28 C
Phnom Penh

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ព្រះសង្ឃ​និង​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី ក្រោម​ហេតុផល​ថា លោក សម រង្ស៊ី បាន​ប្រមាថ​ព្រះមហាក្សត្រ​ធ្ងន់ធ្ងរ។

ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​ស្រូវពូជ​ដល់​កសិករ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២។

ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​លោក សម រង្ស៊ី ធ្វើឡើង​ក្រោយ​ពី​បណ្ដាញ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន គឺ​សារព័ត៌មាន Fresh News បាន​ចេញ​វីដេអូ​ឃ្លីប​ដ៏​ខ្លី​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៤ តុលា ដោយ​បាន​កាត់​សម្ដី​របស់​លោក សម រង្ស៊ី ប្រវែង ៣០​វិនាទី​ដែល​បាន​និយាយ​ក្នុង​ពិធី​ជួបជុំ​អ្នកគាំទ្រ​របស់​លោក។ វីដេអូ​នោះ​ត្រូវ​បាន​កាត់​ត្រង់​ចំណុច​ដែល​លោក សម រង្ស៊ី ប្រើ​ពាក្យ​គ្រោតគ្រាត​លើ​ព្រះមហាក្សត្រ​សព្វថ្ងៃ​នេះ​ថា ព្រះអង្គ​គ្មាន​មនសិការ​ជាតិ​សូម្បីតែ​បន្តិច ហើយ​ថា​សេ្តច​សព្វថ្ងៃ​មាន​គំនិត​ក្បត់​ជាតិ ព្រោះ​ព្រះអង្គ​គាំទ្រ​លោក ហ៊ុន សែន កាត់​ទឹកដី​ឱ្យ​ទៅ​បរទេស។

បុរស​ខ្លាំង​ក្រាញ​អំណាច​រូប​នេះ​ក៏​បាន​គំរាម​ដល់​គណបក្ស​នយោបាយ​ណា​ដែល​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​លោក សម រង្ស៊ី នោះ ត្រូវ​ប្រញាប់​ផ្ដាច់ខ្លួន ឬ​ចាកចេញ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ លោក​ថា​គណបក្ស​ទាំងអស់​នោះ​នឹង​ប្រឈម​ការ​រំលាយ​ដោយ​ប្រព័ន្ធ​តុលាការ​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក​ផង​ដែរ។

ការ​ព្រមាន​ដោយ​មិន​បញ្ចេញ​ឈ្មោះ​នេះ ទំនង​លោក ហ៊ុន សែន សំដៅ​ទៅ​លើ​គណបក្ស​ភ្លើង​ទៀន​ដែល​លោក សម រង្ស៊ី ជា​អ្នក​បង្កើត​ឡើង ហើយ​បក្ស​នេះ​កំពុង​ធ្វើ​សកម្មភាព​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​ជា​រឿយៗ លោក សម រង្ស៊ី តែង​បង្ហាញ​សកម្មភាព​នានា​ដោយ​ភ្ជាប់​ជាមួយ​គណបក្ស​ភ្លើង​ទៀន។

ជាក់ស្ដែង កាលពី​ថ្ងៃទី​២០ ខែ​តុលា លោក សម រង្ស៊ី បាន​បង្ហោះ​រូបភាព​របស់​លោក​ដោយ​ដៃ​ទ្រ​ផ្កាឈូក និង​អុជ​ទៀន​ពី​លើ​ផ្កាឈូក ខណៈ​អំឡុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២២ ក៏​មាន​ការ​លើក​បដា​គណបក្ស​ភ្លើង​ទៀន​ផង​ដែរ។

ទោះជា​យ៉ាងណាក៏ដោយ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា លោក សម រង្ស៊ី ឈាន​ដល់​ទី​បញ្ចប់​នៃ​ជីវភាព​នយោបាយ​ហើយ​ចំពោះ​ការ​ប្រមាថ​ព្រះមហាក្សត្រ។

លោក​បន្ត​ថា ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី បែប​នេះ​ក៏​ជា​ការ​បំពាន​រដ្ឋធម្មនុញ្ញ​ជំពូក​ទី​២ ស្តីអំពី​ព្រះមហាក្សត្រ​ដែល​លោក សម រង្ស៊ី ខ្លួនឯង​ក៏​ធ្លាប់​ចូលរួម​អនុម័ត​យល់ព្រម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​នេះ​ផង​ដែរ ប៉ុន្តែ​ហេតុ​អ្វី​លោក សម រង្ស៊ី និង​គណបក្ស​របស់​លោក​កាលនោះ​នឹក​មិន​ដែល​ឃើញ​រឿង «ផ្តល់​ព្រះរាជ​តួនាទី សិទ្ធិ​អំណាច ភារកិច្ច» ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​ប្រសើរ​ជាង​សព្វថ្ងៃ​នេះ។

លោក ម៉ែន ណាត បន្ត​ថា សារ​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​រាលដាល​ព្រះមហាក្សត្រ​បាន​ឡើង​កំដៅ​ខ្លាំង​ជាមួយ​លោក ហ៊ុន សែន ដោយ​ដណ្តើម​គ្នា​ឈ្នះ​រៀងៗ​ខ្លួន​ក្នុង​ការ​បកស្រាយ​សាលក្រម​តុលាការ​បារាំង​កាលពី​ពេល​ថ្មីៗ​នេះ ដែល​វា​ជា​ជម្លោះ​បុគ្គល​សុទ្ធសាធ គ្មាន​ប្រយោជន៍​អ្វី​ដល់​ជាតិ និង​ពលរដ្ឋ​នោះ​ឡើយ។ ចំណែក​លោក ហ៊ុន សែន ក៏​មិន​ណយ​ដែរ គឺ​តែងតែ​រំលោភ​រដ្ឋធម្មនុញ្ញ បំពាន​ច្បាប់ និង​បំពាន​តួនាទី​ព្រះមហាក្សត្រ​ម្តងម្កាល​ដែរ ដូចជា​កាលពី​ខែ​តុលា ឆ្នាំ​២០០៥ លោក ហ៊ុន សែន បាន​ព្រមាន​រំលាយ​របប​រាជា​និយម បើសិន​ព្រះមហាក្សត្រ​មិន​ព្រម​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ជាមួយ​ប្រទេស​វៀតណាម តាម​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ ទេ​នោះ។

តាម​ច្បាប់ លោក ហ៊ុន សែន គឺ​មេដឹកនាំ​ធ្វើ​ជាតិ​ប្រហារ​គប់គិត​ចូល​ដៃ​ជាមួយ​វៀតណាម​ជាច្រើន​ករណី។

ទោះជា​យ៉ាង​ណា​ក្តី លោក ម៉ែន ណាត ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​ដែល​មាន​ឥទ្ធិពល​ទាំងអស់ ភ្ញាក់​រឭក​ឡើងវិញ​រំសាយ​គំនុំ​បុគ្គល​ចោល រួច​វិល​ទៅ​រក​ការ​ជជែក​ផ្សះផ្សា បង្រួបបង្រួម​ជាតិ ដើម្បី​ស្ដារ​វិបត្តិ​នយោបាយ​សព្វថ្ងៃ​ជា​ប្រយោជន៍​ដល់​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ជា​ធំ។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា បើ​តាម​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ​បាត់​ដី​កម្ពុជា​ក្រោម និង​កោះត្រល់ តែ​មិន​មាន​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា មាន​អ្នក​ដឹកនាំ​ខ្មែរ​ជំនាន់​នោះ​ចេញ​មុខ​តវ៉ា​ជាមួយ​គេ​ឡើយ។ លោក​បន្ត​ថា បច្ចុប្បន្ន រូបលោក​កំពុង​ព្យាយាម​ស្រាវជ្រាវ ប៉ុន្តែ​នៅ​តែ​រក​មិន​ឃើញ។

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក​មាន​ការ​សោកស្តាយ និង​អាណិត​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​ដែល​ឃើញ​អ្នក​នយោបាយ​ប្រកួត​គ្នា​ដោយ​យក​បញ្ហា​បុគ្គល​មក​ធ្វើជា​គោលដៅ ក្នុង​ការ​ប្រកួត​ប្រជែង ជាជាង​យក​បញ្ហា​ជាតិ​មក​ប្រកួត​ប្រជែង​ដើម្បី​ដោះស្រាយ​បញ្ហា។

លោក​បន្ត​ថា ការ​ធ្វើ​នយោបាយ​បែប​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជា​ការ​ធ្វើ​នយោបាយ​ដោយ​ចាត់ទុក​គូប្រជែង​នយោបាយ​របស់​ខ្លួន​ថា​ជា​ជន​ក្បត់​ជាតិ​ងាយៗ​ពេក ដែល​នាំ​ឲ្យ​ជាតិ​ខ្មែរ​ទាំងមូល​កាន់តែ​បែកបាក់ និង​កាន់តែ​ទន់ខ្សោយ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ហ៊ុន សែន ប្រកាស​កម្ចាត់ និង​ហៅ​លោក សម រង្ស៊ី ជា​ជន​ក្បត់​ជាតិ​នោះ។ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា កន្លងទៅ លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ដោយ​ចោទ​លោក សម រង្ស៊ី ថា​ជា «ត្រកូល​ក្បត់​ជាតិ​បី​ជំនាន់» និង​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ជា​ថ្មី​ទៀត​តាមរយៈ​ការ​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស