33 C
Phnom Penh

សង្គម​ស៊ីវិល៖ កម្ពុជា​នឹង​ខូច​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ​ដោយសារ​ជាប់​ចំណាត់ថ្នាក់​មិន​ល្អ​ក្នុង​កំណត់ត្រា​របស់​អង្គការ​សហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រមាន​ថា នៅ​ពេល​ដែល​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​មិន​ល្អ​ក្នុង​យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល (UPR) របស់​អង្គការ​សហប្រជាជាតិ នោះ​កម្ពុជា​នឹង​ខូច​កេរ្តិ៍ឈ្មោះ​ធ្ងន់ធ្ងរ​លើ​ឆាក​អន្តរជាតិ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ផល​ប្រយោជន៍​របស់​កម្ពុជា​ជាច្រើន​ផ្សេង​ដែរ​ដោយសារតែ​បញ្ហា​នេះ។

អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ឧសភា នេះ​ថា នៅ​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​ដាក់​ក្នុង​យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល Universal Periodic Review (UPR) គឺជា​ភស្តុតាង​មួយ​បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ​នៅតែ​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​ពួកគេ​ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​ជា​ប្រចាំ។ ជាក់ស្តែង អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ តែង​រក​ឃើញ​នូវ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​រហូត​មក។

លោក ឃុន ថារ៉ូ លើកឡើង​ថា សព្វថ្ងៃ​នេះ គេ​រក​ឃើញ​ថា ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ សិទ្ធិ​ជួបជុំ សិទ្ធិ​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី សិទ្ធិ​លំនៅឋាន និង​សិទ្ធិ​ជាច្រើន​ទៀត បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ដែល​បង្ហាញ​ថា កម្ពុជា​មិន​មាន​ឆន្ទៈ និង​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​នូវ​គោលការណ៍​សិទ្ធិមនុស្ស​ឱ្យ​បាន​ល្អ​ប្រសើរ​ទេ ដែល​ទង្វើ​នេះ​គឺ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​កតិកាសញ្ញា និង​អនុសញ្ញា​ស្នូល​ស្ដីពី​សិទ្ធិមនុស្ស សិទ្ធិ​សេរីភាព​នយោបាយ សិទ្ធិ​បង្កើត​សហជីព និង​សិទ្ធិ​ជាច្រើន​ទៀត​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ច្បាប់​មួយ​ចំនួន​ដែល​មិន​ស្រប​នឹង​គោលការណ៍​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នោះ​ឡើយ ដូចជា​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ច្បាប់​ស្ដីពី​សមាគម និង​ច្បាប់​ស្ដីពី​សហជីព ជាដើម ដោយ​បាន​រឹតត្បិត​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហជីព ព្រមទាំង​គណបក្ស​នយោបាយ​យ៉ាង​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ប្រកាស​ពី​ការ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ Universal Periodic Review (UPR) លើ​ការ​អនុវត្ត​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ។

យន្តការ UPR នេះ គឺជា​យន្តការ​ពិសេស​សម្រាប់​វាយតម្លៃ​ទៅ​លើ​កំណត់ត្រា​សិទ្ធិមនុស្ស​នៃ​រដ្ឋ​ជា​សមាជិក​ទាំងអស់​របស់​អង្គការ​សហប្រជាជាតិ ក្នុង​នោះ ប្រទេស​កម្ពុជា​ត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ចំនួន ៣​លើក​រួច​មក​ហើយ គឺ​លើក​ទី​១ នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០០៩ លើក​ទី​២ នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ និង​លើក​ទី​៣ នៅ​អំឡុង​ខែ​មករា ឆ្នាំ​២០១៩។

កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ប្រកាស​ថា ខ្លួន​នឹង​ត្រួតពិនិត្យ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា តាមរយៈ​នៃ​ការ​ត្រួតពិនិត្យ​ដោយ​ក្រុម​ការងារ​ត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) Universal Periodic Review ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្សឺណែវ លើក​ទី​៤ នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ សប្តាហ៍​នេះ។

កាលពី​ចុង​ឆ្នាំ​២០២៣ សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ដាក់​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ មុន​នឹង​មាន​យន្តការ​ដើម្បី​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ (UPR) ក្នុង​ឆ្នាំ​២០២៤ នេះ។

អាដហុក បញ្ជាក់​ថា របាយការណ៍​នេះ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​រំលោភ​ដីធ្លី ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ លំហ​សេរីភាព​នយោបាយ លំហ​សេរីភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ជាដើម ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​អនុវត្ត​ទៅ​តាម​យន្តការ​ដើម្បី​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៣ (UPR) របស់​អង្គការ​សហប្រជាជាតិ កាលពី​ដើម​ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស