28 C
Phnom Penh

លោក ហ៊ុន សែន អរគុណ​បក្ស​ភ្លើង​ទៀន​ដែល​ថ្កោលទោស​អ្នក​ទាំងឡាយ​ប្រមាថ​ព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អរគុណ​ចំពោះ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​អ្នក​ទាំងឡាយ​ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ តប​តាម​ការ​ស្នើសុំ​របស់​លោក។

ការ​អរគុណ​របស់​លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បដិសេធ​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី និង​ថ្កោលទោស​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​ចេតនា​ប្រមាថ ឬ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ អង្គ​ព្រះមហាក្សត្រ និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ តុលា នេះ​ថា លោក​សូម​កោតសរសើរ និង​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ តាម​ការ​ស្នើសុំ​របស់​លោក​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២២។

យ៉ាងណាក៏ដោយ បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​ដែល​បាន​ចេញ​នៅ​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២២ នេះ បាន​ឱ្យ​ដឹង​ថា គណបក្ស​ភ្លើង​ទៀន​គោរព​នូវ​ព្រះរាជ​តួនាទី​ដ៏​ខ្ពង់ខ្ពស់​នៃ​អង្គ​ព្រះមហាក្សត្រ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​គណបក្ស​ភ្លើង​ទៀន​សូម​ថ្កោលទោស​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​ចេតនា​ប្រមាថ ឬ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ អង្គ​ព្រះមហាក្សត្រ និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នានា​អំពី​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី។

សេចក្ដី​ថ្លែងការណ៍​ដដែល​សរសេរ​ថា បច្ចុប្បន្ន​នេះ គណបក្ស​ភ្លើង​ទៀន​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ជា​ធរមាន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​ផង​ដែរ។

សេចក្តី​ថ្លែងការណ៍​ដដែល​សរសេរ​ថា គណបក្ស​ភ្លើង​ទៀន​បាន​ដំណើរការ​ការងារ និង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នានា​ដោយ​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​អធិបតេយ្យភាព​ពេញលេញ​របស់​ខ្លួន ស្រប​តាម​លក្ខន្តិកៈ​ដោយ​មិន​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​បុគ្គល ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

គណបក្ស​ភ្លើង​ទៀន​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​មិនទាន់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ចាប់ពី​ថ្ងៃទី​២០ ខែ​តុលា រហូត​ដល់​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​តាម​សាលា​ឃុំ-សង្កាត់ ឬ​នៅ​តាម​បណ្ដា​ភូមិ​សាមី ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​សរសេរ​លើ​ហ្វេសប៊ុក​ដោយ​ចាត់ទុក​ថា​គណបក្ស​ភ្លើង​ទៀន​បាន​សម្រេច​ចិត្ត​ត្រូវ​ក្នុង​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នេះ ប៉ុន្តែ​រឿង​ដែល​បក្ស​នេះ​មិនទាន់​ធ្វើ​ត្រូវ​នោះ លោក​កត់សម្គាល់​មាន​ពីរ​យ៉ាង ក្នុង​នោះ​គឺ​គណបក្ស​ភ្លើង​ទៀន​នៅ​មិនទាន់​ប្រើ​ឱកាស​បង្ហាញ​ភាព​សកម្ម​ឲ្យ​ត្រូវ​សភាពការណ៍​ក្នុង​ការ​ប្រកួត​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

ចំណែក​ចំណុច​មួយ​ទៀត​ដែល​លោក​បង្ហាញ​ការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​មាន​មតិ​ខ្លះ​ចេះ​តែ​ប្រឹង​ដុកដាន់​ចង់​ឲ្យ​រំលាយ​គណបក្ស​ភ្លើង​ទៀន? ករណី​នេះ​តើ​ចំណេញ​អ្វី​ដល់​ប្រទេស​ជាតិ?

ក្នុង​ពិធី​ចុះ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ​ជូន​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​តុលា ឆ្នាំ​២០២២ លោក ហ៊ុន សែន ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល លោក សុន ឆ័យ លោក ថាច់ សេដ្ឋា បកស្រាយ​ចំពោះ​សម្ដី​លោក សម រង្ស៊ី ដែល​បាន​ប្រមាថ និង​ចាត់ទុក​ព្រះមហាក្សត្រ​គ្មាន​មនសិការ​ជាតិ ឲ្យ​សាធារណជន​បាន​ដឹង​ដើម្បី​បញ្ជាក់​ថា គណបក្ស​នេះ​មិន​មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស