29.3 C
Phnom Penh

បើ​មាន​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក បៃដិន តើ​ភាគី​ទាំង​ពីរ​អាច​ដាក់​លក្ខខណ្ឌ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ជា​ថ្ងៃ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា​លើក​ទី​៦៩ ដែល​រាជាណាចក្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ទទួល​បាន​ភាព​ជា​សិទ្ធិ​ម្ចាស់​ប្រទេស​ពី​អាណានិគម​បារាំង។

ឆ្លៀត​ឱកាស​នោះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken បាន​ផ្ញើ​សារ​ចូលរួម​អបអរ​សាទរ​ជាមួយ​ប្រជាជន​កម្ពុជា។

សារ​លិខិត​របស់​ប្រមុខ​ការទូត​ប្រទេស​មហាអំណាច​នេះ​ដែល​មាន​សេចក្ដី​ដើម​ដូចនេះ​ថា ក្នុង​នាម​សហរដ្ឋ​អាមេរិក «ខ្ញុំ​សូម​ជូនពរ​ដោយ​ភាព​ស្មោះសរ​ជាមួយ​នឹង​ប្រជាជន​កម្ពុជា ដែល​កំពុង​ប្រារព្ធ​ខួប ៦៩​ឆ្នាំ​នៃ​ទិវា​បុណ្យ​ឯករាជ្យ ៩ វិច្ឆិកា។ ក្នុង​ន័យ​នេះ សហរដ្ឋ​អាមេរិក​កំពុង​សម្លឹង​មើល​តួនាទី​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន ដែល​ត្រូវ​ប្រឈម​បញ្ហា​ជាច្រើន។ យើង​សហរដ្ឋ​អាមេរិក ទោះជា​មើល​ឃើញ​អំពី​គុណតម្លៃ​នៃ​កិច្ច​សហប្រតិបត្តិ​ជាមួយ​នឹង​កម្ពុជា​ក៏ដោយ តែ​យើង​ត្រូវ​លើក​ឡើង​រួម​គ្នា​អំពី​វិបត្តិ​នៅ​ក្នុង​តំបន់ វិបត្តិ​ពិភពលោក ក្នុង​នោះ​បញ្ហា​ប្រទេស​ភូមា និង​សង្គ្រាម​នៅ​អ៊ុយក្រែន។ តែ​សហរដ្ឋ​អាមេរិក មិន​ចោល​ទេ​ប្រជាជន​កម្ពុជា។ ដោយ​ហេតុ​នេះ យើង​សហរដ្ឋ​អាមេរិក​នៅតែ​សន្យា​បន្ត​ឈរ​ជាមួយ​ប្រជាជន​កម្ពុជា ដែល​ទាមទារ​សេរីភាព ប្រជាធិបតេយ្យ និង​ឯករាជភាព​របស់​កម្ពុជា។ ដូចនេះ យើង​សហរដ្ឋ​អាមេរិក សូម​ចូល​សាទរ​ជាមួយ​ប្រជាជន​កម្ពុជា​ក្នុង​ការ​ប្រារព្ធ​ទិវា​ឯករាជភាព​របស់​ខ្លួន»

សារ​របស់​ប្រមុខ​ការទូត​អាមេរិក ត្រូវ​បាន​មើល​ឃើញ​ក្នុង​គេហទំព័រ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP បាន​ស្រង់​សម្ដី​មន្ត្រី​សេតវិមាន​មក​ចុះផ្សាយ​ថា វត្តមាន​របស់​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អាមេរិក នៅ​ថ្ងៃទី​១២ វិច្ឆិកា ហើយ​ជំនួប​ទ្វេភាគី​ជាមួយ​នឹង​លោក ហ៊ុន សែន ទំនង​អាច​នឹង​កើតមាន​នៅ​ក្រៅ​វេទិកា​អាស៊ាន។ បើ​តាម​ប្រភព​ដដែល​នេះ​ឲ្យ​ដឹង​ថា របៀបវារៈ​នៃ​ជំនួប​ទ្វេភាគី​ដែល​លោក បៃដិន អាច​នឹង​លើកឡើង គឺ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

បើ​តាម​មន្ត្រី​ជាន់ខ្ពស់​ដែល​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP គេ​រំពឹង​ទុក​ថា លោក​ប្រធានាធិបតី បៃដិន នឹង​លើកឡើង​អំពី​ទស្សនៈ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សារសំខាន់​នៃ​ការ​គាំទ្រ​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​កម្ពុជា ដែល​ចង់​បាន​ប្រទេស​មួយ​ដែល​មាន​វិបុលភាព លទ្ធិប្រជាធិបតេយ្យ ឯករាជភាព និង​ការ​គោរព​សិទ្ធិមនុស្ស ដែល​ក្នុង​នោះ​រួម​មាន ទាំង​ក្ដី​បារម្ភ​របស់​អាមេរិក​អំពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់។

យ៉ាងណា ករណី​ដែល​សង្ស័យ​ថា​កម្ពុជា​អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ជើងទឹក​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម កម្ពុជា​ក៏​អាច​ជា​ចំណុច​នៃ​ការ​ពិភាក្សា​ផង​ដែរ​របស់​លោក បៃដិន។

ចាប់តាំងពី​ការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៨ មក ដែល​គណបក្ស​របស់​លោក ហ៊ុន សែន បាន​ឈ្នះ​អាសនៈ​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា​មក អាជ្ញាធរ​លោក ហ៊ុន សែន បាន​បង្កើន​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​ប្រឆាំង​ដាក់​ពន្ធនាគារ​រាប់​រយ​នាក់ ដែល​ក្នុង​នោះ លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​ធំ​ជាងគេ ក៏​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ផ្ដាច់​សិទ្ធិ​ធ្វើ​នយោបាយ។ ចំណែក​លោក សម រង្ស៊ី ត្រូវ​បាន​លោក ហ៊ុន សែន កម្ចាត់​ចេញពី​វេទិកា​នយោបាយ​ក្នុង​ប្រទេស ហើយ​អ្នក​នយោបាយ​ល្បីៗ​ជាច្រើន​ត្រូវ​បាន​បង្ខាំង​សិទ្ធិ​សេរីភាព និង​ខ្លះ​ទៀត​ត្រូវ​បង្ខំ​និរទេស​ខ្លួន។

ទាំងអស់​នេះ​សុទ្ធតែ​ជា​បញ្ហា​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រួច​ផុត​ពី​គំនាប​នៃ​រនាំង​វណ្ណៈ​សង្គម និង​ការ​រើសអើង​នយោបាយ ប៉ុន្តែ​អ្វី​ដែល​មាន​ការ​រំពឹង គឺ​ថា​បើ​មាន​ជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន សែន និង​លោក បៃ ដិន ភាគី​ទាំង​ពីរ​ទំនង​អាច​មាន​ការ​ដាក់​លក្ខខណ្ឌ​នឹង​គ្នា​ទៅវិញ​ទៅមក។

តើ​លក្ខខណ្ឌ​អ្វី​ខ្លះ​ដែល​ភាគី​ទាំង​ពីរ​អាច​លើក​ដាក់​លើ​តុ?

ខណៈ​នេះ សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​ច្បាប់​ដាក់​ទណ្ឌកម្ម​មួយ​ដំណាក់កាល​លើ​ប្រទេស​កម្ពុជា​ទៅ​ហើយ គឺ​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច និង​ពួក​ឧកញ៉ា​មួយ​ចំនួន រួម​ទាំង​ពួក​ឧត្តមសេនីយ៍​ដែល​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដ៏​ធ្ងន់ធ្ងរ។

ចំណែកឯ​ច្បាប់​ដ៏​សំខាន់​មួយ​ទៀត គឺ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា ព្រឹទ្ធសភា​អាច​នឹង​អនុម័ត​ច្បាប់​នេះ​នៅ​ក្នុង​រដ្ឋការ​របស់​លោក បៃដិន។ បើ​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ចូល​ជា​ធរមាន គឺ​មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ​ទៅ​ទៀត ហើយ​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ចេញ​ជា​រូបរាង​មែន មាន​ន័យ​ថា​ទំនាក់ទំនង​អាមេរិក និង​កម្ពុជា ដើរ​ដល់​ផ្លូវ​បំបែក។

ដោយសារតែ​កម្ពុជា គឺ​របប​ដឹកនាំ​បច្ចុប្បន្ន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ការ​បំបាត់​សំឡេង​ក្រុម​ប្រឆាំង​ជាមួយ​នឹង​ការ​ចាប់​ក្រុម​ប្រឆាំង​រាប់​រយ​នាក់​ដាក់​គុក បាន​នាំ​ឲ្យ​រដ្ឋការ​លោក បៃដិន ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​លើ​វិស័យ​កាត់ដេរ​របស់​កម្ពុជា ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​មួយ​ឆ្នាំៗ​រាប់​រយ​លាន​ដុល្លារ។

ទាំងនេះ​សុទ្ធតែ​ចំណុច​ក្ដៅ​នៅ​ចំពោះ​មុខ​លោក ហ៊ុន សែន បើ​មេដឹកនាំ​កម្ពុជា​រូប​នេះ​មាន​ជំនួប​ជាមួយ​លោក បៃដិន។ ដើម្បី​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មក​វិញ គេ​អាច​គិត​ថា លោក បៃដិន នឹង​ដាក់​លក្ខខណ្ឌ​នៅ​ចំពោះ​មុខ​លោក ហ៊ុន សែន ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​ពី​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​សកម្មជន​បក្ស​ប្រឆាំង ដែល​ក្នុង​នោះ​រួម​មាន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​ក្រោម​អំណាច​របស់​លោក ហ៊ុន សែន រំលាយ និង​អ្នក​នយោបាយ​ជាច្រើន​ទៀត​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។ នេះ​អាច​ជា​លក្ខខណ្ឌ​មួយ​របស់​លោក បៃដិន។

ក្រៅពី​នេះ លោក បៃដិន អាច​នឹង​ចោទ​សួរ​លោក ហ៊ុន សែន អំពី​ករណី​ដែល​សង្ស័យ​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា។

តើ​លក្ខខណ្ឌ​នេះ លោក ហ៊ុន សែន ទទួល​យក​បាន​ដែរ​ឬ​ទេ?

បើ​លោក ហ៊ុន សែន ទទួល​យក​បាន ពិត​ណាស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​នឹង​ត្រូវ​បាន​អាមេរិក​ផ្ដល់​ឲ្យ​កម្ពុជា​វិញ។ យ៉ាងណាក៏ដោយ លោក ហ៊ុន សែន អាច​នឹង​ស្នើសុំ​អាមេរិក​ឲ្យ​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ព្រោះ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ធ្លាប់​សុំ​អាមេរិក​អំពី​រឿង​នេះ​ម្ដង​រួច​ទៅ​ហើយ ប៉ុន្តែ​អាមេរិក​មិន​ទាន់​សម្រេច។

គេ​រំពឹង​ទៀត​ថា លក្ខខណ្ឌ​មួយ​ទៀត​ដែល​លោក ហ៊ុន សែន អាច​នឹង​លើកឡើង​ចំពោះ​មុខ​លោក បៃដិន ដែល​ជា​ថ្នូរ​នៃ​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​សេរីភាព​អ្នក​នយោបាយ​ប្រឆាំង​ឡើងវិញ គឺ​ការ​សុំ​ឲ្យ​អាមេរិក​ទម្លាក់​ចោល ឬ​ក៏​លុប​ចោល​ទាំងស្រុង​នូវ​បំណុល​ដែល​របប​សាធារណរដ្ឋ​ខ្មែរ​ជំពាក់​អាមេរិក ហើយ​មក​ដល់​ពេលនេះ បំណុល​នេះ​បាន​កើន​ការប្រាក់​រហូត​ដល់ ៧០០​លាន​ដុល្លារ​អាមេរិក។

ចំពោះ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត គឺ​យ៉ាងហោចណាស់​ក៏​លោក ហ៊ុន សែន ចង់​ឃើញ​អាមេរិក​កុំ​លម្អៀង​ទៅ​លើ​ក្រុម​បក្ស​ប្រឆាំង។

សរុប​ទៅ បើ​មាន​ជំនួប​រវាង​លោក បៃដិន និង​លោក ហ៊ុន សែន ដែល​គេ​ហៅថា​ជំនួប​ទ្វេភាគី​នេះ ទំនង​ចំណុច​ទាំងអស់​នេះ​អាច​ស្ថិត​នៅ​លើ​តុ​នៅ​ចំពោះ​មុខ​លោក ហ៊ុន សែន និង​លោក បៃដិន ដែល​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ត្រូវ​មាន​វត្តមាន​នៅ​កម្ពុជា អំឡុង​ពេល​លោក​មក​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស