគណនីហ្វេសប៊ុកឈ្មោះ Punleur Pao បានបញ្ចេញមតិថា «ប្រសិនបើញាតិញោមស្អប់នោះ គឺស្អប់តែសម្ដេចសង្ឃប៉ុន្មានអង្គនោះបានហើយ ប៉ុន្តែសម្រាប់សង្ឃតូចតាច រួមទាំងព្រះអង្គជាដើម សូមកុំស្អប់អី»។
ការចេញញត្តិថ្កោលទោសលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់តាំងពីក្រសួងអប់រំ ក្រសួងការពារជាតិ ពីគ្រហស្ថរហូតដល់ព្រះសង្ឃនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី១៧ ខែតុលា ចោទលោក សម រង្ស៉ី ថាជា «ត្រកូលក្បត់ជាតិបីជំនាន់» និងមានគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោកសាជាថ្មីទៀតតាមរយៈការអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល៕