ក្រុមកូដករជិត ១០០នាក់ នាថ្ងៃសុក្រ ទី១១ វិច្ឆិកា នេះ បាននាំគ្នាបន្តចេញធ្វើកូដកម្ម និងស្នើឲ្យមេដឹកនាំនៃបណ្ដាប្រទេសផ្សេងៗដែលចូលរួមប្រជុំអាស៊ាន ជួយជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយវិវាទការងារឲ្យពួកគេ។
ការចេញធ្វើកូដកម្មនាថ្ងៃនេះ ក្រុមកូដករបាននាំគ្នាស្លៀកសម្លៀកបំពាក់បែបប្រពៃណី ដៃកាន់បដាដោយសរសេរថា «ប្រទេសជាសមាជិកអាស៊ានមិនត្រូវរំលោភសេរីភាពសហជីពដូចជនជាតិម៉ាឡេស៊ី ដែលជាថៅកែណាហ្គានោះឡើយ»។ ពួកគេក៏បាននាំគ្នាទូងស្គរដោយស្រែកទាមទារឲ្យថៅកែក្រុមហ៊ុនចេញដោះស្រាយវិវាទការងារជូនកូដករ។
កូដករ គឺអ្នកនាង ម៉ម សុវឌ្ឍិន បានលើកឡើងថា ការដែលពួកគេស្លៀកពាក់ប្រពៃណីធ្វើកូដកម្មនាថ្ងៃនេះ ចង់បង្ហាញអំពីអត្តសញ្ញាថា ពួកគាត់ជាកម្មករខ្មែរ ហើយធ្វើការនៅស្រុកខ្មែរ ប៉ុន្តែបែរជាត្រូវក្រុមហ៊ុនណាហ្គាបញ្ឈប់ពីការងារទាំងអយុត្តិធម៌។ មួយវិញទៀត ពួកគាត់ក៏ចង់ឲ្យមេដឹកនាំនៃបណ្ដាប្រទេសផ្សេងៗបានដឹងផងដែរថា ពួកគាត់ជាពលរដ្ឋខ្មែរកំពុងរងគ្រោះដោយការបញ្ឈប់ពីការងារជាង ១ឆ្នាំមកនេះ មិនទាន់បានដោះស្រាយ និងទទួលបានយុត្តិធម៌នៅឡើយទេ។
អ្នកនាង ម៉ម សុវឌ្ឍិន សង្ឃឹមថា មេដឹកនាំនៃបណ្ដាប្រទេសផ្សេងៗដែលមកចូលរួមកិច្ចប្រជុំអាស៊ាន នឹងបានឃើញសាររបស់ពួកគាត់ទាំងអស់គ្នា និងជួយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយវិវាទការងារជូនកូដករ ព្រមទាំងឲ្យថៅកែក្រុមហ៊ុនគោរពច្បាប់ជាតិ និងអន្តរជាតិ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន។
ការធ្វើកូដកម្មរបស់ក្រុមកូដករនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ នេះ ក៏មានសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស ក៏បានចុះឃ្លាំមើល និងតាមដាន ខណៈក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងឯកសណ្ឋាន តាមដាន និងថតរូបភាពពួកគេទាំងអំឡុងតវ៉ា និងធ្វើដំណើរផងដែរ។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា សាលារាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសមួយដោយហាមក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ផ្អាកធ្វើកូដកម្មចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នេះ ប៉ុន្តែប្រសិនបើពួកគេមិនផ្អាក សាលារាជធានីភ្នំពេញបានព្រមានវិធានការច្បាប់ក្រោមហេតុផលថា ការបន្តតវ៉ាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ខណៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។
ក្រុមកូដករអះអាងថា ការធ្វើកូដកម្មរបស់ពួកគេមិនបានបង្កផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈឡើយ ហើយការចេញធ្វើកូដកម្មអហិង្សានេះ ដោយសារថៅកែ និងក្រសួងការងារមិនព្រមដោះស្រាយវិវាទការងារជូនពួកគេឲ្យមានយុត្តិធម៌ និងតម្លាភាព ដោយទទួលយកសហជីពចូលធ្វើការវិញ និងទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ដែលក្រុមហ៊ុនប្ដឹងទៅតុលាការ។
រយៈពេលជាង ១ឆ្នាំនេះ កូដករចេញធ្វើកូដកម្មប្រមាណ ១០នាក់ត្រូវបានក្រុមហ៊ុនល្បែងមួយនេះប្ដឹងទៅតុលាការ ខណៈថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន ១១នាក់ដែលជាតំណាងរបស់ក្រុមកូដករណាហ្គាវើលដ៏ ក៏ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនជាបណ្ដោះអាសន្ន ក្រោមការចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «រារាំងការអនុវត្តវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩»។
ប៉ុន្តែថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន ១១នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នក្រោយពីឃុំខ្លួនក្នុងពន្ធនាគារជាង ២ខែ៕