26 C
Phnom Penh

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​ឧក្រិដ្ឋជន​ដែល​សម្លាប់​អ្នក​កាសែត​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​ធ្វើការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន និង​សិទ្ធិមនុស្ស​ជាង ៣០​ស្ថាប័ន ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​មាន​វិធានការ​បើក​ការ​ស៊ើបអង្កេត និង​ចាប់​ឧក្រិដ្ឋជន​សម្លាប់​អ្នក​សារព័ត៌មាន​មក​ផ្ដន្ទាទោស ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា។

ការ​ជំរុញ​នេះ ធ្វើឡើង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​រួម​មកពី​ស្ថាប័ន​សារព័ត៌មាន និង​សិទ្ធិមនុស្ស​ចំនួន ៣២​ស្ថាប័ន ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន នា​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ស្ថាប័ន​ព័ត៌មាន និង​សិទ្ធិមនុស្ស​ទាំង ៣២​ស្ថាប័ន ក្នុង​នោះ​មាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ព្រមទាំង​សមាគម​ការពារ​អ្នក​កាសែត​កម្ពុជា ជាដើម។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​រួម បាន​លើកឡើង​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា​បាន​ខកខាន​ក្នុង​ការ​នាំ​យក​ជនល្មើស​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​មក​ផ្ដន្ទាទោស​ជា​យូរ​មក​ហើយ។ ជាក់ស្ដែង អ្នក​សារព័ត៌មាន​ចំនួន ១៧​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៤ ខណៈ​អ្នក​សារព័ត៌មាន​ចំនួន ១២​នាក់​ដែល​កំពុង​រាយការណ៍​អំពី​បញ្ហា​រសើប​នៅ​ពេល​ពួកគេ​ត្រូវ​បាន​សម្លាប់ ហើយ​គ្មាន​ជនល្មើស​ណា​ម្នាក់​ត្រូវ​បាន​នាំ​មក​ផ្ដន្ទាទោស​ឡើយ​ក្នុង​ករណី​ទាំង ១២​នេះ។

ចំណែក​ការ​យាយី និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​នៅតែ​ជា​ក្តី​បារម្ភ​ខ្ពស់​នៅ​ឆ្នាំ​២០២២ នេះ ក្នុង​នោះ​អ្នក​សារព័ត៌មាន​ចំនួន ៥៧​នាក់​ត្រូវ​បាន​យាយី​ក្នុង​រយៈពេល ១០​ខែ​ចុងក្រោយ​នេះ (ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០២២)។

យោង​តាម​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJA) ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ទាំង ៥៧​នាក់​នេះ​មាន៖

  • ២៣​នាក់​ទទួល​រង​អំពើ​ហិង្សា និង​ការ​គំរាមកំហែង
  • ១២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន
  • ១២​នាក់​ប្រឈម​នឹង​ការ​យាយី​តាម​ផ្លូវ​តុលាការ
  • ៦​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បី​សាកសួរ
  • និង​អាជ្ញាប័ណ្ណ​សារព័ត៌មាន​ចំនួន ៤ ត្រូវ​បាន​ដកហូត។

ក្នុង​នោះ អ្នក​សារព័ត៌មាន​កម្ពុជា និង​បរទេស​នៅ​ឆ្នាំ​នេះ​បាន​ជួបប្រទះ​នូវ​អំពើ​ហិង្សា ការ​យាយី និង​ការ​បំភិតបំភ័យ​ម្តង​ហើយ​ម្តង​ទៀត​ពី​អាជ្ញាធរ និង​តួអង្គ​ដទៃ​ទៀត ខណៈ​កំពុង​រាយការណ៍​អំពី​កូដកម្ម​ការងារ​ដែល​កំពុង​បន្ត​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ក្នុង​រាជធានី​ភ្នំពេញ។

ជាមួយ​គ្នា​នេះ អ្នក​សារព័ត៌មាន​របស់ វីអូឌី (VOD) ចំនួន ៥​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌ និង​សាកសួរ​អស់​រយៈពេល​ប្រមាណ ៧​ម៉ោង ខណៈ​ចុះ​យក​ព័ត៌មាន​អំពី​ការ​កាប់​ឆ្ការ និង​ការ​ដាំ​កូនឈើ​ឡើងវិញ​នៅ​ភ្នំ​តាម៉ៅ។

ចំណែក​ការ​ផ្ដន្ទាទោស​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ២​នាក់ ក៏​ត្រូវ​បាន​ព្យួរ​រយៈពេល ៥​ឆ្នាំ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់ទុក​ករណី​នេះ​ថា​ជា​ការ​រំលោភ​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​ជំនុំជម្រះ​ក្តី​ឲ្យ​បាន​លឿន និង​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ។

ដូច្នេះ ការ​យាយី និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​សារព័ត៌មាន​ដែល​កំពុង​រាយការណ៍​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សារព័ត៌មាន គំរាម​កំហែង​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​សាធារណជន និង​មាន​ការ​ពិបាក​សម្រាប់​ឱ្យ​បុគ្គល​មាន​អំណាច​ទទួល​ខុសត្រូវ​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ពួកគេ​ថ្កោលទោស​ចំពោះ​និទ្ទណ្ឌភាព​ដែល​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា និង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ជាក់ស្តែង ដើម្បី​ធានា​ថា​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ធ្វើឡើង ដែល​ជនល្មើស​ត្រូវ​បាន​ផ្ដន្ទាទោស ហើយ​ថា​អ្នក​សារព័ត៌មាន​ដែល​បាន​ជួបប្រទះ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ទទួល​បាន​យុត្តិធម៌។

មួយ​វិញ​ទៀត ពួកគេ​ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ជាបន្ទាន់ ដើម្បី​ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​ប្រើប្រាស់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សារព័ត៌មាន បម្រើ​សាធារណជន​ដោយ​គ្មាន​ការ​ភ័យខ្លាច ប៉ុន្តែ​ប្រសិនបើ​អាជ្ញាធរ​មិន​បាន​ធ្វើការ​ស៊ើបអង្កេត​ត្រឹមត្រូវ និង​ផ្ដន្ទាទោស​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន វា​ជា​សារ​មួយ​បង្ហាញ​ថា​ឧក្រិដ្ឋកម្ម​បែប​នេះ​ត្រូវ​បាន​អនុញ្ញាត។

បើ​តាម​សេចក្ដី​ថ្លែងការណ៍ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ជាបន្ទាន់ ដើម្បី​ធានា​ថា​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ។

ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ធានា​ថា អ្នក​សារព័ត៌មាន​មាន​សេរីភាព​ក្នុង​ការ​រាយការណ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ ខណៈ​កម្ពុជា​កំពុង​រៀបចំ​ស្វាគមន៍​ប្រមុខ​រដ្ឋ​បរទេស អ្នក​ការទូត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ខែ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស