40.6 C
Phnom Penh

បុរស​ខ្លាំង​គំរាម​រំលាយ​បក្ស​ដែល​ហ៊ាន​ភ្ជាប់​ខ្លួន​នឹង​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គំរាម​ថា លោក​នឹង​ប្តឹង​ទៅ​តុលាការ​ឲ្យ​រំលាយ​គណបក្ស​នយោបាយ​ណា​ដែល​ហ៊ាន​ភ្ជាប់​ខ្លួន​នឹង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប៉ុន្តែ​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ពី​លោក សម រង្ស៊ី នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដោយ​ស្រប​ច្បាប់។

មេដឹកនាំ​ខ្មែរ​ដែល​រង​ការ​រិះគន់​ពី​គ្រប់​ទិសទី​ថា​កំពុង​អនុវត្ត​ច្បាប់​តាម​របៀប​កុម្មុយនីស្ត​ផ្ដាច់ការ​រូប​នេះ បាន​លើកឡើង​ក្នុង​ពិធី​ជួបជុំ​មួយ​ជាមួយ​ពលរដ្ឋ​ដែល​ផ្លាស់​ទី​លំនៅ​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​ភូមិ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប នៅ​ថ្ងៃទី​២១ ខែ​តុលា នេះ ដោយ​គំរាម​ថា បក្ស​នយោបាយ​នៅ​ក្នុង​ស្រុក និង​អ្នក​នយោបាយ​នៅ​ក្រៅ​ស្រុក មិន​ត្រូវ​ភ្ជាប់​ខ្លួន​ជាមួយ​លោក សម រង្ស៊ី នោះ​ទេ ប្រសិនបើ​ពួកគេ​មិន​ចង់​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​នោះ។

លោក ហ៊ុន សែន លើកឡើង​ថា លោក​នឹង​ចុះហត្ថលេខា​លើកលែង​ទោស​ចំពោះ​បុគ្គល​ណា​ក៏ដោយ​ដែល​សម្រេច​ដកខ្លួន​ចេញពី​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី នៅ​ពេលនេះ ហើយ​ពួកគេ​នឹង​មាន​ឱកាស​វិល​ចូល​ស្រុក និង​ធានា​បាន​នូវ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ថែម​ទៀត​ផង។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​សល់​ពី​របប​វាល​ពិឃាត​រូប​នេះ នៅតែ​បង្ហាញ​ជំហរ​ដដែល​ថា អ្នក​ដែល​ងើប​មួយ​ត្រូវតែ​វ៉ៃ​មួយ បើ​ងើប​ពីរ​ត្រូវតែ​វ៉ៃ​ពីរ ដើម្បី​សេចក្តី​សុខ​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ដែល​លោក​បាន​ប្ដេជ្ញា​ថា នឹង​កម្ចាត់​ចោល​ឱ្យ​អស់​នូវ​មនោគមន៍វិជ្ជា​ជ្រុល​និយម​ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព ដែល​លោក​កសាង​ឡើង​ដោយ​លំបាក​នា​ពេល​កន្លងមក។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២១ តុលា នេះ​ថា ការ​ប្រឹង​បង្ក​ជម្លោះ​ដូច​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្វើ​ដូច​សព្វថ្ងៃ​នេះ មើល​មួយ​ភ្លែត​ឃើញ​ថា​គាត់​ជា​អ្នក​ឈ្នះ ប៉ុន្តែ​តាម​ការពិត គាត់​ជា​អ្នក​ចាញ់​ងាប់​ក្រឡា​ពិតប្រាកដ។

លោក គឹម សុខ អះអាង​ថា ដំណោះស្រាយ​ជូន​ជាតិ​ដែល​លោក ហ៊ុន សែន គួរតែ​ធ្វើ​នៅ​ពេលនេះ គឺ​ត្រូវ​ចូល​តុ​ចរចា​ជាមួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដោយ​នាំគ្នា​ធ្វើ​ពិធី​អបអរ​សាទរ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ជាមួយ​គ្នា នោះ​វិបត្តិ​នានា​របស់​កម្ពុជា​នឹង​ត្រូវ​បាន​ដោះស្រាយ​ទាំងអស់​ជាមិនខាន។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​មេដឹកនាំ​នយោបាយ​ល្បីៗ​របស់​កម្ពុជា​អាច​ចរចា​គ្នា​បាន​មែន​នោះ កុំ​ថា​ឡើយ​វិបត្តិ​ជាតិ​ដែល​ជាប់​គាំង សូម្បី​គំនុំ​ដែល​ពួកគាត់​គុំកួន​គ្នា​មួយ​ពូជ​ដូច​សព្វថ្ងៃ​នេះ ក៏​ត្រូវ​រលត់​ទៅវិញ​ដែរ។ លោក​បន្ត​ថា អ្នក​ដែល​ឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ គឺ​លោក ហ៊ុន សែន ចំណែក​អ្នក​ដែល​បាន​ផលប្រយោជន៍​ធំ​ជាងគេ គឺ​ប្រជាជាតិ​ខ្មែរ​ទាំងមូល ដូច្នេះ​ដើម្បី​ជាតិ និង​ពលរដ្ឋ​របស់​ខ្លួន ពួកគេ​គួរតែ​ងាក​រក​ការ​ចរចា ជាជាង​ការ​ឈ្លោះ​ហែកហួរ​គ្នា​បន្ត​ទៀត។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា មេដឹកនាំ​នយោបាយ​ធំៗ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​តែ​លោក ហ៊ុន សែន លោក កឹម សុខា និង​លោក សម រង្ស៊ី ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ទាំងមូល​បាន ប៉ុន្តែ​កម្ពុជា​ដែល​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​លោក ហ៊ុន សែន បាន​រុញ​ឱ្យ​ប្រទេស​មួយ​នេះ​ធ្លាក់​ទៅ​រក​វិបត្តិ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ តាមរយៈ​នៃ​ការ​លេង​ល្បែង​នយោបាយ​ប្រជាភិថុតិ​គ្រប់​រូបភាព ដើម្បី​ការពារ​អំណាច​របស់​ខ្លួន។

យ៉ាងណាក៏ដោយ ល្បែង​នយោបាយ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ត្រូវ​គេ​មើល​ឃើញ​ថា ពេល​ខ្លះ​ជា​សត្រូវ​ស៊ីសាច់​ហុត​ឈាម​នឹង​គ្នា​យ៉ាង​ព្រៃផ្សៃ ប៉ុន្តែ​ពេល​ខ្លះ​ទៀត ពួកគេ​ក៏​ជា​មិត្ត​ដ៏​ផ្អែមល្ហែម​ត្រជាក់​នឹង​គ្នា​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស