លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលនូវការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានស្នើឱ្យដោះលែងសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ជំរុញឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងបើកលំហសិទ្ធិនយោបាយក្នុងជំនួបទ្វេភាគីកាលពីអំឡុងកិច្ចប្រជុំអាស៊ាន បើទោះបីជាសហរដ្ឋអាមេរិកអះអាងថាជាការពិត។
បុរសខ្លាំងក្រាញអំណាចជាង ៤ទសវត្ស លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីបិទសន្និបាតជាតិខួប ៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ក្នុងកំណត់ហេតុនៃជំនួបទ្វេភាគីរបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មិនបានបង្ហាញថាលោក ចូ បៃដិន បានស្នើឱ្យដោះលែងកញ្ញា សេង ធារី នោះទេ ហើយលោកក៏មិនបានឮមេដឹកនាំអាមេរិកលើកឡើងពីបញ្ហានេះដែរ។
បុរសខ្លាំងដែលតែងគំរាមកម្ទេចក្រុមប្រឆាំង លោក ហ៊ុន សែន អះអាងថា ក្រៅពីការលើកឡើងថាមេដឹកនាំអាមេរិកដែលបានស្នើឱ្យលោកដោះលែងកញ្ញា សេង ធារី ក៏មានការលើកឡើងដែរថា អគ្គលេខាធិការអង្គការសហប្រជាជាតិបានមកស្ដីបន្ទោសឱ្យរូបលោក ជុំវិញការរំលោភសិទ្ធិមនុស្សនៅកម្ពុជា គឺសុទ្ធតែជារឿងមិនពិតទាំងអស់ ព្រោះថារាល់ពេលដែលលោកជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលកន្លងមក គេមិនដែលលើកឡើងពីបញ្ហាផ្ទៃក្នុងរបស់កម្ពុជានោះទេ។
មេដឹកនាំបក្សកាន់អំណាចដែលល្បីខាងរំលោភសិទ្ធិមនុស្ស លោក ហ៊ុន សែន អំពាវនាវឱ្យក្រុមអ្នកវិភាគប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការវិភាគ ជុំវិញជំនួបទ្វេភាគីរវាងមេដឹកនាំកម្ពុជា និងមេដឹកនាំអាមេរិក ព្រោះថាការលើកឡើងជុំវិញការជំរុញឱ្យមានការដោះលែងកញ្ញា សេង ធារី គឺឃ្លាតចាកពីខ្លឹមសារនៃជំនួបរបស់លោកជាមួយមេដឹកនាំអាមេរិកហួសហេតុពេក ដែលលោកមិនអាចទទួលយកបាន។
លោក ហ៊ុន សែន ថ្លែងបន្តទៀតថា ចំណែកក្នុងជំនួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស មិនបានស្នើលោកឲ្យធ្វើនេះធ្វើនោះទាក់ទងនឹងកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ ប៉ុន្តែបែរជាសារព័ត៌មានមួយចំនួនចុះផ្សាយថា អគ្គលេខាធិការរូបនេះជំរុញឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងបើកលំហសិទ្ធិនយោបាយឡើងវិញ។
បុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំរូបនេះបានបង្ហាញការហួសចិត្ត ដោយចាត់ទុកការចុះផ្សាយថាជាការបំផុសព័ត៌មានដោយមនុស្សមួយក្រុម ដោយសារក្នុងជំនួបនោះ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស មិនបាននិយាយរឿងកិច្ចការផ្ទៃក្នុងកម្ពុជាទេ ប៉ុន្តែអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានលើកបញ្ហាមីន ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ លើបញ្ហាការកាត់ទោសខ្មែរក្រហម។
មន្ត្រីទំនាក់ទំនងសាធារណៈរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី លីហ្សា ឡាសុន (Lisa Lason) បានឆ្លើយតបសំណួរសារព័ត៌មានវីអូឌី (VOD) តាមប្រព័ន្ធទំនាក់ទំនងអ៊ីមែលនៅថ្ងៃទី២២ ខែវិច្ឆិកា ថា សន្តិភាព និងសន្តិសុខរបស់ពលរដ្ឋអាមេរិកនៅក្រៅប្រទេស គឺជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាលប្រទេសលោកសេរីមួយនេះ។
លោកស្រីបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន នៅកម្ពុជា លោកពិតជាបានស្នើឱ្យប្រមុខរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជននយោបាយបក្សប្រឆាំង រួមទាំងកញ្ញា សេង ធារី ផងដែរ។

ក្នុងជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា លោក ចូ បៃដិន បានជំរុញឲ្យលោក ហ៊ុន សែន បើកលំហសិទ្ធិនយោបាយសម្រាប់ពលរដ្ឋខ្មែរឡើងវិញមុនការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ និងអំពាវនាវឲ្យមានការដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួនពីបទចោទប្រកាន់ពាក់ព័ន្ធនឹងរឿងនយោបាយ ព្រមទាំងអំពាវនាវឱ្យដោះលែងពលរដ្ឋខ្មែរអាមេរិកាំង កញ្ញា សេង ធារី ផងដែរ។
សេតវិមានបញ្ជាក់ថា លោក ចូ បៃដិន ក៏បានរំលឹកឡើងវិញនូវការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកផងដែរថា អាមេរិកនៅតែប្រកាន់ជំហរឥតងាករេចំពោះប្រជាពលរដ្ឋកម្ពុជាសម្រាប់បំណងប្រាថ្នារបស់ពួកគេ ដែលចង់បានប្រជាធិបតេយ្យ និងឯករាជភាពជាតិរបស់ខ្លួន។
ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) ដែលបានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ក៏បានអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានដល់សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសហការធ្វើការងារជាមួយអង្គការសង្គមស៊ីវិលឡើងវិញដែរ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ វិច្ឆិកា នេះថា ការលើកឡើងរបស់មេដឹកនាំកម្ពុជាបែបនេះ គឺជាការប្រមាថទៅលើប្រធានាធិបតីអាមេរិកយ៉ាងធ្ងន់ធ្ងរ ព្រោះថាសេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់យ៉ាងច្បាស់។
ការសំអាងតែទៅលើភាពសម្ងាត់របស់គាត់ដែលបានជជែកជាមួយប្រធានាធិបតីអាមេរិក ហើយព្យាយាមបដិសេធគ្រប់រឿងជុំវិញការទាមទាររបស់សហរដ្ឋអាមេរិកក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញបែបនេះ គ្រាន់តែបង្ហាញថា លោក ហ៊ុន សែន គឺជាមេដឹកនាំមួយរូបដែលគ្មានសីលធម៌នយោបាយការទូត និងជាមេដឹកនាំដែលគ្មានការទទួលខុសត្រូវប៉ុណ្ណោះ។
លោក គឹម សុខ រិះគន់ថា ព្រោះតែមិនចង់ស្ដារប្រជាធិបតេយ្យ ខ្លាចខូចផែនការផ្ទេរអំណាចឲ្យកូនប្រុសបង្កើតរបស់ខ្លួន លោក ហ៊ុន សែន សុខចិត្តបិទត្រចៀក បិទភ្នែក មិនស្ដាប់ មិនអាន មិនគិត មិនព្រមទទួលស្គាល់ការជំរុញរបស់ប្រធានាធិបតីអាមេរិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិដែលទាមទារឲ្យបើកលំហសេរីភាព សិទ្ធិពលរដ្ឋ សិទ្ធិសង្គមស៊ីវិល និងសិទ្ធិនយោបាយរបស់ពលរដ្ឋដូចអ្វីដែលគាត់កំពុងអនុវត្តសព្វថ្ងៃនេះ៕