31 C
Phnom Penh

លោក ហ៊ុន សែន ថា​អ្នកវិភាគ​និយាយ​ខុស​ទាំងស្រុង​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ថា​អ្នកវិភាគ​តាំង​ខ្លួន​ជា​អ្នក​ចេះដឹង​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​និយាយ​ខុសពី​ការពិត និង​ផ្ទុយ​ពី​សាច់រឿង​ពិត​ទាំងស្រុង ព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពុំ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​នោះ​ទេ។

បុរស​ខ្លាំង​ដែល​សល់​ពី​សង្គ្រាម លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ នេះ ដោយ​និយាយ​ឌឺដង​ថា លោក​សុំ​សរសើរ​ដោយ​ស្មោះ​អ្នក​ដែល​ហ៊ាន​និយាយ​រឿង​ដែល​មិន​ត្រឹមត្រូវ ហើយ​ចាត់ទុក​ថា​ជា​រឿង​ត្រឹមត្រូវ ចំពោះ​ការ​និយាយ​ពី​សន្ធិសញ្ញា​អន្តរជាតិ​ដែល​លោក​បាន​ចូលរួម​កិច្ចប្រជុំ​គ្រប់​ដំណាក់កាល​នោះ គឺ​ខុសពី​ការពិត​ទាំងអស់។

លោក ហ៊ុន សែន លើកឡើង​ថា អ្វី​ដែល​កម្ពុជា​ចង់​បាន​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ការ​បញ្ចប់​ភ្លើង​សង្គ្រាម ប៉ុន្តែ​អង្គការ​សហប្រជាជាតិ​តាមរយៈ​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​ខ្លួន​នៅ​កម្ពុជា (United Nation Transitional Authority in Cambodia) ដែល​ហៅ​កាត់​ថា​អ៊ុនតាក់ (UNTAC) មិន​បាន​ជួយ​កម្ពុជា​ឱ្យ​ដល់​គោលដៅ​ដូច​ដែល​កម្ពុជា​ចង់​បាន និង​វត្ថុបំណង​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើយ។

មេដឹកនាំ​ខ្មែរ​ដែល​គេ​រិះគន់​ថា​ចូលចិត្ត​បង្ក​សង្គ្រាម លោក ហ៊ុន សែន អះអាង​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ក៏​ពិត​មែន ប៉ុន្តែ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​នៅ​បន្ត ដែល​បង្ក​ដោយ​ភាគី ប៉ុល ពត ប៉ុន្តែ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ឆ្នាំ​១៩៩៨ របស់​លោក កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​នេះ​ទាំងស្រុង ដោយ​មិន​ចំណាយ​គ្រាប់កាំភ្លើង​សូម្បី​តែ​មួយ​គ្រាប់ ខណៈ​អ្នក​រិះគន់​លោក​ជុំវិញ​កិច្ចព្រមព្រៀង​នេះ គឺ​ផ្ទុយ​ពី​សាច់រឿង​ពិត​ទាំងស្រុង។

ជុំវិញ​ខួប​លើក​ទី​៣១​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទាំង​អ្នកវិភាគ អ្នក​សង្កេតការណ៍ អ្នក​ឃ្លាំមើល​សង្គម និង​អង្គការ​សង្គម​ស៊ីវិល បាន​នាំគ្នា​បញ្ចេញ​ទស្សនៈ និង​រៀបចំ​ពិធី​ផ្សេងៗ​ដើម្បី​រំឭក​ឡើងវិញ​នូវ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​សម្រាប់​កម្ពុជា។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៣ តុលា ថា កម្ពុជា​ទទួល​បាន​សមិទ្ធផល​វិជ្ជមាន​ទាំងអស់​ដូច​សព្វថ្ងៃ គឺ​កើត​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ តែ​មួយ​គត់ ចំណែក​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើតមាន​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន គឺ​ដោយសារ​មេដឹកនាំ​នយោបាយ​ខ្មែរ​មួយ​ចំនួន​បាន​ដើរ​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ និង​ផែនទី​បង្ហាញ​ផ្លូវ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ នេះ​តែប៉ុណ្ណោះ។

លោក សេក សុជាតិ លើកឡើង​ថា បើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ អស់​សុពលភាព​ដូច​ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​មែន​នោះ កម្ពុជា​ក៏​នឹង​បាត់បង់​សន្តិភាព​វិញ​ដែរ។

លោក​បន្ត​ថា អ្នក​ដែល​ដើរ​ប្រាសចាក​ពី​គោល​គំនិត​ដើម​នៃ​កិច្ចព្រមព្រៀង​ដែល​ជួយ​ឱ្យ​ខ្លួន​មាន​សន្តិភាព​នេះ គឺ​ប្រៀប​ដូច​អ្នក​ដែល​ឆ្លង​ស្ពាន​ផុត​គ្រោះថ្នាក់​ហើយ កំពុងតែ​នាំគ្នា​រុះរើ​ស្ពាន​ចោល​ដូច្នោះ​ឯង ដែល​ត្រូវ​គេ​ចាត់ទុក​ថា​ជា​មនុស្ស​រមិលគុណ​ជាទីបំផុត។

ចំណែកឯ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​ក្នុង​ទិវា​ខួប​ទី​៣១​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​នេះ​ដែរ​ថា សន្និសីទ​ទីក្រុង​ប៉ារីស បាន​អនុម័ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​បញ្ចប់​សង្គ្រាម គឺ​ក្នុង​បំណង​ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេចក្ដីសុខ​សន្តិភាព មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ជា​រៀង​រហូត ប៉ុន្តែ​រយៈពេល ៣១​ឆ្នាំ​នៃ​វត្តមាន​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ត្រូវ​គេ​មើល​ឃើញ​ថា បាន​រង​នូវ​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ពី​មេដឹកនាំ​កំពូល​នៃ​ប្រទេស​នេះ។

ទាក់ទិន​នឹង​ទិវា​នេះ តំណាង​សមាគម សហគមន៍ សហព័ន្ធ សហជីព និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ធ្វើ​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៣១​ឆ្នាំ​នៃ​ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «ធានា​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដើម្បី​គោរព​សិទ្ធិមនុស្ស​ក្នុង​ការ​កំណត់​អនាគត និង​នយោបាយ​របស់​ពួកគេ» ក្នុង​គោលបំណង​រួម ដើម្បី​អបអរ និង​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដីពី​ជម្លោះ​នយោបាយ​កម្ពុជា។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ បាន​លើកឡើង​ថា បើ​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កម្ពុជា​ក៏​គ្មាន​ទីផ្សារ​សេរី គ្មាន​ការ​បោះឆ្នោត គ្មាន​ពហុបក្ស​ដែរ។ ជាង​នេះ​ទៅ​ទៀត កិច្ចព្រមព្រៀង​នេះ​ក៏​ដើម្បី​ធានា​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ តាមរយៈ​នៃ​ការ​បោះឆ្នោត​ដែល​ត្រូវតែ​ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ថែម​ទៀត​ផង។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​រៀបចំ​ឲ្យ​មាន​សន្តិភាព​ឡើងវិញ​នៅ​ប្រទេស​កម្ពុជា ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ការ​ដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ឯកភាព​ជាតិ​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស