មេដឹកនាំជុំវិញពិភពលោក រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង បាននាំគ្នាចូលរួមរំលែកមរណទុក្ខជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ចំពោះឧបទ្ទវហេតុនៃសោកនាដកម្មរត់ជាន់គ្នារបស់ពលរដ្ឋកូរ៉េខាងត្បូង អំឡុងពេលនៃការប្រារព្ធពិធីបុណ្យ Halloween នៅក្នុងសង្កាត់អ៊ីថេវ៉ុន នៃទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីបារាំង លោក Emmanuel Macron និងមេដឹកនាំខ្មែរ លោក ហ៊ុន សែន ជាដើម បានចេញលិខិតរំលែកមរណទុក្ខជូនប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នេះ ដើម្បីសម្ដែងនូវទុក្ខក្រៀមក្រំ និងក្តីអាណិតអាសូរជូនចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងឧបទ្ទវហេតុនៃការរត់ជាន់គ្នានាចុងសប្តាហ៍កន្លងទៅនេះ។
កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ អំឡុងពេលដែលពលរដ្ឋកូរ៉េខាងត្បូង ជាពិសេសយុវវ័យប្រមាណជា ១០ម៉ឺននាក់ កំពុងដើរលេងកម្សាន្តនៅពេលរាត្រីក្នុងទីក្រុងសេអ៊ូល ដើម្បីអបអរពិធីបុណ្យ Halloween ក៏បង្កឱ្យមានឧបទ្ទវហេតុរត់ជាន់គ្នាកើតឡើងដែលបណ្តាលឱ្យមនុស្សប្រុសស្រីស្លាប់ និងរងរបួសជាច្រើននាក់។
ជុំវិញហេតុការណ៍នេះ អាជ្ញាធរកូរ៉េខាងត្បូង បានបង្ហាញរបាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៥៣នាក់បានស្លាប់ និង ៨២នាក់បានរងរបួស ក្នុងនោះ ១៩នាក់បានរបួសធ្ងន់ផងដែរ។
យ៉ាងណាក៏ដោយ មន្ត្រីប៉ូលិសរបស់កូរ៉េ អះអាងថា ខ្លួនកំពុងបន្តស៊ើបអង្កេតជុំវិញករណីនេះបន្ថែមទៀត ដើម្បីកំណត់ពីមូលហេតុពិតប្រាកដដែលបណ្តាលឱ្យឧបទ្ទវហេតុនេះកើតឡើង។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមអ្នកបាត់បង់ជីវិតមានជនបរទេសចំនួន ២២នាក់ដែលភាគច្រើនជាស្ត្រី ដូចជាជនជាតិចិន ជនជាតិអ៊ីរ៉ង់ ជនជាតិរុស្ស៊ី ជនជាតិអាមេរិក ជនជាតិបារាំង ជនជាតិអូស្ត្រាលី ជនជាតិវៀតណាម ជនជាតិអ៊ូបេគីស្ថាន ជនជាតិន័រវែស ជនជាតិកាហ្សាក់ស្ថាន ជនជាតិស្រីលង្កា ជនជាតិថៃ និងជនជាតិអូស្ត្រាលី ផងដែរ ខណៈជនបរទេសម្នាក់ចុងក្រោយមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ។
សោកនាដកម្មនៃការរត់ជាន់គ្នានេះ ត្រូវគេចាត់ទុកថាជាសោកនាដកម្មដ៏អាក្រក់បំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីការលិចសាឡាង Sewol ក្នុងអំឡុងឆ្នាំ២០១៤ មក ដែលបានសម្លាប់មនុស្សចំនួន ៣០៤នាក់ ដែលភាគច្រើនជាសិស្សវិទ្យាល័យ។
ជុំវិញឧបទ្ទវហេតុនេះ មន្ត្រីគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានសរសេរលើបណ្ដាញសង្គមធ្វីតធឺរបស់លោកកាលពីថ្ងៃទី៣០ ខែតុលា ថា លោកសោកស្ដាយខ្លាំងណាស់ចំពោះព្រឹត្តិការណ៍ដ៏អាក្រក់នេះ ហើយពួកយើងដែលជាសហភាពអឺរ៉ុប តែងតែនៅជាមួយប្រជាជនកូរ៉េជានិច្ច។
ជុំវិញការស្លាប់ពលរដ្ឋកូរ៉េខាងត្បូងក្នុងពិធីបុណ្យ Halloween នេះ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានសម្រេចប្រកាសកាន់ទុក្ខរយៈពេល ១សប្តាហ៍ គឺចាប់ពីថ្ងៃចន្ទ ទី៣១ ខែតុលា រហូតដល់ដល់ថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕