មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ព្រមានថា រដ្ឋសភាឯកបក្សរបស់បក្សកាន់អំណាចសព្វថ្ងៃមានតែនៅលើក្រដាសប៉ុណ្ណោះ ព្រោះលោក ហ៊ុន សែន ជាមេបក្សដែលមានសិទ្ធិដកសមាជិកបក្សដែលជាសមាជិករដ្ឋសភា។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ វិច្ឆិកា នេះថា នៅកម្ពុជា ការកាន់អំណាចរបស់លោក ហ៊ុន សែន ធំលើសអំណាចរដ្ឋសភា អំណាចរដ្ឋាភិបាល និងអំណាចតុលាការទៅទៀត។ ដូច្នេះ បើទោះបីជាកម្ពុជាអនុវត្តតាមរបបប្រជាធិបតេយ្យដែលព្រះមហាក្សត្រអាស្រ័យធម្មនុញ្ញដូចប្រទេសអង់គ្លេស ក៏ដោយ ប៉ុន្តែខ្លឹមសារពិតប្រាកដ គឺមិនដូចគ្នានោះឡើយ ព្រោះថាអង់គ្លេសអនុវត្តតាមច្បាប់ ប៉ុន្តែកម្ពុជាអនុវត្តតាមបក្សប៉ុណ្ណោះ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ស្ថាប័នកំពូលរបស់ជាតិទាំងបី គឺស្ថាប័នរដ្ឋសភា ស្ថាប័នរដ្ឋាភិបាល និងស្ថាប័នតុលាការ ត្រូវបានបក្សកាន់អំណាចក្តោបក្តាប់ទាំងស្រុងតាមរយៈនៃការតែងតាំងតួនាទីមន្ត្រីជាន់ខ្ពស់របស់ពួកគេចូលទៅគ្រប់គ្រងស្ថាប័នទាំងនោះ ជាពិសេសលោក ហ៊ុន សែន បានគ្រប់គ្រងស្ថាប័ននីតិប្រតិបត្តិ លោក ហេង សំរិន គ្រប់គ្រងស្ថាប័ននីតិប្បញ្ញត្តិ លោក ឌិត មុន្ទី គ្រប់គ្រងស្ថាប័នតុលាការ ចំណែកលោក សាយ ឈុំ គ្រប់គ្រងស្ថាប័នព្រឹទ្ធសភា ជាដើម។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា អំណាចរដ្ឋសភាកម្ពុជាមិនអាចប្រៀបធៀបជាមួយអំណាចរដ្ឋសភារបស់អង់គ្លេសបានទេ ព្រោះប្រទេសអង់គ្លេសគ្មានបក្សណាមួយអាចគ្រប់គ្រងលើស្ថាប័នជាតិរបស់គេបានឡើយ ប៉ុន្តែកម្ពុជាវិញ បក្សកាន់អំណាចបានប្រើឥទ្ធិពលរបស់ខ្លួនគ្រប់គ្រងលើក្រសួងស្ថាប័នជាតិគ្រប់ច្រកទាំងអស់។ លោកបន្ថែមថា ដោយសារតែបញ្ហានេះហើយទើបកម្ពុជាជួបវិបត្តិជាប់គាំងនយោបាយមិនចេះចប់មិនចេះហើយដូចសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋសភាឯកបក្សនៃបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានអនុម័តកែប្រែរដ្ឋធម្មនុញ្ញចំនួន ៨មាត្រា ដូចជាមាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ និងមាត្រា ១១៩ថ្មី(មួយ) ជាដើម ក្រោមហេតុផលថា ដើម្បីបំពេញភាពចន្លោះប្រហោងរបស់ច្បាប់នេះ។
យ៉ាងណាក៏ដោយ ការកែប្រែខ្លឹមសារនៃរដ្ឋធម្មនុញ្ញដល់ទៅ ៨មាត្រានេះ ត្រូវគេមើលឃើញថាជាចេតនាដើម្បីទប់ស្កាត់សំឡេងប្រឆាំងណាមួយពីរដ្ឋសភា ក្នុងពេលបង្កើតរដ្ឋាភិបាលរបស់បក្សកាន់អំណាចប៉ុណ្ណោះ។ ជាក់ស្តែង បើប្រៀបធៀបលើខ្លឹមសារនៃមាត្រា១១៩ចាស់ ចែងថា តាមសេចក្តីស្នើសុំពីប្រធានដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត ឲ្យបង្កើតរាជរដ្ឋាភិបាល។
ប៉ុន្តែខ្លឹមដែលបានកែប្រែថ្មីនេះ បានចែងផ្ទុយពីខ្លឹមសារចាស់ទៅវិញ ដោយកំណត់ថា តាមសេចក្តីស្នើសុំពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រីឲ្យបង្កើតរាជរដ្ឋាភិបាល។
ក្នុងខ្លឹមសារនេះ បានបង្ហាញពីការប្រគល់សិទ្ធិអំណាចទាំងស្រុងលើមេដឹកនាំគណបក្សកាន់អំណាចដែលមានចេតនាបំបិទចោលនូវការជំទាស់របស់អនុប្រធានរដ្ឋសភាណាមួយ ដែលអាចកើតឡើងនៅពេលបង្កើតរដ្ឋាភិបាលថ្មី។
ទាក់ទិននឹងបញ្ហានេះ កាលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន សែន ធ្លាប់បានគំរាមថា លោកមានសិទ្ធិដកតំណែងសមាជិកបក្សកាន់អំណាចគ្រប់ពេលទាំងអស់ ព្រោះថានៅកម្ពុជា ពលរដ្ឋបោះឆ្នោតឲ្យគណបក្ស ដូច្នេះបក្សត្រូវតែមានសិទ្ធិពេញលេញក្នុងការដកអ្នកទាំងនោះ។ ក្នុងន័យនេះ សមាជិករដ្ឋសភាដែលជាសមាជិកបក្សកាន់អំណាច ក៏នឹងត្រូវដកចេញពីតំណែងដែរ បើពួកគេមិនធ្វើតាមបញ្ជារបស់លោកនោះ៕