34 C
Phnom Penh

លោក ហ៊ុន សែន ថា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​មិន​អាច​អនុវត្ត​ក្រោម​គ្រាប់​កាំភ្លើង​បាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ដែល​ចូលចិត្ត​អួត​ពី​សន្តិភាព​ក្រោម​អំណាច​ផ្ដាច់មុខ​របស់​ខ្លួន លោក ហ៊ុន សែន ព្រមាន​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គឺ​មិន​អាច​អនុវត្ត​ក្រោម​គ្រាប់​កាំភ្លើង​បាន​ទេ ដូច្នេះ​ការ​ថែរក្សា​សន្តិភាព​សម្រាប់​កម្ពុជា គឺជា​កត្តា​សំខាន់ និង​ចម្បង​បំផុត។

មេដឹកនាំ​ខ្មែរ​ដែល​គ្រប់គ្រង​អំណាច​តាម​តាម​បែប​យោធា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ខួប ១១​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មីនីបៀ (Minebea) នៅ​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា កុំ​រង់ចាំ​ទាល់តែ​បាត់​សន្តិភាព​អស់​ហើយ ទើប​នាំគ្នា​ស្រែក​រក​សន្តិភាព ព្រោះ​កម្ពុជា​បាន​ឆ្លងកាត់​នូវ​បទពិសោធន៍​ដ៏​ជូរចត់​ក្នុង​ពេល​អតីតកាល​ម្តង​រួច​មក​ហើយ គឺ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ហើយ​បើ​របប​នេះ​បន្ត​ដល់​សព្វថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក៏​គ្មាន​អាយុជីវិត​រស់នៅ​បាន​ដែរ។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ចូលចិត្ត​គំរាម​សម្លាប់​ក្រុម​ប្រឆាំង លោក ហ៊ុន សែន អះអាង​ថា​ដោយសារតែ​កម្ពុជា​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នានា​នាំគ្នា​សម្រុក​ចូល​ទៅ​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើងៗ​បច្ចុប្បន្ន​នេះ ស្រប​ពេល​ដែល​ប្រទេស​អ៊ុយក្រែន កំពុង​ផ្ទុះ​សង្គ្រាម​ត្រូវ​ក្រុមហ៊ុន​វិនិយោគទុន​ធំៗ​ដក​ខ្លួន​ចេញ​ជា​បន្តបន្ទាប់ ខណៈ​ក្រុមហ៊ុន​ដទៃ​ទៀត​ក៏​មិន​ហ៊ាន​ចូល​ទៅ​វិនិយោគ​ដែរ ស្រប​ពេល​កម្ពុជា​ត្រូវ​ក្រុមហ៊ុន​ជាច្រើន​នាំគ្នា​សុំ​សិទ្ធិ​ចូល​វិនិយោគ​ព្រោងព្រាត។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​រង​នូវ​ការ​រិះគន់​ជុំ​ទិស​ជុំវិញ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​រង​នូវ​ការ​រឹតត្បិត និង​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ធ្ងន់ធ្ងរ​ពី​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព និង​មាន​ស្ថិរភាព​នយោបាយ​ពិតប្រាកដ ទាល់តែ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ឱ្យ​បាន​ពេញលេញ ប៉ុន្តែ​ការ​ដឹកនាំ​តាម​របៀប​រំលោភ​បំពាន​ច្បាប់​របស់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន​នេះ គ្រាន់តែ​ជា​សន្តិភាព​សម្រាប់​អ្នក​មាន​អំណាច​តែប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ខ្មែរ​រស់​ក្នុង​ភាព​ភ័យខ្លាច​ដូច​ក្នុង​សម័យ​សង្គ្រាម​ដដែល។

លោក គឹម សុខា លើកឡើង​ថា ការ​គ្រប់គ្រង និង​គាប​សង្កត់​របស់​លោក ហ៊ុន សែន ដែល​ដឹកនាំ​ដោយ​ការ​រំលោភ​ទៅ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​យ៉ាង​ព្រៃផ្សៃ​សព្វថ្ងៃ​នេះ គឺជា​ភស្តុតាង​យ៉ាង​ជាក់ច្បាស់​ពី​ការ​បំផ្លាញ​សន្តិភាព និង​បង្ក​អសន្តិសុខ​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា​ទាំងមូល។

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​បញ្ជាក់​ថា ពាក្យ​ថា​សង្គ្រាម​មិនមែន​សំដៅ​តែ​លើ​ការ​ប្រើ​កាំភ្លើង​នោះ​ទេ ប៉ុន្តែ​ការ​ឈ្លានពាន​គ្រប់​វិធីសាស្ត្រ និង​គ្រប់​រូបភាព​ពី​ប្រទេស​ជិតខាង និង​ការ​គំរាមកំហែង​របស់​មេដឹកនាំ​លើ​ពលរដ្ឋ​ខ្លួនឯង គឺ​ល្មម​គ្រប់គ្រាន់​អាច​បញ្ជាក់​បាន​ហើយ​ថា កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​យ៉ាង​ពិតប្រាកដ ព្រោះ​ថា​បច្ចុប្បន្ន​នេះ សង្គ្រាម​ប្រជាសាស្ត្រ​នៃ​ការ​បង្ហូរ​និគមជន​វៀតណាម​ចូល​កម្ពុជា​ជា​រៀង​រាល់ថ្ងៃ​ចាប់តាំងពី​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​មក ខណៈ​ពលរដ្ឋ​ដែល​តវ៉ា​ពី​បញ្ហា​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​គុក​គ្រប់ៗ​គ្នា។

លោក គឹម សុខ បន្ថែម​ថា ការ​រំលោភ​ដីធ្លី ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តវ៉ា ការ​អនុវត្ត​ច្បាប់​ដែល​ការពារ​តែ​អ្នក​មាន​អំណាច និង​ការ​ប្រកាស​តាម​កម្ទេច​ក្រុម​ប្រឆាំង​ដល់​អាយុជីវិត​ពី​សំណាក់​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ គឺ​សុទ្ធសឹងតែ​ជា​សញ្ញា​ដែល​បង្ហាញ​ពី​រូបភាព​អសន្តិសុខ​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ស្រប​ពេល​ដែល​លោក ហ៊ុន សែន តែង​ប្រកាស​ពី​ការ​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​ដើម្បី​ការពារ​សន្តិភាព​ដែល​គេ​មើល​ឃើញ​ថា ជា​សន្តិភាព​សម្រាប់​តែ​ក្រុម​គាត់​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពិត​មែន​តែ​កម្ពុជា​មិន​មាន​សំឡេង​គ្រាប់​ផ្លោង​ដាក់​គ្នា ប៉ុន្តែ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ធ្វើ​ឱ្យ​មាន​សំឡេង​ទ្រហោ​យំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទីកន្លែង ដោយសារ​ការ​រំលោភ​យក​ដីធ្លី ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តវ៉ា​ដើម្បី​សេរីភាព និង​ការ​បិទ​ខ្ទប់​សេរីភាព​បញ្ចេញមតិ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ​ជាង ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​បង្កើត​ឱ្យ​មាន​នូវ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ការ​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​តាមរយៈ​នៃ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​នានា ការ​បង្កើត​ឱ្យ​មាន​អំពើ​និទ្ទណ្ឌភាព​ជុំវិញ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​រក​មុខ​ឃាតករ​មិន​ឃើញ ការ​បង្កើត​អំពើពុករលួយ និង​ការ​រំលោភ​ច្បាប់​នានា​ដើម្បី​ការពារ​ផល​ប្រយោជន៍​សែស្រឡាយ​បក្ខពួក​ខ្លួនឯង​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស