ក្រុមអ្នកសង្កេតការណ៍រិះគន់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ថាចាប់តាំងពីបានទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ រហូតដល់ប្រគល់ញញួរឱ្យទៅប្រធានអាស៊ានថ្មី បានត្រឹមតែអួតពីការប្រគល់វត្ថុអនុស្សាវរីយ៍ជានាឡិកាដៃឱ្យមេដឹកនាំអាស៊ានប៉ុណ្ណោះ ខណៈគ្រប់កិច្ចការរបស់អាស៊ានបានទទួលបរាជ័យទៅហើយនោះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ វិច្ឆិកា នេះថា លោក ហ៊ុន សែន ប្រឹងអួតនាឡិកាដៃដែលគាត់នឹងចែកឱ្យមេដឹកនាំអាស៊ាន ថាខ្មែរធ្វើបាន ប៉ុន្តែនាឡិកានេះគ្រាន់តែយកបំណែកអេឡិចត្រូនិកពីបរទេសមកផ្គុំតែប៉ុណ្ណោះ មិនមែនកម្ពុជាមានរោងចក្រផលិតឧបករណ៍អេឡិចត្រូនិកណាមួយបាននោះទេ។ ដូច្នេះ បើនិយាយថា ខ្មែរធ្វើបាន ដោយសារនាឡិកានេះ គឺជារឿងដែលគួរឱ្យអស់សំណើចទៅវិញប៉ុណ្ណោះ ព្រោះគាត់បរាជ័យរឿងដឹកនាំអាស៊ាន ប៉ុន្តែមកប្រឹងអួតនាឡិកាដែលមិនមែនជាតួនាទីរបស់គាត់ និងមិនជាប់ពាក់ព័ន្ធអ្វីបន្តិចសោះជាមួយនឹងកិច្ចការរបស់អាស៊ាន។
បញ្ញវន្តខ្មែររូបនេះអះអាងថា បើលោក ហ៊ុន សែន ចង់អួតថាខ្មែរធ្វើបាន ទាល់តែកម្ពុជាអាចដោះស្រាយវិបត្តិនៅភូមាឱ្យចប់សព្វគ្រប់ជាមុនសិន ព្រោះថាវិបត្តិនៅភូមាជាបញ្ហាដ៏ធំមួយដែលមេដឹកនាំអាស៊ានរង់ចាំមើលវិធីសាស្ត្រក្នុងការដោះស្រាយរបស់កម្ពុជាគ្រប់ៗគ្នា ប៉ុន្តែនៅទីបំផុត កម្ពុជាត្រូវបរាជ័យទាំងស្រុង។
លោក ម៉ែន ណាត លើកឡើងថា ក្រោយថ្ងៃប្រគល់ញញួរអាស៊ានឱ្យទៅប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំអាស៊ានខាងមុខនេះ លោក ហ៊ុន សែន នឹងអស់ភារកិច្ចត្រូវធ្វើក្នុងការដឹកនាំអាស៊ានបន្តទៀតហើយ ដូច្នេះគេអាចវាយតម្លៃពីកិច្ចការរបស់លោក ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះថា លទ្ធផលការងាររបស់គាត់ពេញមួយឆ្នាំនេះ គឺបានត្រឹមបង្កភាពស្មុគស្មាញដល់អាស៊ានដែលនាំឱ្យអាស៊ានខូចនយោបាយការទូត និងបែកបាក់ផ្ទៃក្នុងរបស់អាស៊ានប៉ុណ្ណោះ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះព្យាករថា តាមសមត្ថភាពរបស់លោក ហ៊ុន សែន កុំថាឡើយវិបត្តិនៅភូមា គាត់មិនអាចដោះស្រាយបាន សូម្បីក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង ឬហៅកាត់ថា COC ដែលជាប់គាំងដោយសារគាត់កាលពី ១០ឆ្នាំមុន ក៏គាត់នៅតែមិនអាចដោះស្រាយបានផងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ បើទោះបីជាគាត់ធ្លាប់អះអាងថានឹងទម្លាយក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ពេលខ្លួនដឹកនាំអាស៊ានកាលពីចុងខែធ្នូ ឆ្នាំ២០២១ ក៏ដោយ។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បុរសខ្លាំង លោក ហ៊ុន សែន បានអះអាងថា លោកនឹងពាក់នាឡិកាដែលមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនមេដឹកនាំដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា ឆ្នាំ២០២២ នៅសប្តាហ៍ក្រោយនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា នាឡិកាដៃដែលកម្ពុជាផលិតជូនមេដឹកនាំអាស៊ានជាវត្ថុអនុស្សាវរីយ៍មានចំនួន ២៥គ្រឿង ដែលជាការបង្ហាញឱ្យឃើញពីផ្នែកមួយនៃការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជាផងដែរ។
កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា លោកនឹងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលអំពីយុទ្ធសាស្ត្ររបស់លោកក្នុងការដោះស្រាយវិបត្តិនៅភូមា នៅពេលដែលលោកឡើងធ្វើជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ប៉ុន្តែចាប់ពីលោកធ្វើជាប្រធានអាស៊ានតាំងពីដើមខែមករា ឆ្នាំ២០២២ មក វិបត្តិភូមា នៅតែបន្តកើតមានដដែល ហើយមានសភាពធ្ងន់ធ្ងរជាងមុនថែមទៀត។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅក្នុងពិធីបិទបញ្ចប់ជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខនេះ លោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ នឹងប្រគល់ញញួរប្រធានអាស៊ានទៅឱ្យប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែលនឹងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហានានាដែលប្រធានអាស៊ានឆ្នាំ២០២២ លោក ហ៊ុន សែន ដោះស្រាយមិនចេញ៕