នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ គឺជាខួបគម្រប់ ១២ឆ្នាំនៃសោកនាដកម្មមួយដែលគេហៅថា «រត់ជាន់គ្នា» បានធ្វើឲ្យមនុស្សស្លាប់ជាង ៣០០នាក់ និងអ្នករងរបួសមានចំនួនជិត ៤០០នាក់។
អ្នកដែលបានរួចផុតជីវិតពីសោកនាដកម្មនេះនៅតែចងចាំមិនអាចបំភ្លេចបានចំពោះហេតុការណ៍ដ៏សែនរន្ធត់នោះ។ ចំណែកពលរដ្ឋដែលត្រូវបានបណ្តេញចេញទាំងបង្ខំពីសំណាក់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (Overseas Cambodian Investment Corporation) របស់អ្នកឧកញ៉ា ពុង ឃាវសែ ស្ថាបនិកធនាគារកាណាឌីយ៉ា ថាឧបទ្ទវហេតុអាក្រក់នេះគួរតែកើតឡើងទៅលើក្រុមហ៊ុន។
ចំណែកឯក្រុមអង្គការសង្គមស៊ីវិលក៏ដូចជាជនរងគ្រោះ បានទាមទារឲ្យអាជ្ញាធរបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេតឱ្យបានដឹងការពិត និងរកអ្នកទទួលខុសត្រូវ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសាររងគ្រោះ និងការពារកុំឲ្យកើតមានតទៅទៀតនៅថ្ងៃក្រោយ។

រយៈពេល ១២ឆ្នាំបានកន្លងផុតទៅ អ្នកដែលបានរួចផុតជីវិតពីសោកនាដកម្ម «រត់ជាន់គ្នា» លើស្ពានកោះពេជ្រដែលបណ្តាលឲ្យមនុស្សជាង ៣០០នាក់ស្លាប់ និងអ្នករងរបួសជិត ៤០០នាក់ នៅតែចងចាំមិនអាចបំភ្លេចបានចំពោះហេតុការណ៍ដ៏សែនរន្ធត់នោះ។ ស្របពេលជាមួយគ្នានេះ ពលរដ្ឋដែលត្រូវបានបណ្ដេញចេញទាំងបង្ខំនៅតំបន់កោះពេជ្រ អះអាងថា ឧបទ្ទវហេតុដ៏អាក្រក់នេះមិនគួរកើតឡើងចំពោះពលរដ្ឋស្លូតត្រង់នោះទេ ប៉ុន្តែគួរតែកើតឡើងទៅលើក្រុមហ៊ុនដែលពលរដ្ឋបានដាក់បណ្តាសាកន្លងមកនោះវិញ។
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ និងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ គឺជាខួបគម្រប់ ១២ឆ្នាំគត់នៃសោកនាដកម្មដ៏មហាប្រល័យ ដែលពលរដ្ឋសឹងមួយនគរមិនអាចបំភ្លេចបាន។
អតីតកីឡាករប្រណាំងទូកមកពីខេត្តកំពង់ចាម ដែលគ្រាន់តែប្រាប់ឈ្មោះថា សំនៀង បានឡើងមកប្រណាំងទូកកាលពី ១២ឆ្នាំមុន និងជាអ្នកដែលបានរួចផុតពីគ្រោះថ្នាក់ដោយសារតែលោតពីស្ពានហង្សចុះទៅក្រោម បណ្តាលឲ្យរងរបួសបាក់ជើងឆ្វេង បានរំឭកអំពីព្រឹត្តិការណ៍ដ៏សែនរន្ធត់នោះថា នៅថ្ងៃកើតហេតុ លោកនិងមិត្តភ័ក្ដិដែលជាកីឡាករប្រណាំងទូកដូចគ្នា បាននាំគ្នាដើរលេងនៅថ្ងៃបុណ្យអុំទូកចុងក្រោយ បន្ទាប់ពីប្រណាំងទូកចប់ ហើយនៅពេលដើរដល់ពាក់កណ្តាលផ្លូវនៅលើស្ពានហង្ស ក៏ស្រាប់តែមានមនុស្សម្នារុញច្រានគ្នាទៅវិញទៅមក យូរៗទៅបណ្តាលឲ្យរើខ្លួនដើរទៅមុខលែងរួចតែម្តង។
លោកបន្តថា ដោយសារឃើញស្ថានភាពចង្អៀត មនុស្សនៅកកកុញលើគ្នា លោកក៏បានស្រវារួចពីគំនរមនុស្ស ហើយក៏លោតទម្លាក់ខ្លួនពីស្ពានចុះមកក្រោមបណ្តាលឲ្យលោកបាក់ជើង។ លោកថា ប្រសិនបើលោកមិនសម្រេចចិត្តលោតទេនោះ គឺអាចនឹងស្លាប់ដូចអ្នកដទៃទៀតដែរ។
បុរសរូបនោះបានអះអាងថា លោកនៅតែមានចម្ងល់ថា ហេតុអីបានជានៅក្នុងហ្វូងមនុស្សច្រើន ស្ថានភាពស្អិតដូចខ្សែភ្លើងឆក់ រើខ្លួនមិនរួចបែបនេះ។ លោកនៅតែគិតថាវាមិនអាចមកពីមនុស្សច្រើនបណ្តាលឱ្យស្អិតបែបនេះទេ។
លោកបន្តទៀតថា នៅក្នុងព្រឹត្តិការណ៍នេះ រដ្ឋាភិបាលគួរតែស្វែងរកការពិត និងរកមុខអ្នកទទួលខុសត្រូវ ដោយបង្កើតគណៈកម្មការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ដើម្បីបំបាត់មន្ទិលសង្ស័យ ព្រោះមនុស្សជាច្រើននៅតែគិតថាមិនមែនជាឧបទ្ទវហេតុទេ គឺជាកំហុសបច្ចេកទេសរបស់អាជ្ញាធរ មិនមែនគ្រាន់តែឲ្យថវិកាដល់ជនរងគ្រោះ និងដឹកសពទៅដល់ទីកន្លែងចាត់ទុកថាជាការទទួលខុសត្រូវនោះទេ។

ចំណែកឯលោក គង់ ជាជនរងគ្រោះម្នាក់ទៀតដែលរួចផុតពីសេចក្តីស្លាប់នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នានោះ បានឲ្យដឹងថា ទោះបី ១២ឆ្នាំបានកន្លងផុតទៅ ក៏លោកនៅតែរន្ធត់ និងនៅតែស្រមៃឃើញគំនរមនុស្សស្លាប់ ព្រមទាំងសំឡេងស្រែកហៅល្វើយៗឲ្យជួយ ដែលពួកគេហៀបនឹងស្លាប់នៅក្នុងត្រចៀករបស់លោកជានិច្ចនៅពេលណាដែលគេនិយាយអំពីឈ្មោះកោះពេជ្រ។
លោកថា លោកនៅតែឃើញរូបភាពយុវជនរាប់រយអ្នកស្លាប់គរលើគ្នានៅលើស្ពានដ៏តូចមួយ។
លោកបានឲ្យដឹងបន្តទៀតថា លោកនៅតែស្រមៃឃើញរូបភាពគេសែងអ្នករងរបួស និងសពដាក់ឡាននៅពេលដែលនិយាយដល់កោះពេជ្រ លោកស្រមៃឃើញរូបភាពនេះភ្លាមៗ ហើយលោកក៏ពុំដែលជាន់ទឹកដីកោះពេជ្រដែរចាប់តាំងពីព្រឹត្តិការណ៍នោះ ព្រោះលោកមិនអាចធ្វើចិត្តបាន។
លោកបានរំឭកឲ្យដឹងទៀតថា មូលហេតុដែលលោកមានជីវិត ដោយសារតែក្រុមយុវជនយុវនារីប្រជ្រៀតគ្នាសើចលេងសប្បាយ រុញច្រានគ្នាពីចុងស្ពានម្នាក់ម្ខាង ហើយនៅពេលដែលស្ពានលែងអាចដើរបាន លោកបានរុលចេញមកតោងបង្កាន់ដៃស្ពាន។ លោកថា ព្រឹត្តិការណ៍ជាន់គ្នាស្លាប់កើតឡើងតាំងពីម៉ោងប្រហែល ៩យប់ ហើយម៉ោងប្រហែល ១១ ទើបកម្លាំងជួយអន្តរាគមន៍មកជួយសង្គ្រោះ។
លោកបានបន្តទៀតថា អ្វីដែលបានកើតឡើងនេះ រដ្ឋាភិបាលគួរតែទទួលខុសត្រូវ ពីព្រោះនេះជាព្រឹត្តិការណ៍បុណ្យជាតិដ៏ធំមួយ ប៉ុន្តែអាជ្ញាធរពុំបានដាក់កម្លាំងគ្រប់គ្រាន់ដើម្បីការពារសុវត្ថិភាពដល់ពលរដ្ឋដែលដើរលេងកម្សាន្តនោះឡើយ។
លោកថា បើមិនប៉ះលើគ្រួសារអ្នកដឹកនាំប្រទេស គឺពួកគេប្រាកដជាមិនឈឺចាប់ទេ ប៉ុន្តែស្រមៃមើលរូបភាពគ្រួសារខ្លះដុតសព ៥នាក់នៅក្នុងពេលតែមួយ តើពួកគេឈឺចាប់ប៉ុនណា។
ជាអតីតអ្នកដាំបន្លែនៅតំបន់កោះពេជ្រ តាំងពីឆ្នាំ១៩៨៥ ដែលសូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោកសោកស្តាយចំពោះពលរដ្ឋស្លូតត្រង់ដែលបានស្លាប់កាលពី ១២ឆ្នាំមុន។ វាគឺជារឿងអយុត្តិធម៌សម្រាប់ពួកគេ ប៉ុន្តែក៏សបញ្ជាក់ឲ្យឃើញអំពីទង្វើអាក្រក់របស់ក្រុមហ៊ុន ដែលបានបណ្តេញពលរដ្ឋចេញទាំងបង្ខំកាលពេលនោះ។
លោកបានឲ្យដឹងទៀតថា កាលពីឆ្នាំ២០០៥ គេធ្វើបាបប្រជាជនខ្លាំងណាស់។ គេបណ្តេញពលរដ្ឋដែលជាអ្នករស់នៅក្នុងតំបន់នោះ ដែលប្រកបរបរជាអ្នកដាំដំណាំ ដោយផ្តល់សំណងដ៏តិចតួចបំផុត ដោយគេគំរាមប្រជាជនដែលមិនព្រមទទួលសំណងដោយយកកម្លាំងប៉ូលិសមកពង្រាយនៅលើកោះ គេផ្តាច់ភ្លើង។
ពលរដ្ឋភាគច្រើនខឹងសម្បា ហើយបានធ្វើពិធីបួងសួងដាក់បណ្តាសាសុំឲ្យក្រុមហ៊ុនរលាយ អភិវឌ្ឍគម្រោងមិនបានសម្រេច។
លោកបានឲ្យដឹងទៀតថា វាគួរតែស្រុត ក្រឡាប់អគារធំៗរបស់ក្រុមហ៊ុន ព្រោះអីគេបូមខ្សាច់មកចាក់បំពេញដីទន្លេធ្វើជាអគារ មិនគួរណាស្លាប់ពលរដ្ឋស្លូតត្រង់នោះទេ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៤ អាជ្ញាធររាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋចំនួន ១៣៤គ្រួសារដែលរស់នៅលើកោះពេជ្រ ត្រូវរុះរើលំនៅឋានរបស់ខ្លួនទៅទីតាំងថ្មី ដោយអាជ្ញាធរបានផ្តល់ជាសំណងត្រឹមតែ ២ដុល្លារក្នុងដីមួយម៉ែត្រការ៉េ ប៉ុន្តែដោយសារតែមានការតវ៉ាជាច្រើនលើក ធ្វើឲ្យតម្លៃកើនពី ២ដុល្លារទៅ ៥ដុល្លារ រហូតដល់ ១២ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លំនៅឋានរបស់ប្រជាពលរដ្ឋត្រូវបានរុះរើទាំងស្រុងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៥។
ដីកោះពេជ្រទំហំ ១០០ហិកតារដែលនៅប្រសព្វនឹងទន្លេបួនមុខនេះ ត្រូវបានអភិវឌ្ឍនៅឆ្នាំ២០០៦ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (Overseas Cambodian Investment Corporation) របស់អ្នកឧកញ៉ា ពុង ឃាវសែ ស្ថាបនិកធនាគារកាណាឌីយ៉ា ដែលពលរដ្ឋទូទៅដឹងថាជាឈ្មួញឈរឈ្មោះរកស៊ីឲ្យគ្រួសារត្រកូលហ៊ុនលើគ្រប់វិស័យ បន្ទាប់ពីក្រុមហ៊ុនដ៏មានឥទ្ធិពលមួយនេះបានបង្ខំឱ្យពលរដ្ឋប្រមាណ ៣០០គ្រួសារនៅទីនោះលក់ដីទៅឱ្យក្រុមហ៊ុនក្នុងតម្លៃដ៏ទាបមួយ។
ក្រុមហ៊ុនកម្ពុជាដ៏ធំមួយនេះបានលក់ដីមួយចំនួនបន្ត ឬវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនឯកជនមួយចំនួនទៀត ដើម្បីសាងសង់សំណង់ទំនើបៗដែលមានតម្លៃសរុបជាច្រើនពាន់លានដុល្លារ។ គម្រោងធំៗទាំងនោះមានដូចជា៖
- គម្រោង Riviera ដែលមានតម្លៃ ៧០០លានដុល្លារដែលមានខុនដូ ៣៣ជាន់ចំនួន ៣អគារ ខុនដូ ២៩ជាន់ចំនួន ២អគារ
- អាងហែលទឹក
- ផ្សារទំនើប
- មន្ទីរពេទ្យ
- និងសាលារៀនលំដាប់អន្តរជាតិ ដែលបានបញ្ចប់នៅឆ្នាំ២០១៧
- គម្រោងខុនដូ Casa Meridian
- គម្រោងផ្សារទំនើប La Siene
- គម្រោងបុរីវរជន
- និងគម្រោងសំណង់អគារពេជ្រដែលមានកម្ពស់រហូតដល់ ៥៥៥ម៉ែត្រ ជាដើម។
កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ សោកនាដកម្មមួយដែលគេហៅថា «រត់ជាន់គ្នា» បានធ្វើឲ្យមនុស្សស្លាប់ចំនួន ៣៥១នាក់ ហើយអ្នករងរបួសមានចំនួន ៣៩៥នាក់ ដែលក្រោយហេតុការណ៍នេះធ្វើឲ្យអ្នកខ្លះនឹកទៅដល់ការបណ្តេញប្រជាពលរដ្ឋចេញពីកោះនេះយ៉ាងឈឺចាប់។
ភ្លាមៗនៃហេតុការណ៍ដ៏គួររន្ធត់នោះ តំបន់ជិតស្ពានពេជ្រពេលនោះជះក្លិនឆ្អាបឈាម និងមានគំនរស្បែកជើង ខោអាវនៃអ្នកស្លាប់រាយប៉ាយពេញស្ពាន និងផ្ទៃច្រាំងទន្លេបាសាក់។ ចំណែករដ្ឋាភិបាលបានបង្កើតគណៈកម្មការដោះស្រាយការងារបន្ទាន់លើករណីឧបទ្ទវហេតុនេះ ដោយរកឃើញមានអ្នកស្លាប់ ៣៥០នាក់ អ្នករងរបួសធ្ងន់ដែលតម្រូវយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមាន ៣៩៥នាក់។

រដ្ឋាភិបាលបានចាត់ចែងបញ្ជូនសាកសពទៅតាមលំនៅឋានតាមស្រុកកំណើត និងឧបត្ថម្ភថវិកាដល់គ្រួសារសពនីមួយៗ ប៉ុន្តែរដ្ឋាភិបាលមិនបានចាប់អ្នកទទួលខុសត្រូវណាម្នាក់ក្នុងព្រឹត្តិការណ៍នេះមកដាក់ទោស ឬទទួលកំហុសឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលនោះបានហៅព្រឹត្តិការណ៍នោះថាជាសេនាកម្មរបស់ខ្មែរបន្ទាប់ពីរបបខ្មែរក្រហម និងបានសម្រក់ទឹកភ្នែក ដោយនិយាយថា វាជាហេតុការណ៍អាក្រក់ដែលគ្មានអ្នកណាម្នាក់ចង់ឲ្យកើតឡើងទេ។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាបានយកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃកាន់ទុក្ខជាតិ។
ដើម្បីជាការចងចាំ អាជ្ញាធររាជធានីភ្នំពេញក៏បានសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅមិនឆ្ងាយប៉ុន្មានពីទីតាំងស្ពានពេជ្រ ដែលឥឡូវប្រែមកជាស្ពានថ្ម។ រៀងរាល់ឆ្នាំ ក្រុមគ្រួសារជនរងគ្រោះអ្នកស្លាប់ បាននាំគ្នាមកធ្វើពិធីបង្សុកូលនៅទីនេះ។ ជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃខួប ២២ វិច្ឆិកា អាជ្ញាធររាជធានីភ្នំពេញបាននិមន្តព្រះសង្ឃរៀបចំពិធីបុណ្យបង្សុកូល សូត្រមន្តឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងបានអញ្ជើញសាច់ញាតិមកចូលរួមពិធីបុណ្យ។

ភ្លាមៗក្រោយហេតុការណ៍មនុស្សរត់ជាន់គ្នាស្លាប់ អាជ្ញាធរបានវាយកម្ទេចស្ពាននេះចោលដោយមិនបង្អង់យូរឡើយ ដោយជំនួសមកវិញនូវស្ពានថ្មពីរសម្រាប់ធ្វើដំណើរទៅវិញទៅមក។ បច្ចុប្បន្ន ទីតាំងនេះបានក្លាយជាកន្លែងជួបជុំដ៏ពេញនិយម ដោយហាងអាហារត្រៀបត្រាពាសពេញ ខ្លះលក់ម្ហូបចិន កូរ៉េ និងម្ហូបខ្មែរក៏មាន។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា បានឲ្យដឹងថា អស់រយៈពេល ១២ឆ្នាំក្រោយព្រឹត្តិការណ៍ជាន់គ្នាស្លាប់ អាជ្ញាធរបានបង្កើនការគ្រប់គ្រងនៅក្នុងពិធីបុណ្យអុំទូកម្តងៗ ហើយឆ្នាំខ្លះ រដ្ឋាភិបាលក៏បានផ្អាកពិធីបុណ្យអុំទូកនេះ។
លោកបានឲ្យដឹងទៀតថា លោកចង់ឲ្យអាជ្ញាធរស៊ើបអង្កេត និងរកអ្នកទទួលខុសត្រូវ ដើម្បីធ្វើជាគំរូក្នុងរឿងនេះ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសាររងគ្រោះ និងការពារកុំឲ្យកើតមានតទៅទៀតនៅពេលក្រោយ។
លោកបានឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅក្នុងឆ្នាំ២០១០ កាលនោះ មានលោក កែប ជុតិមា ជាអភិបាលក្រុង និងលោក ទូច ណារ័ត្ន ជាស្នងការនគរបាលរាជធានីភ្នំពេញ។ អាជ្ញាធរក្រុងភ្នំពេញដែលជាអ្នករៀបចំចាត់ចែងពិធីបុណ្យ និងជាអ្នកធានានូវសុខសុវត្ថិភាពពលរដ្ឋ គួរចេញមុខទទួលខុសត្រូវចំពោះសោកនាដកម្មដែលបានកើតឡើង ដូចជាត្រូវក្លាហានប្រកាសចុះចេញពីតំណែងដូចនៅបរទេស ឬមួយរដ្ឋាភិបាលត្រូវហ៊ានដាក់ពិន័យរដ្ឋបាលចំពោះការធ្វេសប្រហែសរបស់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ជាដើម។
ហេតុការណ៍ប្រជ្រៀតជាន់គ្នាស្លាប់នោះ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅក្នុងសង្កាត់ Itaewon ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានមនុស្សយ៉ាងហោចណាស់ ១៥៣នាក់បានប្រជ្រៀតជាន់គ្នាស្លាប់ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ Halloween។
ក្រោយពីព្រឹត្តិការណ៍នោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានប្រកាសអំពីការកាន់ទុក្ខទូទាំងប្រទេស និងបានចាត់ទុកសង្កាត់ Itaewon នៅក្នុងទីក្រុងសេអ៊ូល ថាជាតំបន់គ្រោះមហន្តរាយបន្ទាប់ពីមានហេតុការណ៍ប្រជ្រៀតជាន់គ្នាស្លាប់បានកើតឡើងនៅទីនោះ។
លោកប្រធានាធិបតី Yoon បានសម្ដែងមរណទុក្ខចំពោះជនរងគ្រោះ និងបានជូនពរអ្នករងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នានេះឱ្យឆាប់ជាសះស្បើយ។
ហេតុការណ៍ប្រជ្រៀតជាន់គ្នានេះ គឺជាហេតុការណ៍ដ៏អាក្រក់បំផុតមួយនៅកូរ៉េខាងត្បូង និងជាហេតុការណ៍ប្រជ្រៀតជាន់គ្នាដ៏អាក្រក់បំផុតនៅលើពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ៕