លោក ហ៊ុន ម៉ានី កូនប្រុសបង្កើតរបស់លោក ហ៊ុន សែន ដែលតែងចង់ធ្វើជានាយករដ្ឋមន្ត្រីដែរនោះ អះអាងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ឪពុកលោក កម្ពុជាគឺជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងមាននីតិរដ្ឋយ៉ាងពិតប្រាកដ។
លោក ហ៊ុន ម៉ានី បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ទី១០ វិច្ឆិកា ថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់បានញាំញីដោយផេះផង់នៃភ្លើងសង្គ្រាម និងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ភាពអត់ឃ្លាន ការរំលោភសិទ្ធិមនុស្ស មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ រហូតបានក្លាយជាប្រទេសមាននីតិរដ្ឋយ៉ាងពិតប្រាកដ។
លោក ហ៊ុន ម៉ានី លើកឡើងថា កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់លោក ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានសន្តិភាពពេញលេញរហូតមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍នូវរាល់វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ពិភពលោក និងតំបន់ ក៏ដូចជាប្រធានស្ថាប័ន និងអង្គការអន្តរជាតិធំៗនានារហូតមក។
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលខកបំណងមិនបានជាប់ជាបេក្ខជននាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា សព្វថ្ងៃនេះ កម្ពុជាមានសិទ្ធិ និងអំណាចស្មើមុខស្មើមាត់ដូចបណ្តាប្រទេសនានាក្នុងពិភពលោកដែរ ដូចជាសិទ្ធិក្នុងការផ្ដួចផ្ដើមកំណត់ចក្ខុវិស័យបង្កើតយន្តការដោះស្រាយបញ្ហាតំបន់ និងពិភពលោក ជាដើម។ ដូច្នេះ កម្ពុជាត្រូវតែពួតដៃគ្នាក្នុងការរក្សាសន្តិភាព និងបន្តជំរុញនូវភាពរុងរឿងនេះតទៅមុខទៀត ដើម្បីជាតិ និងមាតុភូមិកម្ពុជាទាំងមូល។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ វិច្ឆិកា នេះថា ការលើកឡើងរបស់លោក ហ៊ុន ម៉ានី មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងដែលពលរដ្ឋខ្មែរកំពុងតែទទួលរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលឯកបក្ស កំពុងដឹកនាំដោយបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះទេ។ ពួកគេតែងត្រូវបានចាប់ឃុំខ្លួននៅពេលប្រើសិទ្ធិបញ្ចេញមតិរិះគន់រដ្ឋាភិបាលកម្ពុជាកន្លងមក។
លោក សេក សុជាតិ លើកឡើងថា បើនិយាយអំពីការទៅចូលរួមរបស់មេដឹកនាំនានានៅកម្ពុជានៅពេលនេះ មិនមែនមកពីរដ្ឋាភិបាលកម្ពុជាដឹកនាំបានល្អនោះទេ ប៉ុន្តែដោយសារកម្ពុជាគឺជាសមាជិកអាស៊ាន និងត្រូវដឹកនាំអាស៊ានបើកកិច្ចប្រជុំក្នុងនាមខ្លួនជាប្រធានប៉ុណ្ណោះ។
លោកបន្តថា បើទោះបីជាកម្ពុជាបានធ្វើឱ្យខូចសណ្ដាប់ធ្នាប់គោលការណ៍របស់អាស៊ានឱ្យមានភាពច្របូកច្របល់ក៏ដោយ ក៏មេដឹកនាំទាំងនោះនៅតែត្រូវទៅចូលរួមកិច្ចប្រជុំនេះដែរ ព្រោះថាពួកគេនឹងមិនបណ្តែតបណ្តោយឱ្យបញ្ហានានាកើតឡើងធ្វើឱ្យអាស៊ានជាប់គាំងនោះឡើយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះបញ្ជាក់ថា ដើម្បីធានាថាកម្ពុជាពិតជាប្រទេសគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងមាននីតិរដ្ឋមែននោះ ទាល់តែរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពបញ្ចេញមតិ ដោះលែងអ្នកទោសមនសិការ បើកលំហសេរីភាពអ្នកនយោបាយ និងធានាឱ្យបាននូវការអនុវត្តសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាដើម។
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែបង្កការព្រួយបារម្ភធ្ងន់ធ្ងរដដែល ព្រោះថាលំហសេរីភាពរបស់ពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូច និងកំពុងដើរថយក្រោយ ដោយសារតែគ្រប់គ្រងតាមបែបឯកបក្សសព្វថ្ងៃនេះ៕