27 C
Phnom Penh

លោក ហ៊ុន សែន៖ ការ​ថែរក្សា​ឯកភាព​សាមគ្គីភាព​គឺជា​អាទិភាព​ចម្បង​ធានា​ឱ្យ​អាស៊ាន​មាន​ចីរភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ការ​ថែរក្សា​ឯកភាព សាមគ្គីភាព និង​អព្យាក្រឹត​របស់​អាស៊ាន គឺជា​អាទិភាព​ចម្បង​បំផុត ដើម្បី​ធានា​ឱ្យ​តំបន់​អាស៊ាន​មាន​ចីរភាព និង​ភាព​ធន់​សម្រាប់​ព្រឹត្តិការណ៍​ដែល​អាច​កើតមាន​នា​ពេល​អនាគត។

មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ នៅ​ថ្ងៃ​សុក្រ ទី​១១ វិច្ឆិកា នេះ​ថា មេដឹកនាំ​អាស៊ាន​ទាំងអស់​ត្រូវតែ​ផ្ដោត​លើ​គោលបំណង​រួម​នៃ​ការ​អភិវឌ្ឍ​រួម​គ្នា​ដើម្បី​សន្តិភាព ស្ថិរភាព និង​ឧត្តមភាព​នៃ​តំបន់​នេះ ដូច្នេះ​ការ​ថែរក្សា​ឯកភាព សាមគ្គីភាព និង​មជ្ឈភាព ឬ​អព្យាក្រឹតភាព​របស់​អាស៊ាន គឺជា​កិច្ចការ​អាទិភាព​ចម្បង​បំផុត។

លោក ហ៊ុន សែន អះអាង​ថា អាស៊ាន​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​បាន មិន​ត្រូវ​បំភ្លេច​អតីតកាល និង​គុណតម្លៃ​ដែល​ខ្លួន​បាន​កសាង​នោះ​ទេ ដូច្នេះ​អាស៊ាន​ត្រូវតែ​រក្សា​សមិទ្ធផល​ទាំងអស់​របស់​ខ្លួន ព្រោះ​ថា​ទំនាក់ទំនង​នៃ​មេដឹកនាំ​អាស៊ាន​ទាំងអស់ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​តាមរយៈ​នៃ​ការ​ប្រឹងប្រែង ការ​ប្ដេជ្ញាចិត្ត និង​ការ​ព្យាយាម​ជាច្រើន​ឆ្នាំ ទើប​អាស៊ាន​ទទួល​បាន​លទ្ធផល​ដូច​សព្វថ្ងៃ​នេះ ដូច្នេះ​អាស៊ាន​ត្រូវតែ​ថែរក្សា និង​ដឹងគុណ​ដល់​អ្វីៗ​ដែល​មេដឹកនាំ​គ្រប់​គ្នា​បាន​កសាង​ឡើង។

នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ ដែល​ជា​ថ្ងៃទី​ពីរ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន បាន​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ ជា​ផ្លូវការ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​អាស៊ាន​ជាច្រើន រួម​មាន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) និង​ព្រះមហាក្សត្រ​ប្រ៊ុយណេ ដារូស្សាឡាម ព្រះចៅ​ស៊ុលតង់ ជាដើម ដែល​បាន​ទៅ​ដល់​កម្ពុជា​តាំងពី​ថ្ងៃ​ព្រហស្បតិ៍។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ វិច្ឆិកា នេះ​ថា លោក ហ៊ុន សែន គ្មាន​ស្មារតី​ពិតប្រាកដ​ក្នុង​ការ​ថែរក្សា​សាមគ្គីភាព​របស់​អាស៊ាន​ដូច​សុន្ទរកថា​របស់​គាត់ ដែល​អាន​ឱ្យ​ក្រុម​មេដឹកនាំ​អាស៊ាន​ស្តាប់​នោះ​ទេ។ គាត់​គ្រាន់តែ​ប្រើ​ឈ្មោះ​អាស៊ាន ដើម្បី​ពង្រឹង​អំណាច​នយោបាយ និង​ផលប្រយោជន៍​មុខមាត់​ខ្លួនឯង​ប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា ដើម្បី​រក្សា​សាមគ្គីភាព​របស់​អាស៊ាន មេដឹកនាំ​ទាំងនោះ​ត្រូវតែ​គោរព​តាម​លក្ខខណ្ឌ​ពីរ​យ៉ាង គឺ​ទី​១ មេដឹកនាំ​អាស៊ាន​ទាំងអស់​ត្រូវ​មាន​ជំហរ​កែទម្រង់​ការ​ដឹកនាំ​ជាតិ​របស់​ពួកគេ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដោយ​ពិតប្រាកដ ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​រាតត្បាត​របស់​អំណាច​កុម្មុយនីស្ត​ក្នុង​តំបន់។

ជាក់ស្តែង សព្វថ្ងៃ​នេះ ប្រទេស​មួយ​ចំនួន​កំពុងតែ​ងាក​ទៅ​រក​ការ​ដឹកនាំ​តាម​បែប​កុម្មុយនីស្ត​នៅឡើយ ដូចជា​កម្ពុជា ភូមា ថៃ ឡាវ និង​វៀតណាម ជាដើម ដែល​ប្រាសចាក​ពី​គោលការណ៍​ដើម​របស់​អាស៊ាន​ទាំងស្រុង។

លោក​បន្ត​ទៀត​ថា លក្ខខណ្ឌ​ទី​២ មេដឹកនាំ​អាស៊ាន​ទាំងអស់​ត្រូវតែ​ប្រកាន់​គោលការណ៍ និង​ប្រយោជន៍​អាស៊ាន​ជា​អាទិភាព ដោយ​ការ​ចៀសវាង​នូវ​ឥទ្ធិពល​មហាអំណាច​ពី​ខាង​ក្រៅ​ជ្រៀត​ចូល​ទៅ​ក្នុង​កិច្ចការ​របស់​អាស៊ាន ប៉ុន្តែ​អាស៊ាន​អាច​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​មហាអំណាច​នានា ដើម្បី​ផលប្រយោជន៍​រួម​របស់​ខ្លួន​ផង​ដែរ មិនមែន​ជា​ការ​បើក​ផ្លូវ​ឱ្យ​មហាអំណាច​ណា​មួយ​ចូល​ទៅ​ត្រួតត្រា​តាម​បំណង​ឈ្លានពាន​របស់​ពួកគេ​នោះ​ទេ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា កន្លងមក​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​មិន​បាន​អនុវត្ត​ទៅ​តាម​លក្ខខណ្ឌ​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​អាស៊ាន​នោះ​ទេ។ ជាក់ស្តែង កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ដាក់​ខ្លួន​ធ្វើជា​ឧបករណ៍​បម្រើ​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន ក្នុង​ចេតនា​ឱ្យ​ចិន​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​អាស៊ាន​ទៅ​តាម​បំណង​របស់​គេ​រហូត​មក ដូច្នេះ​ផ្ទៃក្នុង​អាស៊ាន​នៅ​ពេលនេះ គឺ​ស្ថិត​ក្នុង​ភាព​អនាធិបតេយ្យ​ដោយសារតែ​ទង្វើ​របស់​លោក ហ៊ុន សែន កន្លង​មក។

កិច្ចប្រជុំ​អាស៊ាន​នៅ​ពេលនេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៤​ថ្ងៃ ដែល​មាន​កិច្ចប្រជុំ​ដាច់ដោយឡែក​ពី​គ្នា​ជាច្រើន ដូចជា៖

  • កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១
  • កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន លើក​ទី​២៥
  • កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន លើក​ទី​២៥
  • និង​កិច្ចប្រជុំ​កំពូល​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ លើក​ទី​២៣ ជាដើម។

ជាង​នេះ​ទៀត ក៏​មាន៖

  • កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣ លើក​ទី​២៥
  • កិច្ចប្រជុំ​កំពូល​រំលឹក​ខួប ៣០​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-ឥណ្ឌា
  • កិច្ចប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋ​អាមេរិក លើក​ទី​១០
  • កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី លើក​ទី​២
  • កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​នៃ​ទំនាក់ទំនង​អាស៊ាន-កាណាដា
  • កិច្ចប្រជុំ​កំពូល​អាស៊ាន-អង្គការ​សហប្រជាជាតិ
  • និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ដែល​មាន​អាស៊ាន​១០ ចិន អាមេរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា និង​នូវែលហ្សេឡង់ លើក​ទី​១៧ ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស