33 C
Phnom Penh

អង្គការ​អន្តរជាតិ​ជាច្រើន​ទាមទារ​ឱ្យ​អាមេរិក​និង​ឥណ្ឌូនេស៊ី​ជំរុញ​លោក ហ៊ុន សែន ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ជិត ៤០​ស្ថាប័ន ទាមទារ​ឲ្យ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ស្នើ​ទៅ​មេដឹកនាំ​នានា​ដែល​នឹង​ចូលរួម​កិច្ចប្រជុំ G20 នៅ​ថ្ងៃទី​១៥ និង​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ ជំរុញ​ឲ្យ​លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​នៅ​កម្ពុជា​ប្រកប​ដោយ​សេរី និង​យុត្តិធម៌។

អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ ៣៦​ស្ថាប័ន បាន​ចេញ​លិខិត​ដាច់ដោយឡែក​ពី​គ្នា​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​នៅ​កម្ពុជា​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ ព្រោះ​ថា​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គាត់​កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​តាម​ទំនើង​ចិត្ត​យ៉ាង​ឃោរឃៅ​អស់​រយៈពេល​បួន​ទសវត្សរ៍​មក​ហើយ។

ក្រុម​អង្គការ​អន្តរជាតិ​ទាំងនោះ​រួម​មាន៖

  • អង្គការ Association 23 octobre 1991 ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង
  • អង្គការ Cambodia Border Institute (CBI) ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក
  • អង្គការ Canterbury Cambodian Association (CCAA) មាន​មូលដ្ឋាន​នៅ​ប្រទេស​ញូវហ្សឺឡែន
  • អង្គការ Cambodian fellowship CRC ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា
  • និង​អង្គការ​អន្តរជាតិ​ជាង ៣០​ស្ថាប័ន​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ទៀត។

ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា បញ្ឈប់​នូវ​ការ​កាត់ទោស​សកម្មជន​នានា​ដាក់​ពន្ធនាគារ​ដោយ​ហេតុផល​នយោបាយ ត្រូវ​អនុញ្ញាត​ឱ្យ​បណ្ដាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ទាំងអស់​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​តាំងពី​ឆ្នាំ​២០១៧ ដំណើរការ​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ទាំងអស់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទប្រកាន់​ទាំង​អយុត្តិធម៌ និង​ឃុំ​ខ្លួន​នា​ពេល​កន្លងមក​ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo)។

ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​ក៏​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក ស្នើ​ទៅ​សម្ពន្ធមិត្ត​របស់​ខ្លួន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច រួម​ទាំង​ទណ្ឌកម្ម​បន្ទាប់បន្សំ​ផ្សេង​ទៀត​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ជាច្រើន​រូប​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ការ​ប្រព្រឹត្ត​អំពើពុករលួយ អំពើ​ក្បត់​ជាតិ​ឆ្លងដែន ការ​បំផ្លិចបំផ្លាញ​បរិស្ថាន និង​ការ​រំលោភ​ដីធ្លី​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ឲ្យ​ធ្ងន់ធ្ងរ​បំផុត។

អង្គការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​ខាងលើ ស្នើ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ជួយ​ប្រមូលផ្ដុំ​សហគមន៍​អន្តរជាតិ ទាមទារ​ឱ្យ​មាន​សកម្មភាព​កាន់តែ​ខ្លាំងក្លា​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ជា​មូលដ្ឋាន ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញាចិត្ត​អនុវត្ត​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទាក់ទង​នឹង​អធិបតេយ្យភាព អព្យាក្រឹតភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​គោលដៅ​ដើម្បី​ធានា​នូវ​ការ​បញ្ចេញ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​គាប​សង្កត់ និង​ការ​បំភិតបំភ័យ។

នៅ​ថ្ងៃទី​១៥ និង​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ មេដឹកនាំ​ពិភពលោក ព្រមទាំង​មេដឹកនាំ​ប្រទេស​នានា​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​នោះ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ក៏​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​ដែរ​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពី​ពេល​កន្លងទៅ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ទៅ​ឱ្យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ជុំវិញ​បញ្ហា​នេះ មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ហុង លីម រួម​ជាមួយ​អង្គការ​អន្តរជាតិ ៣៨​ស្ថាប័ន​ទៀត បាន​ដាក់​លិខិត​រួម​គ្នា​ទៅ​កាន់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ឱ្យ​ជំរុញ​មេដឹកនាំ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​មេដឹកនាំ​ប្រទេស G20 ទប់ស្កាត់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​លក្ខណៈ​សាហាវ​ឃោរឃៅ​ដោយ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​នយោបាយ និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា រិះគន់​ថា ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅតែ​បង្ក​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ដដែល បើ​ទោះបី​កម្ពុជា​ក្លាយ​ជា​ប្រធាន​អាស៊ាន​ក៏ដោយ ព្រោះ​ថា​លំហ​សេរីភាព​របស់​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច និង​កំពុង​ដើរ​ថយ​ក្រោយ ដោយសារតែ​គ្រប់គ្រង​តាម​បែប​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស