34.5 C
Phnom Penh

ទីក្រុង​វ៉ាស៊ីនតោន កំពុង​ប្រើ​យុទ្ធសាស្ត្រ​ពីរ​ទន្ទឹម​គ្នា​ដើម្បី​ប្ដូរ​របប​ដឹកនាំ​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក កើន​ទ័ព​ជាង ១៦០០០​នាក់ ដែល​ចំនួន​នេះ​បូក​ជាមួយ​នឹង​កង​នាវាចម្បាំង កង​នាវា​ផ្ទុក​យន្តហោះ USS Gerald Ford កំពុង​ប្រតិបត្តិការ​នៅ​តំបន់​សមុទ្រ​ការីបៀន នៃ​តំបន់​អាមេរិក​ខាងត្បូង ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​យុទ្ធនាការ​វាយប្រហារ​កាណូត​ដឹក​គ្រឿងញៀន​ដែល​ចេញពី​ឆ្នេរសមុទ្រ​ប្រទេស​វេណេហ្ស៊ុយអេឡា សំដៅ​ទៅ​សហរដ្ឋ​អាមេរិក។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Guardian ក្នុង​រយៈពេល​ជិត​ខែ​មក​នេះ កាណូត​ចំនួន ១៥​គ្រឿង​ត្រូវ​បាន​កម្ទេច ក្នុង​នោះ​ស្លាប់​មនុស្ស ៦៥​នាក់​ដែល​លោក ត្រាំ អះអាង​ថា​សុទ្ធតែ​ជា​ភេរវករ​គ្រឿងញៀន។

នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​បណ្ដាញ​ព័ត៌មាន CBS កាលពី​ថ្ងៃ​អាទិត្យ ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ លោក ត្រាំ មិន​បាន​ផ្ដល់​ចម្លើយ​ដោយ​ត្រង់​ថា​វា​ជា​សង្គ្រាម​ឈ្លានពាន​អ្វី​នោះ​ទេ។ លោក​ថា​ជា​សង្គ្រាម​គ្រឿងញៀន ដែល​ត្រូវ​វាយ​កម្ទេច​អង្គការ​បណ្ដាញ​គ្រឿងញៀន​ធំ​ពីរ​នៅ​តំបន់​អាមេរិក​ខាងត្បូង គឺ​អង្គការ​ភេរវកម្ម​គ្រឿងញៀន Cartels of the Sun និង Tren de Aragua ដែល​លោក Nicolas Maduro ត្រូវ​បាន​លោក ត្រាំ ចោទ​ថា​ជា​មេខ្លោង​ដ៏​ធំ​របស់​អង្គការ​ភេរវកម្ម​ពីរ​នេះ។

អ្នកកាសែត​ពី​បណ្ដាញ​ទូរទស្សន៍ CBS បន្ត​សួរ​ទៀត​ថា តើ​លោក​នឹង​ចាប់​ខ្លួន ឬ​ផ្ដួល​លោក Nicolas Maduro ពី​អំណាច​ឬ​ទេ? លោក ត្រាំ ឆ្លើយតប​ថា គេ​មិន​ត្រូវ​គិត​ថា​ជា​សង្គ្រាម​ឈ្លានពាន​ទេ។ លោក​ថា​មេខ្លោង​គ្រឿងញៀន គឺជា​មុខសញ្ញា​ត្រូវ​ចាប់​ខ្លួន។

ជាមួយ​គ្នា​នេះ ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ដំឡើង​តម្លៃ​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ ដល់​ទៅ ៥០​លាន​ដុល្លារ​ឱ្យ​ក្រុម​ណា​ផ្ដល់​ព័ត៌មាន​ទៅ​ភ្នាក់ងារ CIA ឬ​ប៉ូលិស FBI ចូល​ទៅ​ចាប់​ខ្លួន​ជន​ផ្ដាច់ការ​រូប​នេះ​នាំ​ទៅ​កាត់ទោស​នៅ​អាមេរិក ពី​បទ​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ដែល​អាមេរិក​ចោទ​ថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិសុខ​សង្គម និង​យុវជន​អាមេរិក ព្រោះ​ជា​មេខ្លោង​នាំ​គ្រឿងញៀន​ចូល​សហរដ្ឋ​អាមេរិក។

លោក ត្រាំ មាន​ផែនការ​ទម្លាក់​លោក Maduro តាំងពី​អាណត្តិ​ដំបូង​របស់​លោក តែ​ពេល​នោះ លោក ត្រាំ មិន​ទទួលស្គាល់​ភាព​ស្រប​ច្បាប់​របស់​លោក Maduro ជា​ប្រធានាធិបតី​របស់​ប្រជាជន​វេណេហ្ស៊ុយអេឡា នោះ​ទេ ព្រោះ​លោក Maduro បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ដោយសារតែ​លួច​បន្លំ​ការ​បោះឆ្នោត និង​បំបិទ​សំឡេង​គូប្រជែង​នយោបាយ​របស់​លោក​រាប់​រយ​នាក់ ដោយ​ចាប់​ដាក់​គុក និង​បង្ខំ​និរទេស​ខ្លួន។

លោក ត្រាំ តែងតែ​ឡើង​វាយប្រហារ​លោក Maduro នៅ​ឯ​វេទិកា​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

បើ​ដូច​ការ​បកស្រាយ​របស់​លោក ត្រាំ និង​វិធានការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក Maduro ដោយ​ក្រសួង​យុត្តិធម៌​អាមេរិក វា​ពិត​ណាស់​សង្គ្រាម​គ្រឿងញៀន​របស់​លោក ត្រាំ នឹង​ប្រែ​ក្លាយ​ទៅ​ជា​សង្គ្រាម​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​វេណេហ្ស៊ុយអេឡា។ ទោះជា​យ៉ាងណាក្ដី សង្គ្រាម​អាច​មាន​ទ្រង់ទ្រាយ​ធំ បើ​លោក Maduro មិន​រត់​ចោល​ប្រទេស ហើយ​ដឹកនាំ​ទ័ព​ប្រយុទ្ធ​នឹង​កងទ័ព​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា បាន​ថ្កោលទោស​ការ​ដាក់​ពង្រាយ​កម្លាំង​យោធា​សហរដ្ឋ​អាមេរិក ថា​ជា​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​ការដឹកនាំ​របស់​លោក Maduro ដែល​ទីក្រុង​វ៉ាស៊ីនតោន ចោទ​ថា​ជា​មេខ្លោង​នៃ​ពួក​ឧក្រិដ្ឋជន​គ្រឿងញៀន ខណៈ​លោក Maduro បាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ។

ក្នុង​ស្ថានភាព​នេះ កងទ័ព​វេណេហ្ស៊ុយអេឡា បាន​ដាក់​ពង្រាយ​ក្នុង​ស្ថានភាព​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​ពេញ​ទំហឹង ដោយ​ដំឡើង​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​មីស៊ីល​រុស្ស៊ី ប្រឆាំង​នឹង​នាវាចម្បាំង។ មីស៊ីល​នេះ​បំពាក់​លើ​យន្តហោះ​ចម្បាំង Sukhoi-30 ជា​យន្តហោះ​ផលិត​នៅ​រុស្ស៊ី។

នៅ​ឯ​ព្រឹត្តិការណ៍​ជាមួយ​ថ្នាក់ដឹកនាំ​យោធា​វេណេហ្ស៊ុយអេឡា លោក Maduro បាន​និយាយ​ថា ប្រទេស​របស់​លោក​ទទួល​បាន​ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​បាញ់​ពី​លើ​ស្មា​ផលិត​ដោយ​រុស្ស៊ី គឺ​មីស៊ីល Igla-S មិន​តិច​ជាង ៥០០០​ដើម​នោះ​ទេ ដើម្បី​ការពារ​ដែនអាកាស​ប្រឆាំង​នឹង​ការ​ឈ្លានពាន។

មីស៊ីល Igla-S ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បាញ់​ទម្លាក់​យន្តហោះ​ដែល​ហោះ​ទាប ហើយ​ប្រព័ន្ធ​មីស៊ីល​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សមយុទ្ធ​យោធា​រួច​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ ធ្វើឡើង​តាម​បញ្ជា​របស់​លោក Maduro ជា​ការ​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្បែរ​ដែនទឹក​វេណេហ្ស៊ុយអេឡា។ ក្នុង​ពេល​ដូច​គ្នា​នេះ លោក Maduro ក៏បាន​អះអាង​ថា មាន​កងជីវពល​ជាង ៨​លាន​នាក់​ត្រៀម​ខ្លួន​ដើម្បី​ការពារ​ប្រទេស។

ក្រុម​អ្នកវិភាគ​បាន​ឲ្យ​ដឹង​ថា កងកម្លាំង​ប្រដាប់​អាវុធ​វេណេហ្ស៊ុយអេឡា ជាង ១២​ម៉ឺន​នាក់ (១២៣០០០​នាក់) កំពុង​ពង្រាយ​នៅ​តំបន់​ឆ្នេរសមុទ្រ និង​តំបន់​តាម​ព្រំដែន​ជាប់​ប្រទេស​ជិតខាង។ វេណេហ្ស៊ុយអេឡា មាន​យន្តហោះ​ចម្បាំង Sukhoi-30 MK2 ចំនួន ២៤​គ្រឿង ដែល​បំពាក់​ដោយ​មីស៊ីល​ប្រឆាំង​នាវា Kh-31 “Krypton”។

វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ (IISS) បាន​បញ្ជាក់​ថា វេណេហ្ស៊ុយអេឡា​ក៏បាន​ពង្រឹង​អាវុធ​ប្រឆាំង​នាវាចម្បាំង​ផង​ដែរ។

ក្រៅពី​នេះ វេណេហ្ស៊ុយអេឡា មាន​យន្តហោះ​ចម្បាំង F-16 ចំនួន ២៤​គ្រឿង បាន​ទិញ​ពី​សហរដ្ឋ​អាមេរិក​កាលពី​ទសវត្ស​១៩៨០ ដែល​ប្រទេស​វេណេហ្ស៊ុយអេឡា មិន​ស្ថិត​នៅ​ក្រោម​បក្ស​សង្គម​និយម​រួបរួម​របស់​លោក Maduro និង​លោក Hugo Chávez នោះ​ទេ តែ​យន្តហោះ F-16 មាន​តែ​ជាង ១០​គ្រឿង​អាច​ឲ្យ​ដំណើរការ​បាន។

កាលពី​ដើម​ខែ​កញ្ញា យន្តហោះ F-16 ពីរ​គ្រឿង​របស់​វេណេហ្ស៊ុយអេឡា បាន​ហោះ​កាត់​ជិត​នាវាចម្បាំង​អាមេរិក USS Jason Dunham កំពុង​ស្ថិត​លើ​ដែនទឹក​អន្តរជាតិ។ មន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​ពណ៌នា​សកម្មភាព​នេះ​ថា​ជា “ការ​បង្ហាញ​កម្លាំង” និង “ការ​បង្ក​ហេតុ​ឲ្យ​តានតឹង​យ៉ាង​ខ្លាំង” ដោយ​បាន​ព្រមាន​វេណេហ្ស៊ុយអេឡា ឱ្យ​ប្រយ័ត្ន​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​កង​នាវាចម្បាំង​សហរដ្ឋ​អាមេរិក ដែល​កំពុង​ដាក់​ពង្រាយ​នៅ​សមុទ្រ​ការីបៀន ជាប់​នឹង​សមុទ្រ​វេណេហ្ស៊ុយអេឡា។

នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៃ​រដ្ឋការ​លោក ដូណាល់ ត្រាំ ចំពោះ​ការផ្លាស់ប្ដូរ​អំណាច​នៅ​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​គេ​ចាត់ទុក​ថា​មិនមែន​ជា​រឿង​សម្ងាត់​នោះ​ទេ ហើយ​យុទ្ធសាស្ត្រ​របស់​លោក ត្រាំ អាច​នឹង​ធ្វើ​ចលនា​យោធា​ចូល​ទៅ​ចាប់​ខ្លួន​លោក Maduro ដែល​ជា​រូបភាព​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Marco Rubio ដែល​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក ត្រាំ ប្រធានាធិបតី​អាមេរិក បាន​បង្ហាញ​ច្បាស់​ពី​ជំហរ​នយោបាយ​របស់​លោក​ដែល​លោក​មើល​ឃើញ​អំណាច​របស់​លោក Maduro គួរតែ​ត្រូវ​បាន​ផ្តួល​រំលំ។

លោក Rubio បាន​និយាយ​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Fox News ថា លោក Maduro គឺជា “ជន​ផ្ដាច់ការ​ដ៏​អាក្រក់​បំផុត” ហើយ​នៅ​ពេល​សួរ​ថា តើ​ទាមទារ​ឲ្យ​លោក Maduro ចាកចេញ​ពី​ប្រទេស ឬ​ក៏​ចុះចេញ​ពី​អំណាច? លោក Rubio បាន​ឆ្លើយ​ថា ទីក្រុង​វ៉ាស៊ីនតោន កំពុង​ប្រើ​យុទ្ធសាស្ត្រ​ពីរ​ដើរ​ទន្ទឹម​គ្នា គឺ​សង្គ្រាម​គ្រឿងញៀន និង​ចាប់​ខ្លួន​មេខ្លោង​គ្រឿងញៀន៕

ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (ឆ្វេង) និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក
ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (ឆ្វេង) និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស