41.3 C
Phnom Penh

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ស្នើសុំ​ជួប​លោក ចូ បៃដិន ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ស្នើ​ឲ្យ​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ជួយ​សម្របសម្រួល​ឲ្យ​ពួកគេ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ដើម្បី​បង្ហាញ​អំពី​ទុក្ខ​កង្វល់ និង​សុំ​ឲ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ។

ការ​ស្នើសុំ​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ ស្រប​ពេល​ដែល​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​វិច្ឆិកា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នា​សប្តាហ៍​ក្រោយ​នេះ។

ភរិយា​របស់​លោក កាក់ កុម្ភារ ដែល​ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី ព្រំ ចាន់ថា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​អំឡុង​ពេល​ដែល​ពួកគេ​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ថា ការ​ដែល​សុំ​ឲ្យ​មន្ត្រី​ទូត​នេះ​ជួយ ព្រោះ​ពួកគាត់​ចង់​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ដោយ​ផ្ទាល់ ដើម្បី​ប្រាប់​ពី​ទុក្ខ​កង្វល់​គ្រួសារ​ពួកគាត់​កំពុង​ជួប។

លោកស្រី​ក៏​ចង់​ស្នើសុំ​ឲ្យ​លោក ចូ បៃដិន ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ស្វាមី និង​សាច់ញាតិ ព្រមទាំង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ដោយសារ​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា។

ក្រៅពី​ប្រមូលផ្ដុំ និង​លើក​បដា​អម​ជាមួយ​នឹង​សម្រែក​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ​នោះ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ក៏​បាន​នាំគ្នា​ព្យាយាម​ដើរ​លើក​បដា ប៉ុន្តែ​ត្រូវ​ក្រុម​ប្រជា​ការពារ​ខណ្ឌ​ដូនពេញ រារាំង និង​រុញច្រាន​ពួកគេ​ផង​ដែរ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​ពី​តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​អ្នក​នាំពាក្យ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បាន​នៅឡើយ​ទេ។

ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​របស់​ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​ស្វាមី​ពួកគេ និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៣ ទៅ ៧​ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ដំណើរ​វិលត្រឡប់​មក​កម្ពុជា​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ចំណែក​អ្នក​ខ្លះ​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​ដំណើរ​វិលត្រឡប់​ចូល​កម្ពុជា​លើក​ទី​២ របស់​អ្នកស្រី មូរ សុខហួរ កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២១ ដោយ​ពួក​គេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់»៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស