អ្នកឃ្លាំមើលសង្គមចាត់ទុកការផ្លាស់ប្ដូរលំនៅឋានរបស់ពលរដ្ឋពីតំបន់អង្គរឱ្យទៅរស់នៅក្នុងតំបន់រុនតាឯក ខេត្តសៀមរាប តាមបញ្ជាបុរសខ្លាំង លោក ហ៊ុន សែន ដោយការបង្ខិតបង្ខំ គឺជាទង្វើចង្រៃអពមង្គលសម្រាប់ពលរដ្ឋ និងបេតិកភណ្ឌវប្បធម៌ពិភពលោក។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានអះអាងកាលពីថ្ងៃអាទិត្យ ទី៦ វិច្ឆិកា ថា ការជម្លៀសពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរដោយការបង្ខិតបង្ខំឲ្យចេញពីលំនៅឋានរបស់ខ្លួននៅពេលនេះ គឺជាកំហុសយ៉ាងធ្ងន់ធ្ងរ ព្រោះរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា មន្ត្រីរាជការរបស់រដ្ឋត្រូវតែយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាព និងសុខមាលភាពរបស់ពលរដ្ឋតាមមាត្រា៥២ ជាធរមាន។
បណ្ឌិត ឡៅ ម៉ុងហៃ ព្រមានថា អ្វីដែលកាន់តែចង្រៃបំផុតទៅទៀតនោះ គឺការជម្លៀសនេះនឹងធ្វើឲ្យចំណាត់ថ្នាក់តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌ពិភពលោក ដែលគេចាត់ទុកថាជាតំបន់រមណីយដ្ឋានសម្រាប់ការអភិវឌ្ឍ វប្បធម៌ និងអរិយធម៌នេះទៅជាតំបន់ដែលបំផ្លាញគុណតម្លៃវប្បធម៌ដ៏ធ្ងន់ធ្ងរបំផុតជាមិនខានទៅថ្ងៃមុខ។
អ្នកវិភាគនយោបាយ និងសង្គមរូបនេះបញ្ជាក់ថា ការប្រើវិធានការបង្ខិតបង្ខំជម្លៀសពលរដ្ឋឲ្យចេញពីតំបន់អង្គរឱ្យទៅរស់នៅតំបន់រុនតាឯក ក្រោមផែនការរបស់រដ្ឋាភិបាលឯកបក្សនៅពេលនេះ គឺជាសកម្មភាពបំផ្លាញសម្បត្តិវប្បធម៌របស់បុព្វបុរសខ្មែរយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយស្រឡះនឹងគោលបំណងនៃការថែរក្សា ការការពារវប្បធម៌របស់អន្តរជាតិដែលបានចាត់ថ្នាក់តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌ពិភពលោកនាពេលកន្លងមក។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនជម្លៀសពលរដ្ឋដែលរស់នៅតំបន់អង្គរទៅរស់នៅទីតាំងថ្មី កាលពីពេលថ្មីៗនេះ ក្រោមហេតុផលថា លំនៅឋានរបស់ពលរដ្ឋទាំងនោះបានធ្វើឲ្យប៉ះពាល់បេតិកភណ្ឌពិភពលោក។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរសម្រាប់ធ្វើការផ្លាស់ប្ដូរលំនៅឋានរបស់ពលរដ្ឋដែលបានរស់នៅក្នុងតំបន់នោះតាំងពីមុនមក ឱ្យទៅរស់នៅកន្លែងផ្សេងដែលស្ថិតក្នុងភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សព្វថ្ងៃនេះ រដ្ឋាភិបាលកំពុងធ្វើការអភិវឌ្ឍភូមិធម្មជាតិរុនតាឯកថ្មីលើផ្ទៃដីទំហំជាង ១១០០ហិកតារស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្រាប់ពលរដ្ឋកំពុងរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរដែលស្ម័គ្រចិត្តដោះដូរទៅរស់នៅតំបន់នេះ។
យ៉ាងណាក៏ដោយ កាលពីចុងខែតុលា ឆ្នាំ២០២២ ពលរដ្ឋជាង ២០០គ្រួសារនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានដីអាស្រ័យផលនៅភូមិធម្មជាតិរុនតាឯក បានចោទអាជ្ញាធរជាតិអប្សរាថាបានយកដីស្រែរបស់ពួកគេទៅបែងចែកឱ្យពលរដ្ឋដែលខ្លួនបានជម្លៀសឱ្យទៅរស់នៅលើដីនោះ ដោយមិនបានដោះស្រាយសំណងដល់ខ្លួនដែលជាម្ចាស់ដីនោះទេ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ពលរដ្ឋទាំងនោះក៏បាននាំគ្នាទៅប្រមូលផ្ដុំ និងដាក់ញត្តិនៅរដ្ឋបាលខេត្តសៀមរាប ប៉ុន្តែមន្ត្រីរដ្ឋបាលខេត្តបានបដិសេធទទួលសំណើរបស់ពលរដ្ឋ ក្រោមហេតុផលថា ពលរដ្ឋទាំងនោះគ្មានលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីច្បាស់លាស់។
ជុំវិញបញ្ហានេះ ពលរដ្ឋចំនួន ២៣គ្រួសារដែលមានដីស្រែសរុប ៨២ហិកតារ និង ៤៥អា បានរងនូវផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកថ្មីនេះយ៉ាងធ្ងន់ធ្ងរផងដែរ ក្នុងនោះអ្នកភូមិចំនួន ១៣គ្រួសារ បានសម្រេចចិត្តទទួលយកសំណងទាំងបង្ខំ ខណៈពលរដ្ឋ ១០គ្រួសារទៀតរក្សាជំហរមិនទទួលយកការដោះដូរដីឡូត៍ក្នុងទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រនោះឡើយ ដោយអះអាងថា ការដោះស្រាយបែបនេះពុំមានតម្លាភាពជូនពួកគាត់នោះទេ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ជីវភាពរបស់ពលរដ្ឋដែលបានស្ម័គ្រចិត្តដោះដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក បានធ្វើចំណាកស្រុកក្រោយពេលពួកគេជួបបញ្ហាជីវភាពដោយសារទីតាំងថ្មីនេះគ្មានមុខរបរសម្រាប់ចិញ្ចឹមជីវិតអ្វីនោះឡើយ៕