ព្រះមហាក្សត្រ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីដែលជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ចូលគាល់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ាន។
ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងអស់ ដោយរាប់តាំងភាគីកម្ពុជាផងមានចំនួន ៩រូប ដែលបានចូលគាល់ព្រះមហាក្សត្រកម្ពុជា លើកលែងតែតំណាងប្រទេសមីយ៉ាន់ម៉ា ប៉ុណ្ណោះដែលអវត្តមាន។
ថ្នាក់ដឹកនាំប្រទេសអាស៊ានយាង និងចូលគាល់ព្រះបាទនរោត្តម សីហមុនី មានដូចជា៖
- លោក ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីហ្វីលីពីន
- លោក ម៉ាលីគី អូស្មាន់ (Maliki Osman) រដ្ឋមន្ត្រីការបរទេសទីពីររបស់សិង្ហបុរី
- លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីថៃ
- លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម
- ព្រះចៅស៊ុលតង់ ហាស់សាណាល់ បុលគីយ៉ាស់ (Hassanal Bolkiah) ព្រះមហាក្សត្រប្រ៊ុយណេ
- លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
- លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី
- លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ
- និងលោក តាន់ ស្រ៊ី អាហ្សា អាហ្ស៊ីហ្សាន់ ហារុន (Tan Sri Azhar Azizan Harun) ប្រធានសភាជាន់ទាបរបស់ម៉ាឡេស៊ី។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកនេះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ មានរយៈពេល ៦ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណា របៀបវារៈសំខាន់ៗមួយចំនួននៅមិនទាន់ចាប់ផ្តើមនៅឡើយទេគិតត្រឹមរសៀលថ្ងៃទី១០ ខែវិច្ឆិកា៕