អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា លោក ហុង លីម ធ្វើបុណ្យផ្កាប្រាក់ដើម្បីប្រមូលថវិកាជួយដល់ក្រុមកូដករណាហ្គាវើលដ៍ ដែលកំពុងដាច់ស្បៀងនៅពេលនេះ បន្ទាប់ពីពួកគេត្រូវបានភាគីខាងក្រុមហ៊ុនរំលោភសិទ្ធិការងារបញ្ឈប់ដោយគ្មានដំណោះស្រាយអស់រយៈពេលជិត ១ឆ្នាំកន្លងមក។
អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា និងជាប្រធានសហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្ម លោក ហុង លីម បានប្រកាសជាសាធារណៈនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះថា សមាគមខ្មែរវិចតូរីយ៉ា និងសហព័ន្ធខ្មែរអូស្ត្រាលី នឹងប្រារព្ធពិធីបុណ្យផ្កាប្រាក់ទ្រទ្រង់ទិវាសិទ្ធិមនុស្សអន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
លោក ហុង លីម លើកឡើងថា បុណ្យផ្កាប្រាក់ទ្រទ្រង់ទិវាសិទ្ធិមនុស្សអន្តរជាតិ នឹងធ្វើឡើងនៅសមាគមខ្មែរវិចតូយ៉ា (Cambodian Association of Victoria) ដែលនឹងចាប់ផ្តើមពីម៉ោង ៩នាទីព្រឹកដល់ម៉ោង ២រសៀល ក្នុងនោះនៅវេលាម៉ោង ៩ព្រឹក ត្រូវជួបជុំភ្ញៀវកិត្តិយស ម៉ោង ១០ព្រឹកធ្វើពិធីរាប់បាត្រ ម៉ោង ១០ និង ៣០នាទី ធ្វើពិធីបង្សុកូល នៅម៉ោង ១១ និង ១០នាទី សុន្ទរកថារបស់ប្រធានអង្គការនានា និងភ្ញៀវកិត្តិយស និងម៉ោង ១២ថ្ងៃត្រង់ទទួលទានអាហារសាមគ្គីជុំគ្នាផងដែរ។
ប្រធានសហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្ម លោក ហុង លីម អំពាវនាវឱ្យអង្គការខ្មែរនានាក្នុងរដ្ឋវិចតូរីយ៉ាចូលរួមឱ្យបានច្រើនកុះករ ដើម្បីបង្ហាញនូវការគាំទ្រ និងរួមចំណែកក្នុងបុព្វហេតុការពារសិទ្ធិមនុស្សនៅកម្ពុជាដោយការបរិច្ចាគថវិកាជួយដល់បុគ្គលិក និងកម្មករដែលត្រូវក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់ពីការងារដោយគ្មានដំណោះស្រាយតាំងពីខែមេសា ឆ្នាំ២០២១ មក។
លោក ហុង លីម បញ្ជាក់ថា ការធ្វើពិធីបុណ្យផ្កាប្រាក់នេះ គឺបន្ទាប់ពីមានការជួបពិភាក្សាគ្នាជាមួយតំណាងសមាគមខ្មែររដ្ឋវិចតូរីយ៉ាជាមួយមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ដែលមកចូលរួមកិច្ចប្រជុំនៅប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ និងត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនអំឡុងពេលដែលកញ្ញាត្រឡប់ទៅដល់ប្រទេសកម្ពុជាវិញ ដូច្នេះអង្គការនានាដែលមានបំណងចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់នេះ សូមធ្វើការទាក់ទងទៅលោក ហុង លីម លោក តាក ម៉េងហ៊ាង និងលោក ជា យូហ៊ន ដែលជាអ្នកតំណាងសម្រាប់ពិធីបុណ្យនេះ។
ការធ្វើពិធីបុណ្យផ្កាប្រាក់នេះ ធ្វើឡើងដើម្បីរៃអង្គាសថវិកាជួយដល់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវបានថៅកែក្រុមហ៊ុនរំលោភសិទ្ធិការងារបញ្ឈប់ទាំងបង្ខំដោយគ្មានសំណងតាមច្បាប់ចាប់តាំងពីខែមេសា ឆ្នាំ២០២១ មក។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍ បានប្រកាសគម្រោងកាត់បន្ថយបុគ្គលិកចំនួនជាង ១៣០០នាក់ក្រោមហេតុផលជួបវិបត្តិកូវីដ-១៩ ប៉ុន្តែការបញ្ឈប់បុគ្គលិកទាំងនេះ ត្រូវកម្មករទាំងនោះអះអាងថា ក្រុមហ៊ុនមានចេតនារំលាយថ្នាក់ដឹកនាំសហជីពដែលតែងប្រឆាំងនឹងការរំលោភសិទ្ធិការងាររបស់ក្រុមហ៊ុនលើបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍រហូតមក។
ក្រោយការបញ្ឈប់អស់រយៈពេល ៧ខែ និងមិនមានការផ្តល់សំណងត្រឹមត្រូវតាមច្បាប់ការងារ ក្រុមបុគ្គលិកដែលក្រុមហ៊ុនបានបញ្ឈប់ទាំងជាង ៣០០នាក់នោះ បាននាំគ្នាចេញធ្វើកូដកម្មអហិង្សានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មករនិយោជិតចូលរួមជិត ១៣០០នាក់ មានទាំងកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះផង បានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ៣៦៥នាក់ ក្នុងចំណោមកម្មករនិយោជិត ១៣០០នាក់ដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារដោយគ្មានសំណងទាំងនោះ។
យ៉ាងណាក៏ដោយ បន្ទាប់ពីមានការតវ៉ា អាជ្ញាធរក្រុងភ្នំពេញបានចេញអន្តរាគមន៍បង្ក្រាបទៅលើហ្វូងកូដករអហិង្សាយ៉ាងធ្ងន់ធ្ងរ ក្រោមហេតុផលថា ពួកគេបានធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ ក្នុងនោះមេដឹកនាំសហជីពចំនួន ៩នាក់ត្រូវបានចាប់ឃុំខ្លួន ដូចជាកញ្ញា ឈឹម ស៊ីថរ ជាដើម ក្រោមបទចោទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងក្រោមផែនការដែលមានអង្គការចាត់តាំងពីបរទេស។
ចាប់តាំងពីថ្ងៃចាប់ផ្តើមធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នេះមានរយៈពេលជិត ១ឆ្នាំហើយ ប៉ុន្តែវិវាទនេះនៅតែគ្មានដំណោះស្រាយដដែល ខណៈប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ក៏ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនសាជាថ្មីម្តងទៀតកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បន្ទាប់ពីកញ្ញាត្រឡប់ពីប្រទេសអូស្ត្រាលីវិញ ស្របពេលដែលក្រុមកូដករមួយចំនួនផ្សេងទៀតកំពុងរងនូវបណ្តឹងនានាតាមផ្លូវតុលាការដែរនោះ៕