តំណាងសមាជិកសភាអូស្ត្រាលី អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងស្នើឲ្យដោះស្រាយបញ្ចប់វិវាទការងារដ៏គួរឲ្យអស់សំណើចនេះ។
លោក Julian Hill តំណាងសមាជិកសភាអូស្ត្រាលី បានថ្លែងនៅក្នុងកិច្ចប្រជុំតំណាងសមាជិកសភាអូស្ត្រាលី ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែអាក្រក់ទៅៗ ដែលធ្វើឲ្យមានការព្រួយបារម្ភចំពោះដំណើរការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។
លោកបានបន្តថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់ចុងក្រោយបំផុត គឺករណីចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពនៅកាស៊ីណូណាហ្គាវើលដ៍។ លោកមានការភ្ញាក់ផ្អើលដោយផ្ទាល់នឹងករណីនេះ។ លោកថា កញ្ញា ស៊ីថរ គឺជានារីវ័យក្មេងដ៏អស្ចារ្យម្នាក់ដែលបានមកញ៉ាំកាហ្វេជាមួយលោកកាលពី ៨ថ្ងៃមុន នៅទីក្រុងមែលប៊ន។
លោកបានថ្លែងថា កញ្ញា ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួនគាត់ដោយហេតុថាគាត់បានធ្វើដំណើរទៅក្រៅប្រទេស ហើយការធ្វើដំណើរនេះ គឺខុសលក្ខខណ្ឌធានារបស់គាត់។ ជាក់ស្តែងគ្មាននរណាម្នាក់ធ្លាប់ប្រាប់គាត់អំពីលក្ខខណ្ឌនោះទេ វាមិនសមហេតុផលទាល់តែសោះ។
លោកថា ដូចគ្នានឹងថ្នាក់ដឹកនាំសហជីពដទៃទៀត កញ្ញា ស៊ីថរ បានទទួលរងការគំរាមកំហែងអស់រយៈពេលយូរឆ្នាំហើយ។
លោកអះអាងថា គាត់ត្រូវបានចាប់ដាក់គុកដោយសារគាត់បានក្រោកឈរឡើងដើម្បីការពារកម្មករនិយោជិត ១៣០០នាក់ ដែលក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ឈប់ពីការងារដោយខុសច្បាប់ដែលក្រុមហ៊ុននេះជាកម្មសិទ្ធិរបស់មហាសេដ្ឋីជនជាតិម៉ាឡេស៊ី ដែលមានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងគ្នាជាមួយនឹងក្រុមហ៊ុន Blackstone ជាម្ចាស់កាស៊ីណូ Crown ដែលពួកគេគ្រាន់តែទាមទារប្រាក់សំណងត្រឹមត្រូវតាមច្បាប់ និងទាមទារឲ្យមានការងារធ្វើសម្រាប់បុគ្គលិកដែលនៅតែចង់ធ្វើការនៅទីនោះ។
លោក Julian Hill ថាកញ្ញា ស៊ីថរ បានមកអូស្ត្រាលី ជាប្រតិភូរបស់អង្គការ APHEDA ដើម្បីចូលរួមមហាសន្និបាតរបស់សហភាពសហជីពអន្តរជាតិ (ITUC) នៅទីក្រុងមែលប៊ន។ នៅពេលដែលលោកបានជួបជាមួយកញ្ញា ស៊ីថរ ក៏គាត់មិនមានផែនការផ្តួលរំលំរបស់ជើងកាងរបស់លោក ហ៊ុន សែន ទេ ហើយគាត់ក៏គ្មានគោលបំណងនាំមកនូវការធ្លាក់ចុះមូលធននិយម ឬអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាទេ។
គាត់គ្រាន់តែនិយាយអំពីបទពិសោធន៍ថ្មីដែលបានមកពីទីក្រុងមែលប៊ន ហើយនិងបញ្ហាប្រឈមរបស់គាត់ រួមទាំងថ្នាក់ដឹកនាំសហជីពនៅទូទាំងពិភពលោក។
លោក Julian Hill អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ ហើយក៏អំពាវនាវឲ្យម្ចាស់ក្រុមហ៊ុនណាហ្គាវើលដ៍ប្រព្រឹត្តទៅដោយសមរម្យ និងបញ្ចប់វិវាទការងារដ៏គួរឲ្យអស់សំណើចនេះ។ លោកនឹងនិយាយជាមួយរដ្ឋមន្ត្រីកិច្ចការបរទេសរបស់ប្រទេសអូស្ត្រាលី ដើម្បីមើលថា ស្ថានទូតយើងអាចធ្វើអ្វីបានដើម្បីនិយាយនៅក្នុងប្រទេសកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិល ជំរុញឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយពួកគេចាត់ទុកថាការចាប់ខ្លួននេះមានភាពមិនច្បាស់លាស់ក្នុងការអនុវត្តច្បាប់ បន្ទាប់ពីអាជ្ញាធរចាប់ឃុំខ្លួនក្រោយពីកញ្ញាត្រឡប់មកពីប្រជុំនៅប្រទេសអូស្ត្រាលី វិញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា ការចាប់ និងឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ គឺជារឿងមិនសមហេតុផល ពីព្រោះកញ្ញាមិនធ្លាប់បានផ្ដិតមេដៃទៅលើដីកា ឬសេចក្តីសម្រេចណាមួយរបស់តុលាការឡើយ។ លោកថា ការចាប់ខ្លួនគួរតែធ្វើនៅពេលកញ្ញារៀបចំចេញពីកម្ពុជា មិនមែនត្រឡប់មកវិញ ទើបបានចាប់ខ្លួនបែបនេះទេ ហើយកញ្ញាក៏គ្មានចេតនាគេចវេះពីលក្ខខណ្ឌរបស់តុលាការនោះដែរ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីខែមករា ឆ្នាំ២០២២ ក្រោយពេលសហជីពកញ្ញាចាប់ផ្ដើមធ្វើកូដកម្មអហិង្សាទាមទាររកដំណោះស្រាយការងារពីភាគីក្រុមហ៊ុនបនល្បែងមួយនេះ។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនយ៉ាងហិង្សាកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ អំឡុងពេលព្យាយាមចូលរួមធ្វើកូដកម្មជាមួយកូដករផ្សេងទៀត ហើយត្រូវបានជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារអស់រយៈពេល ២ខែ ជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួនចំនួន ១០នាក់ផ្សេងទៀតមុនពេលមានការដោះលែងឱ្យនៅក្រៅឃុំវិញកាលពីខែមីនា ឆ្នាំនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអះអាងថា នៅកម្ពុជាមានតែសហជីពស្និទ្ធនឹងថៅកែទេ ដែលអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍រងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត៕