ភាសិតខ្មែរដែលចាស់ទុំបុរាណតែងប្រដៅកូនចៅ គឺថា ទ័លដប់ ទ័លម្ភៃ តែកុំឲ្យទ័លគំនិត។ ពលរដ្ឋខ្មែររាប់លាននាក់ចង់បានការផ្លាស់ប្ដូរ ប៉ុន្តែត្រូវប្រឈមនឹងអ្នកដឹកនាំផ្ដាច់ការមិនព្រមឲ្យដូរ។
គេសង្កេតឃើញថា អ្នកនយោបាយប្រជាធិបតេយ្យ ស្នេហាសិទ្ធិ សេរីភាព យុត្តិធម៌ និងជាតិមាតុភូមិ បបួលពលរដ្ឋគិតតែរឿងដដែលៗ ដើរផ្លូវដដែលៗ ធ្វើដដែលៗ។ បើមានតែរឿងដដែលដូច្នេះ តើអ្វីទៅជារឿងថ្មីសម្រាប់ពួកគេ?
តទៅនេះ លោក ហាស់ សាន សូមអានអត្ថបទវិភាគរបស់បណ្ឌិត ហ្គាហ្វា ពាងម៉េត សម្រាប់ខែវិច្ឆិកា ដែលមានខ្លឹមសារដូចតទៅ៖
អត្ថបទនេះមិនមែនសរសេរក្នុងន័យបង្អាប់បន្ថោករដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ ខ្ញុំជាពលរដ្ឋខ្មែរម្នាក់ប្រកាន់លទ្ធិប្រជាធិបតេយ្យ ដែលមានសិទ្ធិសេរីភាពរបស់មនុស្សជាស្នូលនៅក្នុងសង្គមក្រោមគោលការណ៍យុត្តិធម៌។ លទ្ធិប្រជាធិបតេយ្យលើកតម្កើងប្រជាពលរដ្ឋជាធំ។
រដ្ឋាភិបាលនៅក្នុងលោក គឺជាកម្លាំងរៀបចំមួយដែលមានរចនាសម្ព័ន្ធនយោបាយ សេដ្ឋកិច្ច និងយោធា។ គោលដៅរបស់រដ្ឋាភិបាលប្រជាធិបតេយ្យ គឺធានាឯករាជភាព និងបូរណភាពទឹកដី ផ្តល់នូវសន្តិភាពស្ងប់ស្ងាត់នៅក្នុងប្រទេស និងយុត្តិធម៌ដល់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលប្រជាធិបតេយ្យត្រូវលើកកម្ពស់សុខុមាលភាពបុគ្គល ដោយផ្អែកលើផាសុកភាព សុភមង្គល និងភាពចម្រុងចម្រើន។
រដ្ឋាភិបាលត្រូវបង្កើតសមត្ថភាពផ្សះផ្សាប្រយោជន៍រវាងក្រុមនិងក្រុម និងរវាងក្រុមនិងសង្គម។ រដ្ឋាភិបាលត្រូវលើកតម្កើងចរិយាធម៌ និងដាក់ទោសបទឧក្រិដ្ឋ។ លទ្ធិប្រជាធិបតេយ្យបែងចែកអំណាចរដ្ឋជាអំណាចប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការ គឺនៅក្នុងគោលដៅគាំពារសិទ្ធិសេរីភាព យុត្តិធម៌ បម្រើប្រជាពលរដ្ឋ និងផ្តល់សុខុមាលភាពសេដ្ឋកិច្ច និងសង្គមដល់ប្រជាពលរដ្ឋ។ អំណាចទាំង៣ ជាអង្គភាពឯករាជ្យ តែត្រូវធ្វើការរួមគ្នា ហើយត្រួតពិនិត្យ និងថែរក្សាតុល្យភាពអំណាចនីមួយៗមិនអនុញ្ញាតឲ្យអង្គភាពមួយមានឥទ្ធិពលលើអង្គភាពមួយទៀតបានឡើយ។
អ្នកកាន់លទ្ធិប្រជាធិបតេយ្យបារម្ភអំពីវត្តមាននៃបុគ្គលមួយរូប ឬមនុស្សមួយក្រុម ឬមនុស្សប្រជាភិថុតិដែលត្រូវបានជ្រើសរើសធ្វើជាអ្នកដឹកនាំ ប្រមូលយកអំណាចទាំងបីមកផ្តុំនៅក្នុងកណ្ដាប់ដៃរបស់ខ្លួន រំលោភសិទ្ធិសេរីភាពពលរដ្ឋ និងយុត្តិធម៌នៅក្នុងសង្គម។ បុគ្គលដែលប្រមូលអំណាចទាំងបីមកកាន់កាប់ គឺជាជនអត្តាធិបតី ឬជនផ្ដាច់ការ ឬជនឯកបក្ស។ របបក្រុងភ្នំពេញគឺជារបបផ្ដាច់ការ របបអត្តាធិបតេយ្យ ឬរបបឯកបក្ស។
បុព្វហេតុមួយដែលជួយរបបនេះឲ្យអាចដំណើរការបាន គឺមកពីមានពលរដ្ឋខ្មែរច្រើនណាស់ដែលរស់នៅក្នុងទ្រុងទាសភាពនៃវប្បធម៌ពាន់ឆ្នាំ ដែលបង្រៀនមនុស្សឲ្យបម្រើ និងឲ្យស្មោះត្រង់ចំពោះបុគ្គល។ នៅក្រោមរបបក្រុងភ្នំពេញដែលប្រើវិធីសាស្ត្រគំរាមកំហែង និងចាប់ចង ទាំងអ្នកចេះដឹង និងទាំងអ្នកមិនសូវយល់ដឹងសម្រេចនៅសម្ងំស្ងៀមដោយភ័យខ្លាចមានបញ្ហា។
ពួកគេខំពន្យល់ប្រាប់ខ្លួនឯងឲ្យជឿដូចរបបបានប្រាប់ពីលើមកថា ទ្រុងទាសភាពនេះជាសន្តិភាពនៅក្នុងសង្គម។ រីឯខ្មែរជាច្រើននៅក្រៅប្រទេសក៏មិនហ៊ានហារមាត់បញ្ចេញយោបល់ពិតៗ ព្រោះបារម្ភខ្លាចរបបអត្តាធិបតេយ្យមិនឲ្យទៅលេងស្រុកទេសរបស់ខ្លួន។
បុព្វហេតុមួយទៀត គឺមានមនុស្សដែលមើលឃើញប្រយោជន៍ផ្ទាល់ខ្លួន ហើយស្ម័គ្រចិត្តបម្រើនៅក្នុងការិយាធិបតេយ្យនៃរបបផ្ដាច់ការនេះ មានតាំងពីប្លង់តុងរហូតដល់ថីថុង ចាប់ពីថ្នាក់ទាបដល់ថ្នាក់ខ្ពស់ មានអ្នកចេះដឹងមិនតិច មានទាំងប៉ូលិស និងទាហានផង។
ដែលគួរឲ្យស្តាយនោះ គឺថាពួកគេសុខចិត្តលះបង់សេចក្តីថ្លៃថ្នូររបស់ខ្លួនដើម្បីសក្តិយសឥតន័យខ្លឹមសារ ទោះបីជាតាមការពិត គឺថាបុគ្គលដែលស្ម័គ្រចិត្តបម្រើជនផ្ដាច់ការគ្រប់រូបមានសមត្ថភាព និងលទ្ធភាពអាចកែប្រែស្ថានការណ៍ឲ្យប្រែប្រួលបានក្តី។
កត្តាមួយផ្សេងទៀតដែលជាជំនួយដល់អាយុជីវិតរបបផ្ដាច់ការក្រុងភ្នំពេញ ដែលជនអត្តាធិបតីឆ្លៀតចំរាញ់យកប្រយោជន៍សម្រាប់គេ គឺភាពរញ៉េរញ៉ៃ និងខ្វះសាមគ្គី និងការបែកបាក់គ្នាក្នុងចំណោមអ្នកដែលស្អប់ខ្ពើមរបបនេះ។
ទិដ្ឋិមួយបានប្រៀបធៀបសភាពការណ៍នេះទៅនឹងគំនរដុំឥដ្ឋដែលបែកបាក់ជ្រុះធ្លាក់ពីផ្ទាំងកំពែង មកពូនផ្តុំនៅលើដី ព្រោះធាតុភ្ជាប់ដែលមានខ្សាច់ស៊ីម៉ង់មានគុណសម្បត្តិខ្សត់ខ្សោយ ដោយជាងសង់មិនបានលាយគ្រឿងផ្សំផ្សេងៗឲ្យតាមរបៀបត្រឹមត្រូវ។ ដុំឥដ្ឋក៏នៅភ្ជាប់ជាមួយគ្នាជាផ្ទាំងមិនបានយូរដែរ។ គេថាអ្នកស្អប់របបផ្ដាច់ការដែលបែកបាក់គ្នា ក៏ដោយសារខ្វះធាតុចាំបាច់ភ្ជាប់សកម្មជនទាំងឡាយឲ្យនៅជាប់គ្នាជាចង្កោមបានយូរដែរ។
តាមគំនិតនេះ បញ្ហាចម្បងដែលធ្វើឲ្យមនុស្សបែកបាក់គ្នាទោះជានៅក្នុងគ្រួសារ នៅទីកន្លែងធ្វើការ នៅក្នុងសហគមន៍ ឬក្នុងសង្គម គឺមកពីបុគ្គលនីមួយៗមានការបែកបាក់ជាមួយខ្លួនឯង ដោយសារតែមានកង្វះតម្លៃគុណធម៌នៅក្នុងខ្លួន។
គុណធម៌ជួយបុគ្គលម្នាក់ៗឲ្យរកភាពស្ងប់ក្នុងខ្លួនបានដោយសម្របសម្រួលគំនិត អារម្មណ៍ និងសកម្មភាព ពោលគឺជួយឲ្យបុគ្គលបណ្ដុះសន្តិភាពនៅក្នុងខ្លួន។ គុណធម៌ជាធាតុជំនួយភ្ជាប់មនុស្សឲ្យរួមសុខជាមួយគ្នានៅក្នុងលោកនេះដែរ។ យើងអាចរៀនអំពីតម្លៃគុណធម៌នៅក្នុងពុទ្ធលទ្ធិ ឬសាសនាព្រះយេស៊ូ ឬសាសនាឥស្លាម ហើយយកគុណធម៌ទាំងនោះមកប្រតិបត្តិ។
ដោយខ្មែរជាទូទៅជាអ្នកកាន់ពុទ្ធលទ្ធិ ខ្ញុំសូមលើកយកការប្រៀនប្រដៅរបស់ព្រះពុទ្ធមកជូនពិចារណាជាគំនិត ឲ្យបុគ្គលបញ្ចប់ការបែកបាក់ជាមួយខ្លួនឯងផង និងលើកទឹកចិត្តអ្នកប្រជាធិបតេយ្យឲ្យសាមគ្គីគ្នាផង។ គុណធម៌ក៏ជាផ្លូវមួយសំខាន់តតាំងនឹងរបបផ្ដាច់ការដែរ។
ព្រះពុទ្ធបានបង្រៀនមនុស្សជាតិថា «នៅក្នុងភាពចម្រូងចម្រាសមួយនៅពេលដែលយើងចាប់ផ្តើមមានកំហឹង គឺនៅពេលនោះហើយដែលយើងឈប់ស្វែងរកសច្ចធម៌ ហើយចាប់ផ្តើមគិតតែអំពីខ្លួនឯង»។ នេះហើយគឺគំនិត «អាត្មានិយម»។
ព្រះពុទ្ធលោកប្រដៅថា «ចូរកុំយកចិត្តទុកដាក់នឹងកំហុសអ្នកដទៃ ឬអំពីអ្វីដែលអ្នកដទៃបានធ្វើ ឬមិនទាន់បានធ្វើនៅឡើយ។ ចូរពិចារណាតែអំពីអ្វីដែលខ្លួនយើងម្នាក់ៗបានធ្វើ ឬមិនទាន់បានធ្វើ»។
លោកប្រដៅមនុស្សឲ្យ «ពឹងផ្អែកទៅលើសារសំខាន់នៃគំនិតបញ្ញាដ៏បរិសុទ្ធរបស់យើង មិនមែនទៅលើការវិនិច្ឆ័យថ្កោលទោសទេ»។ លោកទូន្មានថា «បន្ទាប់ពីបានធ្វើការអង្កេត និងធ្វើការវិភាគហ្មត់ចត់ហើយ បើអ្នករកឃើញថាអ្វីទាំងអស់បានស្របជាមួយនឹងហេតុផល ហើយបានជាអំណោយផលដល់ការល្អ និងប្រយោជន៍ល្អសម្រាប់មនុស្សម្នាក់ ឬមនុស្សទូទៅ ចូរអ្នកទទួលយកវា ហើយរស់តាមវាទៅ»។
ព្រះពុទ្ធបានបង្រៀនមនុស្សជាតិថា៖
- ទី១ ឲ្យពឹងផ្អែកទៅលើគំនិតស្មារតី និងអត្ថន័យនៃសេចក្តីបង្រៀន មិនមែនទៅលើពាក្យបង្រៀនទេ។
- ទី២ ឲ្យពឹងផ្អែកទៅលើសេចក្តីបង្រៀន មិនមែនទៅលើបុគ្គលិកលក្ខណៈរបស់អ្នកបង្រៀនទេ។
- ទី៣ ឲ្យពឹងផ្អែកទៅលើបញ្ហាពិតប្រាកដ មិនមែនទៅលើការបកស្រាយសើៗទេ។
- ទី៤ ឲ្យពឹងផ្អែកទៅលើសារសំខាន់នៃគំនិតបញ្ញាដ៏បរិសុទ្ធរបស់អ្នក មិនមែនទៅលើទស្សនៈថ្កោលទោសទេ។
ពុទ្ធលទ្ធិបានបន្សល់នូវដំបូន្មាន “កុំ ១០ប្រការ” ដើម្បីឲ្យមនុស្សយកមកត្រិះរិះពិចារណា៖
- កុំជឿ និងកុំសំអាងលើព័ត៌មានដែលឮតៗគ្នា។
- កុំជឿ និងកុំសំអាងលើទម្លាប់។
- កុំជឿ និងកុំសំអាងលើអ្វីដែលគេនិយាយតៗគ្នា។
- កុំជឿ និងកុំសំអាងលើក្បួនតម្រា។
- កុំជឿ និងកុំសំអាងលើតក្កវិជ្ជាតាមខ្លួនឯងយល់។
- កុំជឿ និងកុំសំអាងលើអ្វីដែលផ្សែផ្សំឲ្យបានប្រហែលគ្នា។
- កុំជឿ និងកុំសំអាងលើអ្វីដែលខ្លួនពេញចិត្ត។
- កុំជឿ និងកុំសំអាងលើអ្វីដែលត្រូវនឹងគំនិតខ្លួន។
- កុំជឿ និងកុំសំអាងលើពាក្យអ្នកប្រសប់និយាយពីរោះស្តាប់។
- កុំជឿ និងកុំសំអាងលើលទ្ធិគ្រូដោយហេតុតែជាគ្រូរបស់ខ្លួន។
ពោលគឺពុទ្ធលទ្ធិហាមការជឿ និងសំអាងដោយមិនបានពិចារណាឲ្យហ្មត់ចត់។ យ៉ាងដូច្នេះ ពុទ្ធលទ្ធិផ្តល់សេរីភាពដល់មនុស្សទូទៅឲ្យប្រើខួរក្បាលត្រិះរិះពិចារណារកហេតុផលឲ្យឃើញសឃើញខ្មៅ មុននឹងប្រព្រឹត្តអ្វីដែលជាកុសល។
គំនិតស្តីអំពីបុគ្គលម្នាក់ៗបង្កើតចរន្តរលកថាមពលរួមជាមួយបុគ្គលឯទៀត បង្កើតចរន្តរលកថាមពលឲ្យរត់ត្របាញ់ចេញពីគ្រប់ទិសទីចូលរួមគ្នាជាចរន្តរលកស៊ូណាមិយក្ស វាយកម្ទេចរបបផ្ដាច់ការ គឺជាគំនិតច្នៃប្រឌិតដែលមានជាមូលដ្ឋានក្នុងការប្រៀនប្រដៅដ៏ស័ក្តិសិទ្ធិរបស់ពុទ្ធលទ្ធិ ដូចដែលបានអធិប្បាយនៅខាងលើនេះ។
ខណៈពុទ្ធលទ្ធិបង្រៀនមនុស្សឲ្យអាចទៅជាអ្នកដឹកនាំចំណាន និងបង្រៀនសកម្មជនលទ្ធិប្រជាធិបតេយ្យឲ្យចេះតតាំងនឹងរបបអត្តាធិបតេយ្យ ពុទ្ធលទ្ធិក៏ជាអាវុធសំខាន់មួយអាចជួយរំដោះពលរដ្ឋឲ្យចេញពីទ្រុងទាសភាពបានដែរ។ ព្រះពុទ្ធបានប្រៀនប្រដៅមនុស្សជាតិថា យើងជាមនុស្សត្រូវកសាងខ្លួនយើងដោយខ្លួនឯង ឬ “អត្តសម្មាបណិធិ”។
ប្រការដែលគួរឲ្យសង្វេគមួយ គឺថានៅក្នុងសង្គមខ្មែរ ទាំងអ្នកដឹកនាំ ទាំងសកម្មជននយោបាយ និងទាំងពលរដ្ឋសាមញ្ញនិយមយកពុទ្ធលទ្ធិមកសូត្រនៅជាប់លើបបូរមាត់ តែមិនអនុវត្តឲ្យដូចព្រះពុទ្ធបានប្រៀនប្រដៅទេ។ ពាក្យពេចន៍របស់អតីតព្រះសង្ឃមួយអង្គឈ្មោះ ហេង មណីចិន្តា ដែលធ្លាប់បានសហការជាមួយខ្ញុំកាលពីខ្ញុំនៅបម្រើក្នុងជួររណសិរ្សជាតិនៅជាយដែនខ្មែរ-ថៃ បានថ្លែងថា «គឺការមិនអនុវត្តការប្រៀនប្រដៅរបស់ព្រះពុទ្ធនេះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ហិនហោចដូចសព្វថ្ងៃ»។
មុននឹងបញ្ចប់ ខ្ញុំសូមលើកយកពាក្យគ្រាមភាសា ឬភាសិតមួយឃ្លាមកធ្វើជាការវិចារណា៖ គេអាចបកស្បែកខ្លាដោយវិធីច្រើនយ៉ាង៕
អំពីអ្នកនិពន្ធ៖
បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតយុទ្ធជន “កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ឆ្នាំនៅសាកលវិទ្យាល័យអាមេរិកាំងនៅកោះ Guam ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៤ ដែលជាឆ្នាំលោកបានចូលនិវត្តន៍។
បច្ចុប្បន្ននេះ លោករស់នៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាន និងស្តាប់ អាចចូលមើលគេហទំព័រ “គំនិតខ្មែរ” របស់លោកតាមអាសយដ្ឋាន www.kumnitkhmer.com ហើយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡិចត្រូនិក [email protected]។