33 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ប្រធាន​អាស៊ាន​ចេញ​មុខ​ថ្កោលទោស​មេដឹកនាំ​យោធា​ភូមា​ដែល​បង្ក​ហិង្សា​លើ​ជនស៊ីវិល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​គួរ​ចេញ​មុខ​ថ្កោលទោស​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ដែល​កំពុង​បង្ក​អំពើ​ហិង្សា​ដោយ​ប្រដាប់​អាវុធ​វាយប្រហារ​លើ​ជនស៊ីវិល និង​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ទាំង ៥​ចំណុច​របស់​អាស៊ាន។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ តុលា នេះ​ថា លោក​សូម​អបអរ​សាទរ​នូវ​ចេតនា​របស់​អាស៊ាន​ដែល​ចង់​ឲ្យ​មាន​ការ​បញ្ចប់​វិបត្តិ​នៅ​ភូមា ប៉ុន្តែ​មេដឹកនាំ​កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​គួរតែ​មាន​ឥរិយាបថ​ត្រឹមត្រូវ និង​ច្បាស់លាស់ ដោយ​ឯករាជ្យ​ជាង​ពេល​បច្ចុប្បន្ន​នេះ។ ជាង​នេះ​ទៀត គួរ​ចៀសវាង​នូវ​ការ​បម្រើ​សេណារីយោ​នយោបាយ​ណា​មួយ​ឲ្យ​មហាអំណាច​កុម្មុយនីស្ត ជាជាង​ការ​បម្រើ​ផលប្រយោជន៍​របស់​អាស៊ាន​ខ្លួនឯង។

លោក ម៉ែន ណាត លើកឡើង​ថា ស្ថានការណ៍​វិបត្តិ​នៅ​ភូមា​ដែល​កំពុង​កើតមាន​សព្វថ្ងៃ​នេះ គឺ​មិន​អាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន កែខៃ​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ​បាន​ទេ ដោយសារតែ​គាត់​បាន​ធ្វើ​ឲ្យ​ខូច​នយោបាយ​ការទូត​ដែល​ដាក់​ចេញ​ដោយ​មេដឹកនាំ​អាស៊ាន​នូវ​ការ​ជំរុញ​ឲ្យ​មេ​យោធា​ផ្ដាច់ការ​ភូមា ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង​ទាំង ៥​ចំណុច​តាំងពី​គាត់​បាន​សម្រេច​ចូល​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា ដោយ​ឯកតោ​ភាគី​ជាមួយ​មេដឹកនាំ​ភូមា កាលពី​ដើម​ឆ្នាំ​២០២២ មក​ម្ល៉េះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន ធ្វើ​ជា​ប្រធាន​អាស៊ាន​អស់​រយៈពេល​ជិត ១​ឆ្នាំ​ហើយ នៅតែ​មិន​អាច​រុញច្រាន​ឲ្យ​មេ​យោធា​ផ្ដាច់ការ​ភូមា អនុវត្ត​នូវ​គោលការណ៍​កុងសង់ស៊ីស​ទាំង ៥​ចំណុច​សូម្បី​តែ​មួយ ខណៈ​វិបត្តិ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន​កាន់តែ​កើនឡើង​តាមរយៈ​ជម្លោះ​បុគ្គល​ជាមួយ​លោក សម រង្ស៊ី ដែល​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​របប​សឹក​ភូមា ដែល​កំពុងតែ​បង្ក​ជម្លោះ​ជាមួយ​ជាតិ​សាសន៍​របស់​ពួកគេ​ដូច្នោះ​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​វិបត្តិ​នៃ​ប្រទេស​ភូមា កាលពី​ថ្ងៃ​អង្គារ ទី​២៥ តុលា នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ ថា អាស៊ាន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ក្នុង​ប្រទេស​ភូមា​ក្នុង​ពេល​ថ្មីៗ​នេះ រួម​ទាំង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ពន្ធនាគារ​អ៊ិនសេន ការ​វាយប្រហារ​គ្នា​ក្នុង​រដ្ឋ​ការ៉ែន ការ​វាយប្រហារ​តាម​អាកាស​នៅ​រដ្ឋ​កាជីន ចំ​លើ​ទីប្រជុំជន​ស៊ីវិល​ដែល​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស និង​ស្លាប់​ជាច្រើន​នាក់។

មេដឹកនាំ​ខ្មែរ​ដែល​បរាជ័យ​លើ​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា លោ ហ៊ុន សែន លើកឡើង​ថា ការ​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​ក្នុង​រយៈពេល​ថ្មីៗ​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ស្ថានភាព​មនុស្សធម៌​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា កាន់តែ​យ៉ាប់យ៉ឺន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ទុយ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​មាន​ការ​អត់ធ្មត់​ខ្ពស់ និង​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​នានា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ភាគី​ដែល​មាន​កម្លាំង​ខ្លាំងក្លា​លើ​មូលដ្ឋាន​ជាក់ស្តែង ឱ្យ​ចាត់​វិធានការ​ជាក់លាក់​ដើម្បី​បង្ក​លទ្ធភាព​ឲ្យ​មាន​កិច្ច​សន្ទនា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ការ​បង្រួបបង្រួម​ជាតិ​នៅ​ប្រទេស​ភូមា និង​ដើម្បី​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​ផង​ដែរ។

កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង បាន​ដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​បាន​ជាប់​ឆ្នោត​ដោយ​ស្រប​ច្បាប់ ដើម្បី​ខ្លួនឯង​ឡើង​កាន់​អំណាច ក្នុង​នោះ​របប​សឹក​របស់​លោក មីន អ៊ុងឡាំង បាន​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ភូមា និង​កាត់ទោស​ប្រហារ​ជីវិត​សកម្មជន និង​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ប្រឆាំង​នឹង​របប​សឹក​របស់​ខ្លួន​អស់​ជាច្រើន​នាក់​យ៉ាង​ឃោរឃៅ។

ក្រោយ​រដ្ឋប្រហារ​បង្ហូរ​ឈាម​នេះ ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​បាន​ឯកភាព​គ្នា​នូវ​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ចំនួន ៥​ចំណុច​នៅ​ទីក្រុង​ចាកាតា ប្រទេស​ឥណ្ឌូនេស៊ី ស្ដីពី​ជម្លោះ​នៅ​មីយ៉ាន់ម៉ា កាលពី​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ រួម​មាន​ការ​ផ្អាក​នូវ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ជនស៊ីវិល​ដែល​ពុំ​មាន​ប្រដាប់​អាវុធ ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ដោយ​គិត​ពី​ប្រយោជន៍​ប្រជាជន​ភូមា​ជា​ធំ ប៉ុន្តែ​សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ចាត់ទុក​កិច្ចព្រមព្រៀង ៥​ចំណុច​នោះ​បាន​បរាជ័យ​ទៅ​ហើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស