26 C
Phnom Penh

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​ប្រជាធិបតេយ្យ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ប្រព័ន្ធ​តុលាការ បើក​លំហ​ដល់​សង្គម​ស៊ីវិល​ឯករាជ្យ សេរីភាព​សារព័ត៌មាន និង​បើក​ទូលាយ​សិទ្ធិ​សេរីភាព​ដល់​អ្នក​នយោបាយ ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដែល​មាន​ការ​ជឿជាក់​ពី​សហគមន៍​អន្តរជាតិ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ វិច្ឆិកា នេះ​ថា ប្រព័ន្ធ​នៃ​ការ​ធានា​អនុវត្ត​នូវ​លំហ​សេរីភាព​របស់​ពលរដ្ឋ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ចង្អៀត​ណែន​នៅឡើយ ត្បិត​ពលរដ្ឋ​ខ្មែរ និង​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​មតិ​អន្តរជាតិ​នានា​ផង សុទ្ធតែ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ទាំង​ស្ថាប័ន គ.ជ.ប សម្រាប់​ធានា​នូវ​ភាព​យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត ទាំង​ស្ថាប័ន​តុលាការ​សម្រាប់​ធានា​នូវ​យុត្តិធម៌​ជូន​ពលរដ្ឋ សុទ្ធតែ​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច​ទាំងអស់ ខណៈ​កងកម្លាំង​ប្រដាប់​អាវុធ​ក៏​ស្ថិត​ក្នុង​ការ​ក្តោប​ក្តាប់​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ថែម​ទៀត។

លោក ស៊ឹង សែនករុណា លើកឡើង​ថា សព្វថ្ងៃ​នេះ មេដឹកនាំ​នយោបាយ សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ព្រៃឈើ សកម្មជន​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស ជាដើម ត្រូវ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​រឹតត្បិត​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា បើ​ទោះបីជា​កម្ពុជា​ក៏​បាន​ផ្តល់​សច្ចាប័ន​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ហើយ​ក៏ដោយ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​កម្ពុជា​អាច​បើក​លំហ​សេរីភាព​ពេញលេញ​ដល់​ប្រជាពលរដ្ឋ អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​ចូលរួម​កិច្ចការ​សង្គម​ជាតិ​នោះ កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ទាំង​ទំនាក់ទំនង​ការទូត​អន្តរជាតិ និង​ធ្វើ​ឱ្យ​ផ្ទៃក្នុង​របស់​ខ្លួន​មាន​សាមគ្គីភាព​ឡើងវិញ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ការ​ធ្លាក់​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ផ្តើម​ចេញពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បក្ស​តំណាង​ឱ្យ​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា និង​ការ​ដក​សិទ្ធិ​ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ការ​ដក​អាសនៈ​តំណាងរាស្ត្រ និង​ការ​ដក​អាសនៈ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​ប្រឆាំង ព្រមទាំង​ការ​ចាប់​ខ្លួន​សកម្មជន​នានា គឺជា​ការ​រំលោភ​លើ​គោលការណ៍​នីតិរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ និង​ជា​ការ​បំផ្លាញ​ចោល​ទាំងស្រុង​នូវ​ការ​វិវឌ្ឍ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​ថា កម្ពុជា​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​អនុវត្ត​ជាក់ស្តែង​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ដឹកនាំ​ដោយ​ឯក​បក្ស​ទាំងស្រុង ទាំង​ស្ថាប័ន​រដ្ឋសភា​ក៏​គ្រប់គ្រង​ដោយ​ឯក​បក្ស ទាំង​ស្ថាប័ន​រដ្ឋាភិបាល​ក៏​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស​ដូច​គ្នា​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​ថា កម្ពុជា​តែងតែ​អួតអាង​ថា​ខ្លួន​បាន​អនុវត្ត​ច្បាប់​យ៉ាង​ហ្មត់ចត់ ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​ដ៏​ម៉ឺងម៉ាត់​របស់​កម្ពុជា​នេះ ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស