32 C
Phnom Penh

ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី​ទាមទារ​ឱ្យ​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី (Australian Council of Trade Unions=ACTU) ថ្កោលទោស​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ដោយ​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់ ព្រោះ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ នេះ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី ACTU កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ។

ប្រភព​ដដែល​លើកឡើង​ថា ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​កង់បេរ៉ា និង​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ដោយ​ជួប​ជាមួយ​អ្នក​នយោបាយ​អូស្ត្រាលី ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ដែល​កំពុង​ប្រឈម​ចំពោះ​កម្មករ​ខ្មែរ​ក្នុង​នាម​កញ្ញា​ជា​តំណាង​ឱ្យ​កម្មករ​រងគ្រោះ​នៅ​ប្រទេស​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​លើ​មេដឹកនាំ​សហជីព គឺជា​រឿង​អកុសល​ដែល​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​វា​ជា​រឿង​ដ៏​គួរ​ឱ្យ​រន្ធត់​ដែល​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ចំពោះ​ការ​ក្រោក​ឈរ​តវ៉ា​ដើម្បី​ភាព​ថ្លៃថ្នូរ​របស់​កម្មករ​លើ​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅ​ពេលនេះ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Patrick Murphy បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ​របស់​លោក​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា លោក​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​បញ្ចប់​ការ​កាត់ទោស​លើ​សកម្មជន​សហជីព​នានា ព្រមទាំង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​ទាំងឡាយ​ឱ្យ​ស្រប​តាម​ច្បាប់​ការងារ​របស់​ខ្លួន។

លោក Patrick Murphy បញ្ជាក់​ថា លោក​មាន​ការ​កោត​សរសើរ​កញ្ញា ឈឹម ស៊ីថរ យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​ស្ត្រី​ដែល​ជា​មេដឹកនាំ​សហជីព​កម្មករ​ពោរពេញ​ដោយ​សេចក្តី​ក្លាហាន និង​ការ​តស៊ូ​ព្យាយាម​ដោយ​សន្តិវិធី ដើម្បី​ការពារ​សិទ្ធិ​កម្មករ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ជា​លើក​ទី​២ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ ក្រោម​ហេតុផល​ថា តំណាង​កម្មករ​រូប​នេះ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ក្នុង​ពេល​ដែល​រូប​គេ​កំពុង​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ដែល​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​នៅឡើយ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ជុំវិញ​ការ​ចាប់​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ថា​ជន​ត្រូវ​ចោទ​បាន​ចាកចេញ​ពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ដែល​អំពើ​នេះ​គឺ​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​យ៉ាង​ធ្ងន់ធ្ងរ។

ទោះជា​យ៉ាងណាក៏ដោយ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦៩​ស្ថាប័ន រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ដោយ​ចាត់ទុក​ការ​ដាក់​ទោស​លើ​កញ្ញា ឈឹម ស៊ីថរ ដោយសារ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​មិន​បាន​ប្រាប់​ឲ្យ​ដឹង​មុន គឺជា​ភាព​អយុត្តិធម៌ និង​ល្មើស​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​នីតិរដ្ឋ​ផង​ដែរ។

ចំណែកឯ​សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ ITUC បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​លើ​កញ្ញា ឈឹម ស៊ីថរ ពី​ការ​អនុវត្ត​សិទ្ធិ​សហជីព និង​ការ​ចោទប្រកាន់​ថា​បាន​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការ​នៅ​ក្រៅ​ឃុំ​សម្រាប់​ការ​ចូលរួម​កិច្ចប្រជុំ​សហជីព គឺ​មិន​មាន​ភាព​ស្រប​គ្នា​ជាមួយ​នឹង​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ដោយ​ស្ម័គ្រចិត្ត​កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​១៩៩៩ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នោះ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស