30 C
Phnom Penh

អ្នក​វិភាគ៖ ការ​បដិសេធ​វត្តមាន​លោក ហ៊ុន សែន នៅ G20 និង APEC ជា​សញ្ញា​ចាប់ផ្តើម​ច្រាន​ចោល​វត្តមាន​លោក​លើ​ឆាក​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​បដិសេធ​វត្តមាន​របស់​មេដឹកនាំ​កម្ពុជា​ក្នុង​វេទិកា​អន្តរជាតិ G20 និង APEC គឺជា​សញ្ញា​នៃ​ការ​ចាប់ផ្តើម​ច្រានចោល​វត្តមាន​របស់​លោក ហ៊ុន សែន ក្នុង​វេទិកា​អន្តរជាតិ​ក្រោយៗ​ទៀត។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាល​ពេល​ថ្មីៗ​នេះ ខណៈ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​វិបត្តិ​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នោះ លោក ចូ បៃដិន ប្រាកដជា​និយាយ​ទៅ​កាន់​លោក ហ៊ុន សែន ដែល​អាច​នឹង​មាន​ខ្លឹមសារ​ស៊ីជម្រៅ​ជាង​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​កាលពី​ពេល​ថ្មីៗ​នេះ​ទៅ​ទៀត។

លោក​បន្ថែម​ថា ជាពិសេស​គឺ​ការ​ជំរុញ​ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ជុំវិញ​ការ​ដោះលែង​លោក កឹម សុខា និង​បើក​ទូលាយ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ ព្រមទាំង​ដោះលែង​អ្នកទោស​នយោបាយ ហើយ​លោក ចូ បៃដិន ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់​អាមេរិក​ចំពោះ​ប្រជាធិបតេយ្យ​សម្រាប់​ប្រជាជន​កម្ពុជា និង​ជំហរ​កម្ពុជា​ជុំវិញ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ផង​ដែរ។

លោក គឹម សុខ អះអាង​ថា នៅ​ថ្ងៃ​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន លោក ហ៊ុន សែន បែរ​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​គាត់​អំពី​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​អាមេរិក​ថា គ្រាន់តែ​និយាយ​គ្នា​អំពី​រឿង​កូន និង​ចៅ​ប៉ុណ្ណោះ ដែល​ទង្វើ​បែប​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​មិន​ថ្លៃថ្នូរ​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស និង​ជា​ទង្វើ​គ្មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ទំនាក់ទំនង​អន្តរជាតិ​ជាមួយ​មេដឹកនាំ​ពិភពលោក ដែល​ធ្វើ​ឱ្យ​គេ​កត់សម្គាល់​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន មិនមែន​ជា​មេដឹកនាំ​ដែល​អាច​ឱ្យ​គេ​ទុកចិត្ត​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រជុំ​ក្នុង​វេទិកា​អន្តរជាតិ​បន្ត​ទៀត​បាន​ឡើយ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ចំណែកឯ​ការ​មិន​បញ្ជូន​តំណាង​រដ្ឋាភិបាល​ណា​ម្នាក់​ឱ្យ​ទៅ​ចូលរួម​វេទិកា​អន្តរជាតិ G20 នៅ​ឥណ្ឌូនេស៊ី និង​កិច្ចប្រជុំ APEC នៅ​ប្រទេស​ថៃ នោះ គឺ​ដោយសារ​តែ​លោក ហ៊ុន សែន អាច​ខឹង​នឹង​មេដឹកនាំ​ទាំងនោះ មិនមែន​ដោយសារ​គេ​មិន​បាន​សរសេរ​ឈ្មោះ​អ្នក​ផ្សេង​ដាក់​លើ​លិខិត​អញ្ជើញ​នោះ​ឡើយ។

លោក គឹម សុខ គូសបញ្ជាក់​ថា ការ​ដែល​គេ​បដិសេធ​វត្តមាន​របស់​ខ្លួន ហើយ​បែរ​ជា​មិន​បញ្ជូន​តំណាង​រដ្ឋាភិបាល​ណា​ម្នាក់​ឱ្យ​ទៅ​ចូលរួម​បែប​នេះ គឺជា​ការ​បង្ហាញ​ថា រដ្ឋាភិបាល​ឯក​បក្ស​របស់​គាត់​មិន​ដឹង​ពី​របៀប​របប​ដែល​ជា​គោលការណ៍​អន្តរជាតិ និង​ជា​ការ​បង្ហាញ​ពី​ទង្វើ​ខ្វះ​សីលធម៌​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អញ្ជើញ​នោះ​ថែម​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត គឺ​បង្ហាញ​ថា​លោក ហ៊ុន សែន កំពុង​យក​វេទិកា​អន្តរជាតិ​ធ្វើជា​មុខមាត់​ផ្ទាល់ខ្លួន មិនមែន​ជា​ការ​ដឹកនាំ​កម្ពុជា​ដើម្បី​រក​ផល​ប្រយោជន៍​ឱ្យ​កម្ពុជា​នោះ​ឡើយ។

បុរស​ខ្លាំង​កម្ពុជា​ដែល​បាត់បង់​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រទេស​អ្នក​មាន​ទាំង ២០ នោះ លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​ប្រវែង​ជាង ៦​នាទី​កាលពី​យប់​ថ្ងៃ​ពុធ ថា កម្ពុជា​គ្មាន​សិទ្ធិ​តែងតាំង​តំណាង​របស់​ខ្លួន​ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ឥណ្ឌូនេស៊ី និង​កិច្ចប្រជុំ APEC នៅ​ប្រទេស​ថៃ នោះ​ទេ ព្រោះ​កិច្ចប្រជុំ​ទាំង​ពីរ​នេះ​គេ​អញ្ជើញ​ប្រធាន​អាស៊ាន ដោយ​ចុច​ចំ​ឈ្មោះ ហ៊ុន សែន ផ្ទាល់​តែម្តង មិនមែន​អញ្ជើញ​កម្ពុជា​នោះ​ទេ។

មេដឹកនាំ​ខ្មែរ​ដែល​បរាជ័យ​ក្នុង​ការ​ដឹកនាំ​អាស៊ាន ៣​អាណត្តិ​ជាប់ៗ​គ្នា លោក ហ៊ុន សែន បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​លើកឡើង​ថា ហេតុ​អ្វី​កម្ពុជា​មិន​ព្រម​ទុក​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​នៅ​ជា​តំណាង​ក្នុង​កិច្ចប្រជុំ​ទាំង​ពីរ​នេះ គឺ​ដោយសារ​កម្ពុជា​មិនមែន​ជា​សមាជិក​កិច្ចប្រជុំ G20 ដូច្នេះ​កម្ពុជា​មិន​អាច​ចូលរួម​កិច្ចប្រជុំ​នេះ​ក្រៅពី​រូបលោក​បាន​ឡើយ។

លោក ហ៊ុន សែន អះអាង​ថា សម្រាប់​កិច្ច​សន្ទនា​ក្រៅ​ផ្លូវការ APEC នៅ​ប្រទេស​ថៃ ក៏​ដូចគ្នា​ដែរ គឺ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​អញ្ជើញ​រូបលោក​ដែល​ជា​ប្រធាន​អាស៊ាន​ដោយ​ផ្ទាល់ ដូច្នេះ​លោក​មិន​អាច​ចាត់​តំណាង​ណា​មួយ​ទៅ​ជំនួស​នៅ​ពេល​ដែល​ខ្លួន​លោក​ត្រូវ​អវត្តមាន​ក្នុង​កិច្ចប្រជុំ​នោះ​បាន​ឡើយ។

កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ប្រទេស​ដែល​លូតលាស់​ខាង​សេដ្ឋកិច្ច G20 នៅ​កោះ​បាលី នៅ​ថ្ងៃទី​១៥ និង​ទី​១៦ វិច្ឆិកា និង​បន្ត​ទៅ​ចូលរួម​កិច្ចប្រជុំ APEC នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី​១៧ និង​ទី​១៨ ថែម​ទៀត ប៉ុន្តែ​ក្រោយពី​ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី លោក ហ៊ុន សែន បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ថា លោក​នឹង​មិន​បាន​ចូលរួម​កិច្ចប្រជុំ​ទាំង​ពីរ​ខាងលើ​ទេ ដោយសារតែ​លោក​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូវីដ-១៩៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស