29 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​កុំ​យក​ពលរដ្ឋ​ចូលរួម​ក្នុង​ជម្លោះ​បុគ្គល​និង​គ្រួសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​កុំ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​យក​ពលរដ្ឋ​ចូលរួម​ក្នុង​ជម្លោះ​បុគ្គល និង​ជម្លោះ​ក្រុម​គ្រួសារ​របស់​ខ្លួន ព្រោះ​គឺជា​ការ​បំបែក​បំបាក់​ផ្ទៃក្នុង​ជាតិ​ឯង​យ៉ាង​ធ្ងន់ធ្ងរ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៧ តុលា ថា ជម្លោះ​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា នឹង​មិន​ប៉ះពាល់​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន-អឺរ៉ុប​នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខ​នេះ​ទេ ប៉ុន្តែ​ជម្លោះ​បែកបាក់​ផ្ទៃក្នុង​ជាតិ​បែប​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាក់មុខ​នៅ​លើ​ឆាក​អន្តរជាតិ​ខ្លាំង​ណាស់ ជាពិសេស​ខ្លួន​កំពុង​ធ្វើ​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ពេលនេះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ចំណែក​ការ​អំពាវនាវ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឱ្យ​ប្រជាពលរដ្ឋ ព្រះសង្ឃ ជាពិសេស​គណបក្ស​ភ្លើង​ទៀន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​លោក សម រង្ស៊ី នៅ​ពេលនេះ គ្រាន់តែ​ជា​វិធី​ក្នុង​ការ​ឈ្លោះ​គ្នា​ដណ្តើម​យក​ឈ្នះ​លើ​គូ​ជម្លោះ​របស់​ខ្លួន​ប៉ុណ្ណោះ។ ចំណែក​បក្ស​ភ្លើង​ទៀន​ក៏​មិន​បាន​ថ្កោលទោស​លោក សម រង្ស៊ី តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នោះ​ដែរ ដូច្នេះ​រឿង​ជម្លោះ​បុគ្គល​ផ្ទាល់ខ្លួន​របស់​អ្នក​ដឹកនាំ​ទាំងនោះ គួរ​ទុក​ឱ្យ​ពួកគេ​ឈ្លោះ​គ្នា​ចុះ ព្រោះ​រឿង​នេះ​មិន​មាន​ផល​ចំណេញ​ដល់​សង្គម​ជាតិ​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​បាន​បង្កប់​ខ្លឹមសារ​ថ្កោលទោស​លោក ហ៊ុន សែន ទៅវិញ​ប៉ុណ្ណោះ ដែល​បាន​រំលេច​ថា មាន​តែ​លោក ហ៊ុន សែន ម្នាក់​គត់​ដែល​ជា​មេដឹកនាំ​ហ៊ាន​រំលោភ​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ និង​ប្រមាថ​លើ​ព្រះ​កិត្តិយស និង​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ។

ចាប់តាំង​ពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ ដែល​តុលាការ​បារាំង​ប្រកាស​សាលក្រម​ក្នុង​ជម្លោះ​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មក បុរស​ខ្លាំង​ដែល​គេ​ចាត់ទុក​ថា​ជា​មេដឹកនាំ​តាម​កម្ទេច​ក្រុម​ប្រឆាំង លោក ហ៊ុន សែន បាន​ឆ្លើយឆ្លង​សម្ដី​គ្នា​ដោយ​ការ​ប្រមាថ​ដល់​ពូជ​អំបូរ​ជាមួយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី រហូត​រាលដាល​ដល់​មាន​ការ​ប្រើ​ពាក្យពេចន៍​មិន​គួរ​គប្បី​លើ​ព្រះមហាក្សត្រ​ខ្មែរ​ថែម​ទៀត។

ជុំវិញ​រឿង​នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​ជាពិសេស​គណបក្ស​ភ្លើង​ទៀន​ដែល​គេ​ដឹង​ថា​មាន​លោក សម រង្ស៊ី បញ្ជា​ពីក្រោយ បាន​ចេញ​មុខ​ថ្កោលទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ផង​ដែរ។

កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ខ្លួន​មិន​មាន​ទំនាក់ទំនង​នឹង​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី នោះ​ទេ។ គណបក្ស​នេះ​ក៏​បាន​បញ្ជាក់​ជំហរ​ដែរ​ថា ខ្លួន​នឹង​ថ្កោលទោស​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ ឬ​រំលោភ​បំពាន​ដល់​ព្រះអង្គ ប៉ុន្តែ​បក្ស​មួយ​នេះ​មិន​បាន​បញ្ជាក់​ថា លោក សម រង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ​តាម​ការ​អះអាង​របស់​លោក ហ៊ុន សែន នោះ​ឡើយ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៧ តុលា ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​បក្ស​ភ្លើង​ទៀន តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន និង​ការ​ឆ្លើយតប​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច គឺជា​ឥរិយាបថ​នយោបាយ​មួយ​ដែល​អាច​ជួយ​កាត់បន្ថយ​កម្តៅ​នយោបាយ​ដែល​កំពុង​កើតមាន​ឡើង​ថ្មីៗ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព។

លោក​អះអាង​ថា ប្រសិនបើ​ឥរិយាបថ​នយោបាយ​បែប​នេះ​ត្រូវ​បាន​អ្នក​នយោបាយ​ប្រើ​បន្ត​ទៀត នោះ​បរិយាកាស​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត នឹង​មាន​ស្ថានភាព​ល្អ​ប្រសើរ ហើយ​បើ​បន្ត​ដល់​ក្រោយ​ការ​បោះឆ្នោត នោះ​វប្បធម៌​សន្ទនា​នឹង​ដុះ​ត្រួយ​ឡើងវិញ​ជាមិនខាន។

បណ្ឌិត សេង សារី បញ្ជាក់​ថា ទោះបី​មធ្យោបាយ​ចរចា​មិនមែន​ជា​មធ្យោបាយ​ល្អ​ឥត​ខ្ចោះ និង​មិន​អាច​ធ្វើ​ឱ្យ​គ្រប់​គ្នា​សប្បាយ​ចិត្ត​ក៏ដោយ តែ​វា​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន។

ប៉ុន្តែ​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា សេចក្តី​ថ្លែងការណ៍​របស់​បក្ស​ភ្លើង​ទៀន​ពិត​មែន​តែ​បង្ហាញ​ហេតុផល​ត្រឹមត្រូវ​មែន ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា បក្ស​មួយ​នេះ​ជា​បក្ស​ប្រកួតប្រជែង​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​បក្ស​កាន់​អំណាច​នោះ​ទេ ហើយ​លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ឲ្យ​បញ្ជាក់​ជំហរ​ច្បាស់លាស់​អំពី​ការ​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី នោះ ក៏​មិនមែន​ជា​ការ​ស្នើសុំ​ដែរ ប៉ុន្តែ​គឺជា​ការ​គំរាមកំហែង និង​ដាក់​បទបញ្ជា​យ៉ាង​ជាក់លាក់ ដើម្បី​បញ្ចៀស​ការ​រំលាយ​គណបក្ស​ភ្លើង​ទៀន​នោះ​ចោល​តាម​ច្បាប់​បោះឆ្នោត​ថ្មី​របស់​លោក ហ៊ុន សែន ទៅវិញ​ទេ។ ដូច្នេះ លិខិត​របស់​គណបក្ស​ភ្លើង​ទៀន​អាច​សម្រួល​ជាមួយ​លោក ហ៊ុន សែន បាន​បន្តិចបន្តួច​ប៉ុណ្ណោះ ពោល​គឺ​មិន​អាច​ទៅ​ដោះស្រាយ​បញ្ហា​ធំ​ដុំ​បាន​នោះ​ទេ ឬ​ក៏​ឈាន​ទៅ​ដល់​ការ​បង្កើត​វប្បធម៌​សន្ទនា​ថ្មី​ណា​មួយ​ឲ្យ​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​លោក ហ៊ុន សែន នោះ​ដែរ។

លោក ម៉ែន ណាត អះអាង​ថា រឿង​អយុត្តិធម៌​វា​នៅតែ​អយុត្តិធម៌​ដដែល ដែល​គណបក្ស​ភ្លើង​ទៀន​ខ្លួនឯង​នៅតែ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ពេញលេញ​ផង​នោះ។ ជាក់ស្តែង ដូចជា​ករណី​បណ្តឹង​លើ​លោក សុន ឆ័យ អនុប្រធាន​បក្ស​ភ្លើង​ទៀន រួម​ទាំង​សកម្មជន​របស់​ខ្លួន​ជាច្រើន​រូប​ទៀត។ លោក​បន្ត​ថា ជា​រួម បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​ស៊ង និង​ចូល​អន្ទាក់​របស់​លោក ហ៊ុន សែន កាន់តែ​ជ្រៅ ហើយ​បក្ស​មួយ​នេះ​នឹង​ធ្វើ​អ្វីៗ​ដើម្បី​ថ្នម​ចិត្ត​លោក ហ៊ុន សែន ដើម្បី​បាន​អង្គុយ​ក្នុង​រដ្ឋសភា​ដែល​គ្មាន​យុត្តិធម៌។

ទោះជា​បែប​នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​ចេញ​មុខ​ប្រមាថ​ព្រះមហាក្សត្រ​ពី​សំណាក់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ការ​ចេញ​មុខ​តាម​កម្ទេច​ពី​សំណាក់​បុរស​ខ្លាំង លោក ហ៊ុន សែន ចំពោះ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ គ្រាន់តែ​បង្ហាញ​ថា ពួកគេ​ជា​អ្នក​ដឹកនាំ​ពូកែ​ខាង​បង្ក​ជម្លោះ និង​ជា​អ្នក​នយោបាយ​ដែល​គ្មាន​សមត្ថភាព​បង្រួបបង្រួម​ជាតិ ដោះស្រាយ​បញ្ហា​ជាតិ និង​មិន​អាច​បម្រើ​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស