32 C
Phnom Penh

អ្នក​សង្កេតការណ៍៖ រដ្ឋាភិបាល​មិនមែន​ខ្វះ​អ្នកជំនាញ​កសិកម្ម​ទេ ប៉ុន្តែ​ខ្វះ​ឆន្ទៈ​ជួយ​កសិករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​សង្គ្រោះ​ជាតិ អះអាង​ថា កម្ពុជា​មិន​មែន​ខ្វះ​អ្នកជំនាញ​ខាង​កសិកម្ម​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ជួយ​កសិករ។

លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃ​ពុធ ទី​៣០ វិច្ឆិកា នេះ​ថា ប្រសិនបើ​ការ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​បណ្ឌិត យ៉ង សាំងកុមារ អាច​ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ការ​ផលិត​របស់​កសិករ​ចុះ​ថោក និង​ជួយ​ឱ្យ​កសិផល​ឡើង​ថ្លៃ នោះ​គឺជា​រឿង​ល្អ ប៉ុន្តែ​បើ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ក្រុម​ឧកញ៉ា​ដែល​រក​ប្រយោជន៍​ឱ្យ​បក្ស​កាន់​អំណាច គឺ​មាន​ច្រើន​ណាស់​ដែល​កំពុង​កេង​ចំណេញ​លើ​កសិករ ដូច្នេះ​ពួកគេ​នឹង​មិន​ឯកភាព​នូវ​ផែនការ​របស់​បណ្ឌិត យ៉ង សាំងកុមារ ឡើយ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ផ្ទុយទៅវិញ​បើ​គាត់​ចូល​បក្ស​កាន់​អំណាច​ដោយសារតែ​ហេតុផល​ផ្ទាល់ខ្លួន​ជុំវិញ​មុខរបរ​របស់​គាត់​ដែល​រង​នូវ​បណ្តឹង​នានា ឬ​គំនាប​ណា​មួយ​ពី​បក្ស​កាន់​អំណាច​វិញ​នោះ គឺជា​ការ​សម្លាប់​ស្មារតី​អ្នក​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​គាត់​បាន​រួម​ចំណែក​បន្សល់​ទុក​នូវ​ទង្វើ​ដ៏​អាក្រក់​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កាន់តែ​បាត់បង់​ជំនឿ​ចិត្ត​លើ​អ្នក​ដែល​ស្នេហា​ជាតិ ស្នេហា​ទឹកដី​ពិតប្រាកដ​ទៅ​ថ្ងៃ​ក្រោយ។

កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា បណ្ឌិត យ៉ង សាំងកុមារ បាន​ទទួល​ឋានៈ តួនាទី ស័ក្តិសម​នឹង​សមត្ថភាព​របស់​គាត់ បន្ទាប់ពី​លោក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​អង្គារ។

ប្រភព​ដដែល​លើកឡើង​ថា លោក​សង្ឃឹម​ថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​អំណាច ធនធាន និង​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី​ឱ្យ​បណ្ឌិត យ៉ង សាំងកុមារ អាច​បំពេញ​ភារកិច្ច​បម្រើ​កសិករ​ខ្មែរ​ទៅ​តាម​គម្រោង​ដែល​គាត់​បាន​បង្ហាញ​នា​ពេល​កន្លងមក។

កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដល់​រដ្ឋាភិបាល។ ក្រោយ​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បណ្ឌិត យ៉ង សាំងកុមារ ក៏​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ភ្លាមៗ​តែម្តង។

ទាក់ទិន​នឹង​បញ្ហា​នេះ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន ត្រូវ​បាន​វិទ្យុ​បារាំង ស្រង់​សម្ដី​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ថា ប្រសិនបើ​បណ្ឌិត យ៉ង សាំងកុមារ ដែល​ជា​អ្នកជំនាញ​ខាង​កសិកម្ម​នៅតែ​បន្ត​ដំណើរ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទៀត​នោះ គឺ​មិន​ងាយ​នឹង​ប្រើប្រាស់​ជំនាញ​ដែល​គាត់​មាន​នោះ​ទេ ដូច្នេះ​ជា​រឿង​ល្អ​សម្រាប់​គាត់​ដែល​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ទទួលស្គាល់​សមត្ថភាព ដើម្បី​ឱ្យ​លោក​មាន​ឱកាស​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​ឆាប់។

មុន​ពេល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច បណ្ឌិត យ៉ង សាំងកុមារ បាន​អះអាង​កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ថា បើ​រដ្ឋាភិបាល​អាច​អនុវត្ត​នូវ​លក្ខខណ្ឌ​ទាំង ១២​ខ របស់​លោក​ឱ្យ​បាន​ត្រឹមត្រូវ គឺ​អាច​ជួយ​កសិករ​បាន​ជាង ១​លាន​គ្រួសារ​ឱ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​ក្នុង​ដំណាក់កាល​ដំបូង ហើយ​ផែនការ​កសាង​សង្វាក់​ផលិតកម្ម​នេះ គឺ​ត្រូវ​ប្រើ​ពេល​រៀបចំ​យ៉ាងតិច ៥​ឆ្នាំ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ឱ្យ​បាន​ទូទាំង​ប្រទេស។

យ៉ាងណាក៏ដោយ ក្រុម​អ្នកវិភាគ អ្នក​សង្កេតការណ៍ និង​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នានា​សុទ្ធតែ​មាន​គំនិត​អវិជ្ជមាន​ចំពោះ​ការ​សម្រេច​ចិត្ត​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​បណ្ឌិត យ៉ង សាំងកុមារ នៅ​ពេលនេះ​ដូចៗ​គ្នា ក្រោម​ហេតុផល​ថា គាត់​នឹង​មិន​អាច​ជួយ​កសិករ​តាម​ការ​អះអាង​របស់​គាត់​បាន​ទេ ប៉ុន្តែ​អាច​ត្រឹមតែ​ធ្វើ​តាម​ផែនការ​របស់​បក្ស​កាន់​អំណាច​ទៅ​ថ្ងៃ​មុខ​ទៀត​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស