28.4 C
Phnom Penh

តើ​បុរស​ខ្លាំង​វេណេហ្ស៊ុយអេឡា លោក ម៉ាឌូរ៉ូ អាច​នឹង​អស់​អំណាច​ដោយ​សេណារីយ៉ូ​មួយ​ណា​របស់​លោក ត្រាំ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចង្អុល​បង្ហាញ​ថា​ពេលវេលា​របស់​លោក នីកូឡាស ម៉ាឌូរ៉ូ នៅ​ក្នុង​អំណាច​កាន់តែ​ជិត​អស់​ក្នុង​ពេលនេះ បើ​ទោះបីជា​លោក​មិន​ផ្ដល់​ព័ត៌មាន​ពី​ការ​វាយប្រហារ​យោធា​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​មួយ​នេះ​ក៏ដោយ​ក្ដី។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន ការ​ព្រមាន​របស់​លោក ត្រាំ កើតឡើង​ចំ​ពេល​ដែល​លោក​បន្ត​ពង្រាយ​កម្លាំង​យោធា​នៅ​តំបន់​ការីបៀន និង​ការ​ចោទប្រកាន់​បន្ត​ទៀត​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ថា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​គ្រឿងញៀន។

រដ្ឋការ​របស់​លោក ត្រាំ បាន​ផ្ដល់​នូវ​ជម្រើស​យោធា​លើ​ទឹកដី​វេណេហ្ស៊ុយអេឡា មាន​បី​សេណារីយ៉ូ គឺ៖

  1. ការ​ប្រើប្រាស់​ភ្នាក់ងារ​ចារកម្ម CIA
  2. ការ​ប្រើប្រាស់​ក្រុម​ទ័ព​ពិសេស​ឆ្មាសមុទ្រ និង​ក្រុម​ទ័ព​រាត្រី ដើម្បី​តាម​ចាប់​ខ្លួន ឬ​សម្លាប់​លោក ម៉ាឌូរ៉ូ
  3. ការ​ចាប់​ធនធាន​ប្រេង​របស់​ប្រទេស​នេះ​ដោយ​កម្លាំង​ទ័ព​អាមេរិក។

សេណារីយ៉ូ​ទាំង​បី​នេះ ត្រូវ​បាន​មន្ត្រី​សេតវិមាន​ទម្លាយ​ថា លោក ត្រាំ ត្រូវការ​ពេល​សម្រាប់​ពិចារណា ដោយ​បារម្ភ​បរាជ័យ​ដែល​នឹង​នាំមក​នូវ​ក្ដី​អាម៉ាស់ ហើយ​បារម្ភ​នាំមក​នូវ​ការ​ប៉ះពាល់​ជីវិត​ដល់​កងទ័ព​អាមេរិក។

ក្នុង​ពេលនេះ​ផង​ដែរ​មាន​ការ​ទម្លាយ​ថា អាវុធ​មីស៊ីល​របស់​រុស្ស៊ី និង​ដ្រូន​របស់​អ៊ីរ៉ង់ បាន​ដឹកជញ្ជូន​ចូល​ក្នុង​ទឹកដី​វេណេហ្ស៊ុយអេឡា។ ចំណែក​ប្រទេស​ចិន កំពុង​ពិចារណា​ផ្ដល់​ហិរញ្ញប្បទាន​ឱ្យ​ប្រទេស​នេះ​ខ្ចី​ថែម​ទៀត​ផង។

ឥឡូវ​នេះ​មាន​សេចក្ដី​បញ្ជាក់​ពី​មន្ត្រី​ជំនិត​លោក ត្រាំ នៅ​សេតវិមាន​ថា ក្រសួង​យុត្តិធម៌ កំពុងតែ​ណែនាំ​នូវ​មូលដ្ឋាន​ច្បាប់​ដើម្បី​ឈាន​ដល់​ការ​ធ្វើ​សកម្មភាព​ណា​មួយ​ក្នុង​ចំណោម​សេណារីយ៉ូ​ទាំង​បី​ខាងលើ​នេះ។

បន្ថែម​ពី​លើ​យុទ្ធនាការ​ដាក់​សម្ពាធ​លើ​លោក ម៉ាឌូរ៉ូ ក្នុង​នាម​ជា​រដ្ឋការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ក្រសួង​យុត្តិធម៌​អាមេរិក នឹង​រក​វិធីសាស្ត្រ​ដែល​មិន​ចាំបាច់​ឆ្លងកាត់​សភា​អនុម័ត​ប្រើ​កម្លាំង​យោធា ឬ​ក៏​មិន​ចាំបាច់​ប្រើប្រាស់​នូវ​ការ​ប្រកាស​សង្គ្រាម​នោះ​ទេ។

ក្នុង​ខណៈ​ដែល​ការ​ណែនាំ​កំពុង​ត្រូវ​បាន​ព្រាង មន្ត្រី​រដ្ឋការ​មួយ​ចំនួន​រំពឹង​ថា​នឹង​ចាត់ទុក​លោក ម៉ាឌូរ៉ូ និង​មន្ត្រី​សន្តិសុខ​កំពូល​របស់​លោក ជា​មេខ្លោង​អង្គការ​ភេរវកម្ម​គ្រឿងញៀន Cartel De Los Soles និង Tren de Aragua។

ក្រោម​ហេតុផល​នេះ កងទ័ព​អាមេរិក​បាន​តាម​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន​វេណេហ្ស៊ុយអេឡា ដោយ​សម្លាប់​បាន ៦៧​នាក់ ដែល​លោក ត្រាំ ចាត់ទុក​ជា​ភេរវករ​គ្រឿងញៀន។ បន្ថែម​ពី​លើ​ហេតុផល​នេះ ក្រសួង​យុត្តិធម៌ ត្រូវ​គេ​រំពឹង​ថា​នឹង​មិន​បំពាន​ច្បាប់​ដែល​ហាមប្រាម​ការ​សម្លាប់​មេដឹកនាំ​បរទេស​នោះ​ទេ។

ក្រោម​ហេតុផល​ថា លោក ត្រាំ អាច​នឹង​ត្រូវ​ណែនាំ​ឱ្យ​ប្រើប្រាស់​ហេតុផល​ថា​លោក ម៉ាឌូរ៉ូ មិនមែន​ជា​ប្រធានាធិបតី​ស្រប​ច្បាប់​របស់​ប្រទេស​វេណេហ្ស៊ុយអេឡា នោះ​ទេ ព្រោះតែ​លោក ម៉ាឌូរ៉ូ ជា​បេក្ខជន​ប្រធានាធិបតី​ចាញ់​ឆ្នោត ហើយ​បេក្ខជន​ឈ្នះ​ឆ្នោត​គឺ​លោក Edmundo González មកពី​បក្ស​ប្រឆាំង​របស់​អ្នកស្រី María Corina Machado។

លោក ដូណាល់ ត្រាំ ចុងក្រោយ​នេះ​បាន​ផ្ញើ​សារ​ជា​សាធារណៈ​ច្រើន​ដង​មក​ហើយ​អំពី​បំណង​របស់​លោក​ចង់​ប្ដូរ​របប​ដឹកនាំ​នៅ​វេណេហ្ស៊ុយអេឡា ដោយ​មិន​ដល់​កម្រិត​នៃ​ការ​លើក​ទ័ព​លុកលុយ​ចូល​ទឹកដី​វេណេហ្ស៊ុយអេឡា នោះ​ទេ។

អ្នក​សង្កេតការណ៍​សង្ស័យ​ថា លោក ត្រាំ នឹង​ប្រើប្រាស់​សេណារីយ៉ូ​ដាក់​សម្ពាធ​ខាងក្រៅ​ជា​អតិបរិមា និង​ការ​ប្រើ​កម្លាំង​យោធា​អប្បបរមា ដោយ​ការ​ឡោមព័ទ្ធ​ពី​ខាងក្រៅ និង​ធ្វើ​ឱ្យ​កងទ័ព​វេណេហ្ស៊ុយអេឡា បែកបាក់​គ្នា ហើយ​រង់ចាំ​កម្លាំង​ប្រឆាំង​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា ផ្ទុះ​ការ​ប្រឆាំង​លោក ម៉ាឌូរ៉ូ។

នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៃ​រដ្ឋការ​លោក ដូណាល់ ត្រាំ ចំពោះ​ការ​ផ្លាស់ប្ដូរ​អំណាច​នៅ​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​គេ​ចាត់ទុក​ថា​មិនមែន​ជា​រឿង​សម្ងាត់​ពេក​ទេ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio ដែល​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​ប្រធានាធិបតី​អាមេរិក បាន​បង្ហាញ​ច្បាស់​ពី​ចំណង់​ចំណូលចិត្ត​នយោបាយ​របស់​លោក ដែល​លោក​មើល​ឃើញ​អំណាច​របស់​លោក ម៉ាឌូរ៉ូ គួរតែ​ត្រូវ​បាន​ផ្តួល​រំលំ។

លោក Rubio បាន​និយាយ​ថា លោក ម៉ាឌូរ៉ូ គឺជា “ជន​ផ្ដាច់ការ​ដ៏​អាក្រក់​បំផុត” ហើយ​ពេល​សួរ​ថា តើ​ទាមទារ​ឲ្យ​លោក ម៉ាឌូរ៉ូ ចាកចេញ​ពី​ប្រទេស ឬ​ក៏​ចុះចេញ​ពី​អំណាច លោក Rubio បាន​ឆ្លើយ​ថា “យើង​កំពុង​ធ្វើការ​លើ​គោលនយោបាយ​នេះ​ហើយ”

សហរដ្ឋ​អាមេរិក នៅតែ​មិន​ទទួលស្គាល់​លោក ម៉ាឌូរ៉ូ ជា​ប្រធានាធិបតី​ស្រប​ច្បាប់​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា បន្ទាប់ពី​ការ​បោះឆ្នោត​ឆ្នាំ​២០២៤ ជា​ថ្មី​ទៀត ត្រូវ​បាន​បដិសេធ​ដោយ​អន្តរជាតិ និង​គណបក្ស​ប្រឆាំង​នៅ​វេណេហ្ស៊ុយអេឡា។

ប្រជាជន​វេណេហ្ស៊ុយអេឡា ជាង ៧០% ចង់​ឱ្យ​អាមេរិក​ទម្លាក់​អំណាច​របស់​លោក ម៉ាឌូរ៉ូ។ នេះ​បើ​តាម​ក្រុមហ៊ុន​ស្ទង់មតិ​របស់​អង្គការ​ស្ទង់មតិ Panterra មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍។

អស់​រយៈពេល​ពីរ​ខែ​មក​ហើយ​ដែល​កងទ័ព​សហរដ្ឋ​អាមេរិក បាន​និង​កំពុង​បង្កើន​កម្លាំង​នាវាចម្បាំង យន្តហោះ​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក កងទ័ព​ម៉ារីន យន្តហោះ​គ្មាន​មនុស្ស​បើក និង​យន្តហោះ​ចារកម្ម​នៅ​សមុទ្រ​ការីបៀន នៅ​បន់​អាមេរិក​ខាងត្បូង។ ឥឡូវ​នេះ វា​ផ្ទុក​យន្តហោះ USS Gerald Ford ដែល​អម​ដោយ​នាវា​ពិឃាត​ចំនួន ៨​គ្រឿង ត្រូវ​បាន​រាយការណ៍​ថា​ក៏បាន​ដាក់​ពង្រាយ​នៅ​តំបន់​សមុទ្រ​ការីបៀន ផង​ដែរ។

ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS Gerald Ford ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក និង​ការ​បង្ហាញ​សមត្ថភាព​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 B-1B នៅ​ជិត​ឆ្នេរសមុទ្រ​វេណេហ្ស៊ុយអេឡា និង​ការ​បញ្ជ្រាប​កម្លាំង​ភ្នាក់ងារ​ចារកម្ម CIA នៅ​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​គេ​មើល​ឃើញ​ថា រដ្ឋការ​លោក ត្រាំ នឹង​លើក​ទ័ព​ចូល​ទៅ​ចាប់​ខ្លួន​បុរស​ខ្លាំង​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដែល​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក ចេញ​ដីកា​ចាប់​ខ្លួន​ករណី​ចោទ​ថា​ជា​មេខ្លោង​ភេរវករ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ដ៏​ធំ​នៅ​អាមេរិក​ខាងត្បូង។

ជាមួយ​គ្នា​នេះ រដ្ឋការ​លោក ដូណាល់ ត្រាំ ក៏​បាន​ដំឡើង​តម្លៃ​នៃ​ការ​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ ដល់​ទៅ ៥០​លាន​ដុល្លារ​ទៅ​ឱ្យ​ក្រុម​ណា​ផ្ដល់​ព័ត៌មាន​ទៅ​ភ្នាក់ងារ CIA ឬ​ប៉ូលិស FBI ចូល​ទៅ​ចាប់​ខ្លួន​ជន​ផ្ដាច់ការ​រូប​នេះ​នាំ​ទៅ​កាត់ទោស​នៅ​សហរដ្ឋ​អាមេរិក៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស