30 C
Phnom Penh

លោក ហ៊ុន សែន សរសើរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​ជួយ​ជ្រោមជ្រែង​កម្លាំង​រណសិរ្ស​២​ធ្នូ​ផ្ដួល​រំលំ​របប ប៉ុល ពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កោត​សរសើរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កម្លាំង​ផ្សេងៗ​ទៀត​ដែល​បាន​ជួយ​ជ្រោមជ្រែង​កម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា «២​ធ្នូ ១៩៧៨» ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត រហូត​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។

មេដឹកនាំ​ខ្មែរ​ដែល​បណ្តុះបណ្តាល​ដោយ​រដ្ឋាភិបាល​វៀតណាម លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ ចំ​ខួប​លើក​ទី​៤៤​ឆ្នាំ​នៃ​ថ្ងៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ថា បើ​កម្ពុជា​គ្មាន​ថ្ងៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ «២ ធ្នូ ១៩៧៨» និង​ថ្ងៃ​ជ័យជម្នះ «៧ មករា ១៩៧៩» ទេ កម្ពុជា​ក៏​គ្មាន​អ្វីៗ​ដូច​ថ្ងៃ​នេះ​ដែរ ហើយ​នេះ​គឺជា​សច្ចធម៌​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិ​ខ្មែរ​ទាំងមូល។

អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្លះ​និយាយ​ថា ព្រឹត្តិការណ៍​ចុង​ទសវត្ស​១៩៧០ ជា​សច្ចធម៌​មួយ​ជ្រុង​ដែល​មនុស្ស​មើល​ឃើញ។ ចំណែកឯ​សច្ចធម៌​មួយ​ផ្ទាំង​ធំ ទាំង​មុន​និង​ក្រោយ​ថ្ងៃ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​បាន​ឃើញ មិន​បាន​ដឹង មិន​យល់​ឡើយ។ ចំណុច​ទាក់ទង​នឹង​ការ​វាយលុក​ឈ្លានពាន​នៃ​កងទ័ព​ប្រជាជន​យៀកណាម មាន​ហេតុការណ៍​កើតឡើង​តាំងពី​ឆ្នាំ​១៩៧៦ និង​ឆ្នាំ​១៩៧៧ មុន​នឹង​ឈាន​ដល់​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ និង​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។ យើង​បាន​ផ្សាយ​អត្ថបទ​ស្រាវជ្រាវ​ជាច្រើន​ភាគ​កន្លងមក​ហើយ សូម​អ្នក​ចូលចិត្ត​អាន ស្តាប់ និង​ទស្សនា​កម្មវិធី​យើង ចូល​រាវរក​ក្នុង​គេហទំព័រ​សារព័ត៌មាន The Cambodia Daily Khmer ដោយ​រីករាយ។

អតីត​មេបញ្ជាការ​កម្មាភិបាល​យោធា​ខ្មែរក្រហម​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត លោក ហ៊ុន សែន បញ្ជាក់​ថា ជ័យជម្នះ «៧ មករា ១៩៧៩» បាន​បញ្ចប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ដោយ​ប្តូរ​មក​វិញ​នូវ​សករាជ​ថ្មី​មួយ​ដែល​ប្រជាជន​ប្រទេស​នេះ​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព និង​ឱកាស​ដើម្បី​ស្ដារ​កសាង​មាតុភូមិ​របស់​ខ្លួន​ឡើងវិញ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី​៤៤​ឆ្នាំ​នៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា «២​ធ្នូ ឆ្នាំ​១៩៧៨» នៅ​សាល​សន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ។

រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ដោយ​លោក ហេង សំរិន លោក ជា ស៊ីម និង​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ការ​ជ្រោមជ្រែង​យ៉ាង​ពេញ​ទំហឹង​ពី​កងទ័ព​វៀតណាម បាន​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ទៅ​ជា​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​វិញ ដែល​បាន​ប្រើ​ជា​ផ្លូវការ​រហូត​ដល់​សព្វថ្ងៃ​នេះ។

លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ថ្លែង​អះអាង​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា លោក​ជា​អ្នក​ដឹកនាំ​ចលនា ២​ធ្នូ។ អ្នក​ស្លាប់​មិន​អាច​តវ៉ា​បាន​ទេ!!

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២១ ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​កងទ័ព​វៀតណាម​ដល់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ រហូត​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​ដោយសារ​បក្ស​កុម្មុយនីស្ត​វៀតណាម ជាមួយ​កងទ័ព និង​ប្រជាជន​វៀតណាម បាន​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​នៅ​ពេល​នោះ។ ពាក្យ​ថា «ប្រជាជន​កម្ពុជា» ជា​ភាសា​ប្រើ​ក្នុង​ការ​អប់រំ​មនោគមន៍វិជ្ជា​ម៉ាក្សីស្ត-ឡេនីនីស្ត សំដៅ​ហៅ​ជនជាតិ​ក្នុង​លទ្ធិសង្គម​និយម​អន្តរជាតិ international socialism ពោល​គឺ​ដឹកនាំ​ជាតិ​សាសន៍​ទាំងពួង ជាពិសេស​ជនជាតិ​ភាគតិច​ឲ្យ​រលាយ​ចូល​គ្នា​តែ​មួយ រួច​គេ​ប្រកាស​ថា គេ​លើកស្ទួយ និង​ទទួលស្គាល់​ជនជាតិ​ភាគតិច។

តាម​សៀវភៅ​អ្នកនិពន្ធ​បស្ចិម​ប្រទេស រដ្ឋការ​ក្រុង​ហាណូយ​ចង់​ឲ្យ​សហភាព​សូវៀត​បញ្ជូន​កងទ័ព​ជួយ​ខ្លួន​ច្បាំង​ក្នុង​សង្គ្រាម​យៀកណាម ឲ្យ​ដូច​ទ័ព​សហរដ្ឋ​អាមេរិក​ជួយ​ច្បាំង​សម្ពន្ធមិត្ត​យៀកណាម​ខាងត្បូង ប៉ុន្តែ​វិមាន​ក្រឹមឡាំង​មិន​យល់ព្រម​តាម។

នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ធ្នូ ដោយ​លើកឡើង​ជា​ចម្ងល់​ថា តើ​អាច​ទៅ​រួច​ទេ មនុស្ស​មួយ​ក្រុម​ប្រើ​ពេល​ត្រឹមតែ ១​ខែ ៥​ថ្ងៃ​អាច​វាយ​កម្ទេច​របប ប៉ុល ពត ដោយ​គ្មាន​ផែនការ​រៀបចំ​រាប់​ខែ​រាប់​ឆ្នាំ​ទុក​ជា​មុន។ ត្បិត​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ គឺជា​ថ្ងៃ​បង្កើត​រណសិរ្ស​រំដោះ​ជាតិ ប៉ុន្តែ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ស្រាប់តែ​ទទួល​បាន​ជោគជ័យ​ទាំងស្រុង វា​ហាក់ដូចជា​មិន​សម​ហេតុផល បើសិន​ជា​គ្មាន​ផែនការ​រៀបចំ​ទុក​ជា​មុន​តាំងពី​យូរ​មក​នោះ។

លោក​បន្ថែម​ថា ចម្ងល់​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ ហើយ​បកស្រាយ​មិន​បាន​នោះ គឺ​តើ​ផែនការ​នេះ​បង្កើត​ឡើង​ដើម្បី​អ្វី តើ​មាន​អ្វី​ដែល​នៅ​ពីក្រោយ​ផែនការ​នេះ?

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ដើម្បី​ស្រាយ​ចម្ងល់​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ និង​ដើម្បី​កុំ​ឱ្យ​អ្នក​នយោបាយ​ណា​ម្នាក់​កាឡៃ​ប្រវត្តិសាស្ត្រ​ខ្មែរ គឺ​មាន​តែ​កូន​ខ្មែរ​គ្រប់​រូប​នាំគ្នា​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​ទឹកដី​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​ពួកគេ​អាច​ដឹង​រឿង​ពិត​ដោយ​ខ្លួនឯង ព្រោះ​ថា​ជុំវិញ​ព្រឹត្តិការណ៍​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ និង​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នេះ​ថា​នៅ​មាន​ការ​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លាំង ក្នុង​នោះ​ខាង​ភាគី​បក្ស​កាន់​អំណាច​អះអាង​ថា ជា​ថ្ងៃ​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​របប​ប្រល័យ​ពូជសាសន៍ ខណៈ​ការ​ស្រាវជ្រាវ​ខ្លះ​រក​ឃើញ​ថា​ជា​ថ្ងៃ​ដែល​វៀតណាម​មាន​ឱកាស​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា​ទៅវិញ។

ដោយឡែក​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ធ្នូ នេះ​ដែរ​ថា បើ​គ្មាន​ក្រុម​រណសិរ្ស​សង្គ្រោះ​ជាតិ ២​ធ្នូ ដែល​រៀបចំ​រចនាសម្ព័ន្ធ​ដោយ​វៀតណាម​ចូល​រំដោះ​កម្ពុជា​ទេ កម្ពុជា​នឹង​ត្រូវ​កងកម្លាំង​របស់​អង្គការ​សហប្រជាជាតិ​ជួយ​សង្គ្រោះ​បាត់​ទៅ​ហើយ មិនមែន​រង​នូវ​ការ​ឈ្លានពាន​ទឹកដី​ពី​កងទ័ព​វៀតណាម ២០​ម៉ឺន​នាក់​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នោះ​ទេ។

លោក គឹម សុខ លើកឡើង​ថា អង្គការ​សហប្រជាជាតិ​បាន​ដឹង​រួច​ហើយ​ពី​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ពី​ទាហាន​ខ្មែរក្រហម និង​ខ្មែរ​យៀកមិញ​ក្រហម​បង្កប់ ហើយ​ពួកគេ​ក៏​គ្រោង​នឹង​បញ្ជូន​កង​កម្លាំង​រំដោះ​ទៅ​កម្ពុជា​នៅ​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​១៩៧៩ ដែរ ប៉ុន្តែ​ដោយសារ​វៀតណាម​មាន​គម្រោង​ឈ្លានពាន​ទឹកដី​ខ្មែរ ដឹង​រឿង​នេះ​មុន ក្រុង​ហាណូយ​បាន​ប្រើ​កងទ័ព ២០​ម៉ឺន​នាក់​ដែល​បាន​ត្រៀម​ទុក​ជា​មុន​តាមរយៈ​ក្រុម​រណសិរ្ស ២​ធ្នូ របស់​លោក ហ៊ុន សែន ចូល​ទៅ​ទឹកដី​កម្ពុជា​ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​ក្រុម​លោក ហ៊ុន សែន ចាត់ទុក​ជា​ថ្ងៃ​ជ័យជម្នះ ៧​មករា នោះ។

តាម​ការ​វិភាគ​ខ្លះ ក្រុង​ហាណូយ​បារម្ភ​ពីរ​រឿង គឺ​ទី​១ បាត់បង់​អស់​មនុស្ស​របស់​គេ (ខ្មែរ​យៀកមិញ) ដោយ​ការ​ចាប់​សម្លាប់​ពី​ក្រុម ប៉ុល ពត ដែល​ប្រើ តាម៉ុក និង​ទី​២ បាត់បង់​ឱកាស​ល្អ​វាយលុក​ទន្ទ្រាន​លេប​ទឹកដី​ខ្មែរ។

ពិភពលោក​អបអរ​សាទរ​នឹង​ពាក្យ​ថា ជួយ​រំដោះ​ឲ្យ​ផុត​ពី​ការ​កាប់​សម្លាប់​រង្គាល​ប្រល័យ​ពូជសាសន៍ ព្រោះ​ថា​គេ​មិន​បាន​ចំណាយ​មួយ​ដុល្លារ​សម្រាប់​ទៅ​សង្គ្រោះ​ជីវិត​ខ្មែរ​ឡើយ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ជោគជ័យ​នៃ​ការ​បង្កើត​រណសិរ្ស «២​ធ្នូ» ក៏​ជា​ជោគជ័យ​របស់​វៀតណាម ជោគជ័យ​ថ្ងៃ «៧​មករា» ក៏​ជា​ជោគជ័យ​របស់​វៀតណាម ហើយ​ពួកគេ​កំពុង​ប្រើ​រចនាសម្ព័ន្ធ​ដែល​គេ​បាន​បង្កើត​កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ នេះ ចងក្រង​កម្លាំង​របស់​ពួកគេ​បន្ត​ទៀត​តាមរយៈ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដើម្បី​លេប​យក​ទឹកដី​ខ្មែរ​ឱ្យ​បាន​ជោគជ័យ​ទាំងស្រុង​ទៅ​ថ្ងៃ​មុខ ដូច្នេះ​កំណើត​ក្រុម​រណសិរ្ស ២ ធ្នូ ១៩៧៨ គឺជា​កំណើត​ក្រុម​បំផ្លាញ​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស