28 C
Phnom Penh

ចៅ​សង្កាត់​រង​អូរចារ​ទី​ពីរ​មកពី​បក្ស​ភ្លើង​ទៀន​ព្រមាន​ប្តឹង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​បក្ស​ប្រជាជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅសង្កាត់​រង​ទី​២ នៃ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​មកពី​គណបក្ស​ភ្លើង​ទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត ព្រមាន​ប្តឹង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរចារ​លេខ​រៀង​ទី​៦ មកពី​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី យាន រ៉ាស៊ីន ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង បន្ទាប់ពី​មាន​ជម្លោះ​ដោយ​អំពើ​ហិង្សា​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរចារ​លេខ​រៀង​ទី​៦ ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី យាន រ៉ាស៊ីន បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន​ដោយ​ការ​ច្របាច់ក និង​ប៉ុនប៉ង​ប្រើ​កៅអី​វាយ​មក​លើ​ខ្លួន ដែល​ជា​ទង្វើ​បំពាន​លើ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​នាម​ជា​មន្ត្រី​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ដូច​គ្នា។

អ្នកស្រី​ទាមទារ​ឱ្យ​ក្រុមប្រឹក្សា​សង្កាត់​អូរចារ កោះ​ប្រជុំ​ជាបន្ទាន់​ដើម្បី​រក​វិធី​ដោះស្រាយ​ជុំវិញ​ទំនាស់​ដែល​កើតឡើង​ដោយ​ការ​ប្រើ​អំពើ​ហិង្សា​នេះ។

អ្នកស្រី​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ក្រុង​បាត់ដំបង ចាត់​វិធានការ​ផ្លូវច្បាប់​លើ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរចារ​រូប​នេះ​ជាបន្ទាន់ ព្រោះ​ថា​អ្នកស្រី យាន រ៉ាស៊ីន បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ខ្លួន​ចំនួន​ពីរ​លើក​រួច​មក​ហើយ។

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត ជា​សមាជិក​មកពី​គណបក្ស​ភ្លើង​ទៀន​ដែល​ជាប់​ឆ្នោត​ជា​ចៅសង្កាត់​អូរចារ​រង​ទី​២ ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​នេះ ហើយ​ចំណែក​អ្នកស្រី យាន រ៉ាស៊ីន មកពី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរចារ​លេខ​រៀង​ទី​៦ ផង​ដែរ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ តុលា នេះ​ថា ជម្លោះ​ដែល​កើតមាន​ក្នុង​ចំណោម​អ្នក​តំណាង​ពលរដ្ឋ​បែប​នេះ គឺជា​រូបភាព​ដ៏​អាក្រក់​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា ពួកគេ​មិន​បាន​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ទេ ប៉ុន្តែ​បែរ​ជា​នាំគ្នា​បង្កើត​បញ្ហា​បន្ថែម​លើ​បញ្ហា​ដែល​កើតមាន​នៅ​ក្នុង​សង្កាត់​របស់​ខ្លួន​ទៅវិញ។

លោក សេក សុជាតិ លើកឡើង​ថា ក្នុង​នាម​ពួកគេ​ជា​មន្ត្រី​ដែល​ត្រូវ​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​របស់​ខ្លួន គួរ​ប្រកួតប្រជែង​គ្នា​លើ​ការ​អភិវឌ្ឍ​ជូន​ពលរដ្ឋ​វិញ ទើប​ជា​រឿង​ត្រឹមត្រូវ។ លោក​បន្ត​ថា ពលរដ្ឋ​មាន​បញ្ហា​ច្រើន​ណាស់​ដែល​រង់ចាំ​ពួកគេ​ទៅ​ដោះស្រាយ ប៉ុន្តែ​ពួកគេ​បែរ​ជា​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​បោះឆ្នោត​គាំទ្រ​ខ្លួន​ខកចិត្ត​ទៅវិញ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរចារ ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​បែកបាក់​សាមគ្គី ការ​ថយ​ចុះ​នៃ​កម្លាំង​ផ្ទៃក្នុង គឺជា​ហេតុ​បណ្តាល​ឱ្យ​គូប្រជែង​របស់​ខ្លួន​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​រាប់​ចាប់តាំងពី​ការ​មើលងាយ និង​ការ​ប្រើ​អំពើ​ហិង្សា​ដូច​ពេលនេះ​ជាដើម។

កាលពី​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​ជាប់​ឆ្នោត​ជា​ចៅសង្កាត់​អូរចារ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​នៅ​ពេល​ដែល​គណបក្ស​ភ្លើង​ទៀន សម្រេច​ដកខ្លួន​ចេញពី​សម្ពន្ធភាព​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ទៅ​ចូលរួម​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ លទ្ធផល​ត្រូវ​ប្រែ​ក្រឡាស់​ទាំងស្រុង ក្នុង​នោះ​គណបក្ស​ភ្លើង​ទៀន ទទួល​បាន​សមាជិក​តែ ៤​រូប​ប៉ុណ្ណោះ គឺ​អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត ជា​ចៅសង្កាត់​រង​ទី​២ ដោយឡែក ៣​នាក់​ផ្សេង​ទៀត​ជា​សមាជិក​ទាំងអស់ ប៉ុន្តែ​កាលពី​ឆ្នាំ​២០១៧ អាណត្តិ​ទី​៤ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សមាជិក​រហូត​ដល់​ទៅ ៧​រូប​ក្នុង​ចំណោម​សមាជិក​សង្កាត់​សរុប​ចំនួន ១១​រូប ខណៈ​គណបក្ស​កាន់​អំណាច​ទទួល​បាន​តែ​សមាជិក ៤​រូប​ប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស