អតីតអ្នកទោសនយោបាយមួយរូបអះអាងថា សេចក្តីថ្លែងការណ៍របស់សេតវិមានបង្ហាញយ៉ាងច្បាស់ថា អាមេរិកនៅតែបន្តយកចិត្តទុកដាក់បញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដោយឥតងាករេ។
អតីតអ្នកទោសនយោបាយ និងជានាយកបេសកកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយក្នុងសហរដ្ឋអាមេរិក លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ វិច្ឆិកា នេះថា ក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សេតវិមានដែលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពនយោបាយសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ ទំនងជាសំដៅដល់ការបើកសិទ្ធិសេរីភាពនយោបាយរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ផងដែរ ព្រោះថារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) ក៏ធ្លាប់ជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហានេះរហូតមកដែរ។

លោក មាជ សុវណ្ណារ៉ា លើកឡើងថា ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ កត្តាសំខាន់ គឺកម្ពុជាជាអ្នកអនុវត្តក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យដោយខ្លួនឯងប៉ុណ្ណោះ ព្រោះថាអាមេរិកចង់ឃើញកម្ពុជាវិលទៅរកស្ថានភាពមួយដែលល្អប្រសើរជាងពេលបច្ចុប្បន្ននេះដែរ។ ប្រសិនបើកម្ពុជាអាចស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដូចការចង់បានរបស់ពលរដ្ឋខ្មែរ និងប្រទេសសេរីប្រជាធិបតេយ្យរំពឹងទុកមែននោះ កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍សម្រាប់ខ្លួនជាច្រើនទៅថ្ងៃមុខ។
លោកបញ្ជាក់ថា កម្ពុជានឹងទទួលបានការអនុគ្រោះពន្ធឡើងវិញពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ជាងនេះទៀត ទណ្ឌកម្មនានាពីប្រទេសមហាអំណាចដែលសង្កត់លើកម្ពុជាជុំវិញការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ ជាដើម ក៏ត្រូវលុបចេញផងដែរ ប្រសិនបើកម្ពុជាអាចងាកទៅរកការដឹកនាំមួយដែលគ្មានការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ ស្របតាមប្រទេសដែលប្រកាន់យកនីតិរដ្ឋពេញលេញនោះ។
ការអះអាងនេះ ធ្វើឡើងដើម្បីជំរុញឲ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិកក៏បានទាមទារឲ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនឡើងវិញកាលពីពេលថ្មីៗនេះដែរនោះ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ បានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដែលមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីចូលកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នៅពេលនោះផងដែរ។

ក្នុងជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងមេដឹកនាំកម្ពុជាក្នុងនាមប្រធានអាស៊ាន លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា លោក ចូ បៃដិន បានសម្ដែងនូវការព្រួយកង្វល់អំពីស្ថានភាពនៅមូលដ្ឋានទ័ពជើងទឹករាមយ៉ាងខ្លាំង ដែលរហូតដល់ពេលនេះ កម្ពុជានៅតែត្រូវបានសង្ស័យពីការឃុបឃិតលួចផ្តល់មូលដ្ឋានទ័ពជើងទឹករាមរបស់ខ្លួនឱ្យកងទ័ពជើងទឹកចិន (the People’s Republic of China (PRC)) ធ្វើជាកន្លែងឈរជើងនៅឡើយ។
សេតវិមានលើកឡើងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានជំរុញឲ្យលោក ហ៊ុន សែន បើកលំហសិទ្ធិនយោបាយសម្រាប់ពលរដ្ឋខ្មែរឡើងវិញមុនការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ និងអំពាវនាវឲ្យមានការដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួនពីបទចោទប្រកាន់ពាក់ព័ន្ធនឹងរឿងនយោបាយ ព្រមទាំងអំពាវនាវឱ្យដោះលែងពលរដ្ឋខ្មែរអាមេរិកាំង កញ្ញា សេង ធារី ផងដែរ។
សេតវិមានបញ្ជាក់ថា លោក ចូ បៃដិន ក៏បានរំឭកឡើងវិញនូវការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកផងដែរថា អាមេរិកប្រកាន់ជំហរឥតងាករេចំពោះពលរដ្ឋខ្មែរសម្រាប់បំណងប្រាថ្នារបស់ពួកគេដែលចង់បានប្រជាធិបតេយ្យ និងឯករាជភាពជាតិរបស់ខ្លួន។
ដោយឡែកសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលឯកបក្ស លោក ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មិនបានលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក និងការចង់បានរបស់អាមេរិកជុំវិញការគោរពសិទ្ធិមនុស្ស និងការស្ដារលទ្ធិប្រជាធិបតេយ្យ និងការព្រួយបារម្ភពីមូលដ្ឋានទ័ពជើងទឹករាមនោះទេ ប៉ុន្តែសេចក្តីប្រកាសព័ត៌មាននោះ គ្រាន់តែលើកឡើងអំពីចំណុចខ្លះៗដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកឡើងទៅកាន់កម្ពុជាប៉ុណ្ណោះ ដូចជាថា លោក ចូ បៃដិន បានអបអរសាទរកម្ពុជាក្នុងការគាំទ្រលើទំនាក់ទំនងអាស៊ាន-អាមេរិក និងជំហររបស់កម្ពុជាលើវិបត្តិនៅអ៊ុយក្រែន ជាដើម។
ទោះជាបែបនេះក្តី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យ ទី១៣ វិច្ឆិកា ថា លោកបានជួបជាមួយលោក ហ៊ុន សែន ដើម្បីពិភាក្សាអំពីការដឹកនាំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំដ៏លំបាកនេះ ក្នុងនោះ លោកបញ្ជាក់ថា លោកក៏បានរំឭកឡើងវិញនូវការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេដែលចង់បានប្រទេសមួយមានភាពរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យផងដែរ។
ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) ដែលបានទៅចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ាន-អង្គការសហប្រជាជាតិ ក៏បានអំពាវនាវដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឱ្យបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានដល់សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសហការធ្វើការងារជាមួយអង្គការសង្គមស៊ីវិលឡើងវិញដែរ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ជាទម្លាប់អាក្រក់របស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ទៅហើយក្រោមការដឹកនាំរបស់គាត់ជាង ៤០ឆ្នាំមកនេះដែលគ្មានការទទួលខុសត្រូវចំពោះមុខពលរដ្ឋ ព្រោះថាបើលោក ហ៊ុន សែន ចង់បញ្ជាក់ថា គាត់គឺជាមេដឹកនាំដែលមានការទទួលខុសត្រូវចំពោះជាតិពិតមែននោះ គាត់ត្រូវតែធ្វើការបំភ្លឺជុំវិញការព្រួយបារម្ភរបស់អាមេរិកចំពោះប្រជាពលរដ្ឋខ្មែរ មិនមែនចេញសេចក្តីប្រកាសព័ត៌មានបិទបាំងការពិតបែបនេះទេ៕